ប្រធានាធិបតីអាមេរិក បង្ហាញការគាំទ្រយុវជនកម្ពុជាក្នុងគម្រោងភាពជាអ្នកដឹកនាំយុវជនអាស៊ីអាគ្នេយ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ចំពោះការពង្រឹងសមត្ថភាពយុវជនកម្ពុជានៅក្នុងគម្រោងគំនិតផ្ដួចផ្ដើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍(YSEALI)។ក្នុងពេលមានវត្តមាននៅកម្ពុជា ប្រធានាធិបតីអាមេរិក លោកបៃឌិន បានជួបនិងយុវជនជាច្រើននាក់ដែលធ្លាប់មានទំនាក់ទំនងជាមួយអាមេរិកពិសេស យុវជនដែលធ្លាប់ទៅចូលរួមក្នុងកម្មវិធី YSEALIរបស់អាមេរិក ។

បើតាមសេចក្ដីប្រកាសព័ត៌មានដែលចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ស្ថានទូតសហរដ្ឋអាមេរិកថា លោក បៃដិន មានការប្រាស្រ័យជាមួយសមាជិកនៃគម្រោងនៃគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ ឬ YSEALI ដែលអ្នកទាំងនោះជាមេដឹកនាំសង្គមស៊ីវិល និងសហគ្រិនកម្ពុជាជាដើម។

ប្រធានាធិបតីអាមេរិកនិងអ្នកទាំងនោះ បានពិភាក្សាគ្នាពីការងារផ្សេងៗរបស់គេ ដើម្បីជំរុញសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការអប់រំ ការប្រឆាំងការជួញដូរមនុស្ស និងបញ្ហាបរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជា។

លោក បៃដិន បានមានប្រសាសន៍ថា៖ «យើងពិតជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនង របស់យើងជាមួយអាស៊ាន និងទំនាក់ទំនងរបស់យើងជាមួយនឹងប្រជាជន ហើយនេះគឺជាមូលហេតុ ដែលខ្ញុំមានវត្តមាននៅទីនេះ ក្នុងពេលនេះ»។

លោក បៃដិន ក៏បានបន្ថែមថា ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមនុស្សជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍។

បើតាមកញ្ញា វ៉ាន់ ស្រីរ័ត្ន ជាសមាជិក YSEALI បានប្រាប់ថានៅក្នុងគម្រោង YSEALI នេះ មានកម្មវិធីជាច្រើនសម្រាប់បណ្ដុះបណ្ដាលយុវជន។ ហើយកម្មវិធីនេះ បច្ចុប្បន្នបានបូករួមប្រទេសមួយទៀត គឺប្រទេសទីម៉រ ដោយកម្មវិធីនេះបានផ្តោតទៅលើយុវជន ដែលនៅក្នុងប្រទេសអាស៊ាន។

កញ្ញា វ៉ាន់ ស្រីរ័ត្ន និយាយថា៖ «ខ្ញុំគិតថាអ្វីដែលជាគុណសម្បត្តិដែលខ្ញុំចូលរួមនៅក្នុងកម្មវិធីហ្នឹង ។គឺទីមួយធំបំផុត ការកសាងបណ្ដាញ ពេលដែលយើងចូលរួមទៅ គឺយើងបានស្គាល់យុវជនផ្សេងៗទៀតទាំង១០ប្រទេស ដែលយើងអាចបង្កើតទំនាក់ទំនងជាមួយគ្នា និងស្វែងយល់ពីស្ថានភាពប្រទេសនីមួយៗ»។ ដូចខ្ញុំបានចួលរួមពីកម្មវិធីពាក់ព័ន្ធទៅហ្នឹងការបម្រែបម្រួលអាកាសធាតុ អ៊ីចឹងខ្ញុំបានដឹងអំពីព័ត៌មានមួយចំនួនអំពីបញ្ហាទឹកជំនន់ក្នុងប្រទេសភីលីពីន។

