សមាគមអ្នកនិពន្ធខ្មែរបោះពុម្ពស្នាដៃកវី ស៊ូ ចំរើនឡើងវិញដើម្បីលើកកម្ពស់ការអាននៅកម្ពុជា
ភ្នំពេញ៖ មរតកអក្សរសិល្ប៍ច្រើនអំឡុងទសវត្សរ៍១៩៦០-១៩៧០ប្រសូត្រជារូបរាងឡើងជាទម្រង់ប្រលោមលោក រឿងខ្លី រឿងរូបភាព។ល។ ក្នុងរបបប្រល័យពូជសាសន៍វណ្ណកម្មទាំងនោះត្រូវបំផ្លាញស្ទើរទាំងស្រុងទៅជាមួយកវីនិពន្ធ បណ្ឌិត បញ្ញវន្ត។ សមាគអ្នកនិពន្ធខ្មែរកំពុងមមាញឹកប្រមូលចងក្រងស្នាដៃអ្នកនិពន្ធ កវីនិពន្ធ បញ្ញវន្តរៀមច្បងដើម្បីបោះពុម្ពផ្សាយឡើងវិញក្នុងគោលបំណងពង្រឹងនិងពង្រឹក ក៏ដូចជាលើកកម្ពស់ការអាននៅកម្ពុជា។
សមាគមអ្នកនិពន្ធខ្មែរបានរៀបចំបោះពុម្ពផ្សាយស្នាដៃអ្នកនិពន្ធ ស៊ូ ចំរើន នៅចុងឆ្នាំនេះ។ សៀវភៅនោះ ជាកម្រងរឿងខ្លី មានចំណងជើងថា “ឈើលាព្រៃ ត្រីលាបឹង”។ រឿងខ្លី“ឈើលាព្រៃ ត្រីលាបឹង”ជាប់ពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ឆ្នាំ២០២០ (S.E.A. Write Award 2020)ទៀតផង។ក្រៅពីរឿងខ្លីនេះ ក្នុងសៀវភៅដែលមានកម្រស់ជាង១២០ទំព័រនេះ ក៏មានរឿងខ្លីជាច្រើនទៀតដែលសុទ្ធសឹងជាស្នាដៃរបស់កវីស៊ូ ចំរើន។
បណ្ឌិត ឡឹក ជំនោរ ប្រធានគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរបានប្រាប់ឱ្យដឹងថា ៖«សមាគមអ្នកនិពន្ធខ្មែរក្នុងនាមស្ថាប័នទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាលអ្នកនិពន្ធ បង្កើតវណ្ណកម្ម និងបោះពុម្ពផ្សាយ យកចិត្តទុកដាក់ជាចម្បងលើកិច្ចការនេះ។ នៅក្នុងអាណត្តិទី១០ នេះគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរបានបោះពុម្ពស្នាដៃជាប់ពានរង្វាន់អក្សរសិល្ប៍ថ្នាក់ជាតិ និងអន្តរជាតិមួយចំនួនក្នុងនោះរួមមានស្នាដៃរបស់កវីនិពន្ធនៃអតីតកាល និងស្នាដៃរបស់កវីនិពន្ធរៀមច្បងចាប់តាំងពីទសវត្សរ៍១៩៦០មក»។
បណ្ឌិត ឡឹក ជំនោរ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាប្រធានគណៈកម្មការបោះពុម្ពផ្សាយនៃសមាគមអ្នកនិពន្ធខ្មែរ មានប្រសាសន៍ថា ៖«គរុវិជ្ជាចារ្យកវីនិពន្ធ ស៊ូ ចំរើន ប្រលូកជីវិតក្នុងសមរភូមិ ទឹកខ្មៅតាំងពីយុវវ័យរហូតដល់អាយុចិតសិបប្លាយ។ លោកជាអតីតប្រធានគណៈកម្មការបោះពុម្ពផ្សាយ និងជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរនាពេលកន្លងមក។ ជីវិតរបស់លោកបូជាស្ទើរទាំងស្រុងដើម្បីបុព្វហេតុអក្សរសាស្ត្រជាតិ។ ការបោះពុម្ពផ្សាយក្នុងស្នាដៃរបស់លោកនៅគ្រានេះ ជាការចូលរួមលើកកម្ពស់ស្នាដៃកវីនិពន្ធខ្មែរឱ្យទូលំទូលាយទៅក្នុងសង្វៀនអក្សរសិល្ប៍ និងជាកិច្ចតបស្នង ថែរក្សាមរតករបស់លោក ព្រមទាំងរួមចំណែកផ្សព្វផ្សាយស្នាដៃល្អៗ និងជំរុញការអាននៅកម្ពុជាស្របនឹងចក្ខុវិស័យរបស់សមាគមអ្នកនិពន្ធខ្មែរ។ សមាគមអ្នកនិពន្ធខ្មែររៀបចំបោះពុម្ពស្នាដៃនេះឡើងទទួលបានការឧបត្ថម្ភគាំទ្រមួយផ្នែកពីមូលនិធិកវី យិនលួត និង សំខាន់សូលុសិនស៍»។