កញ្ញាបន្តថា ៖«យើងបានរៀនពីប្រធានបទ ដោយសារតែកម្មវិធីរបស់ YSEALI ទោះបីជារៀនតាមរយៈអនឡាញ ក៏ខ្ញុំមើលឃើញការដឹកនាំ និងការបង្រៀនរបស់គេពោរពេញទៅដោយគុណភាព ហើយគេមានយុទ្ធសាស្ត្រក្នុងការដែលឲ្យយុវជនចូលរួមសកម្ម ដោយមិនមែនមកអង្គុយស្ដាប់គេឡើយ»។

កញ្ញាបន្ថែមថា កម្មវិធីនេះជាលក្ខណៈអន្តរជាតិ ដូច្នេះមានការពង្រឹងសមត្ថភាពក្នុងការនិយាយជជែកជាសាធារណៈ និងការផ្លាស់ប្ដូរយោបល់ជាមួយអ្នកចូលរួមផ្សេងៗទៀត ម្យ៉ាងទៀតគម្រោង YSEALI បានធ្វើឲ្យយុវជនមានភាពក្លាហាន ក្នុងការផ្លាស់ប្ដូរ និងបង្កើនសមត្ថភាពឲ្យយុវជនមានទំនាក់ទំនងជាលក្ខណៈអន្តរជាតិ និងមានគោលដៅល្អ ក្នុងការផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានបណ្ដុះសមត្ថភាព និងសិក្សារៀនសូត្រនៅប្រទេសសហរដ្ឋអាមេរិកជាដើម។

ជុំវិញរឿងនេះ នាយិកាអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន(YRDP) បានប្រាប់ថាគម្រោង YSEALI នេះ គឺអ្នកស្រីមិនបានតាមដានសកម្មភាពរបស់គម្រោងនេះច្បាស់ឡើយ ប៉ុន្តែគ្រាន់តែដឹងថា គម្រោងនេះ គឺមានកម្មវិធីជាច្រើនសម្រាប់បណ្ដុះបណ្ដាលយុវជនដែលនៅក្នុងប្រទេសអាស៊ានជាដើម។

អ្នកស្រី ចាន់ រ៉ាមី បញ្ជាក់ថា៖ «ខ្ញុំមិនបានតាមដានសកម្មភាពគម្រោង YSEALI ទេ។ តែយ៉ាងណាក៏ដោយ កម្មវិធីនេះគឺមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់យុវជនយើង ដោយសារវាបង្កើនសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់យុវជន»។

សូមបញ្ជាក់ថា YSEALI ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ហើយ គឺជាកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ដើម្បីពង្រឹងភាពជាដៃគូជាមួយមេដឹកនាំថ្មីៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បង្កើនជំនាញរបស់គេក្នុងនាមជាអ្នកជំរុញដ៏ល្អ ក្នុងកិច្ចការនៃការចូលរួមរបស់ពលរដ្ឋ សេដ្ឋកិច្ច និងកិច្ចការ មិនមែន រដ្ឋាភិបាល នៅក្នុងតំបន់ និងដើម្បីលើកទឹកចិត្តពួកគេឲ្យ ធ្វើការជាលក្ខណៈ អន្តរជាតិ ដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងតំបន់។

បន្ថែមពីនេះទៀត គម្រោង YSEALI បានរួមបញ្ចូលប្រទេសជាសមាជិកអាស៊ានទាំង ១០ (ប្រទេសព្រុយណេ កម្ពុជា ឥណ្តូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបូរី ថៃ និងប្រទេសវៀតណាម) ព្រមទាំង ប្រទេស ទីម័រ ដែលមេដឹកនាំអាស៊ានបាន យល់ព្រមឲ្យចូលជារដ្ឋសមាជិកទី១១នៃសមាគមនេះ ទៅអនាគត កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២៕ ជា សុខនី

ads banner