សូមរម្លឹកថា គរុវិជ្ជាចារ្យកវីនិពន្ធ ស៊ូ ចំរើន កើតនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៤៩ នៅភូមិកំពង់ស្វាយ ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។ មានលោកឪពុកឈ្មោះ ស៊ូ ប៉ិនតុន អតីតគ្រូបង្រៀន និងអ្នកម្តាយ ឈ្មោះ ស៊ូ អូវ អតីតជាអ្នករកស៊ីលក់ដូរ។ បន្ទាប់ពីប្រលូកក្នុងការងារតែងនិពន្ធបានបីឆ្នាំ នៅឆ្នាំ១៩៧០ លោក ស៊ូ ចំរើន រៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញាមេជាងកាត់ដេរម្នាក់ឈ្មោះ សុក សុឃាង ដែលជាកូនក្រមុំអ្នកភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។
គរុវិជ្ជាចារ្យកវីនិពន្ធ ស៊ូ ចំរើន មិនបានបន្ដការសិក្សានៅថ្នាក់ឧត្តមសិក្សានោះទេ។ នៅឆ្នាំ១៩៦៧ ក្រោយពីបានបញ្ចប់មធ្យមសិក្សា សិស្សវិទ្យាល័យសង្គមរាស្រ្ដនិយមបានជ្រើសរើសយកការងារតែងនិពន្ធជារបរចិញ្ចឹមជីវិត។ លោកចេះភាសាបារាំង ភាសាថៃសរសេរនិងនិយាយយ៉ាងស្ទាត់ជំនាញ។ នៅឆ្នាំ១៩៧០ តាមរយៈប្រលោមលោក“វីរជនសង្គ្រាមជ័យ” លោកក៏បានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ។ នៅចុងឆ្នាំ១៩៧០ សមាគមអ្នកនិពន្ធខ្មែរបានជ្រើសតាំងឱ្យធ្វើជាប្រធានគណៈបោះពុម្ពនៃសមាគមអ្នកនិព្ធខ្មែរ។ ក្រៅពីការងារជាអ្នកនិពន្ធ លោកក៏បានចូលប្រលូកក្នុងវិស័យសារព័ត៌មានផងដែរ។ ចំពោះសារព័ត៌មានដែលអ្នកនិពន្ធរូបនេះ ចូលប្រលូកមុនគេនោះ គឺសារព័ត៌មាន “មាតុភូមិ” របស់លោក សឺង ភឿកថ។
នៅឆ្នាំ១៩៧១ ខណៈដែលអាជ្ញាធរចាប់ខ្លួនលោក ជុំ កែន ចាងហ្វាងកាសែត “ដំណឹងចុងក្រោយ” ដោយសារហេតុផលនយោបាយនោះ លោក ស៊ូ ចំរើន ត្រូវគេហៅឱ្យឈរឈ្មោះជាធ្វើជាចាងហ្វាងកាសែតនេះ ជំនួសចាងហ្វាងចាស់។ ដោយញើសឈាមពីការសរសេរ ចុងឆ្នាំ១៩៧១ លោកទិញបានរោងពុម្ពមួយឈ្មោះ “វប្បធម៌ខ្មែរ”ដោយបោះពុម្ពផ្សាយស្នាដៃផ្ទាល់ខ្លួននិងស្នាដៃអ្នកនិពន្ធជាច្រើនទៀត។ នៅឆ្នាំ១៩៧២ ដោយសារតែកាសែត “ដំណឹងចុងក្រោយ”របស់លោកចុះផ្សាយព័ត៌មានមួយចំនួនប៉ះពាល់ដល់លោកនាយករដ្ឋមន្ដ្រី សឺង ង៉ុកថាញ់ កាសែតនេះក៏ត្រូវអាជ្ញាធរនៃរដ្ឋាភិបាល សឺង ង៉ុកថាញ់ ឱ្យបិទ ហើយថែមទាំងធ្វើការប្ដឹងផ្ដល់ទៅដល់តុលាការថែមទៀតផង។ បន្ទាប់មកចុងឆ្នាំ១៩៧២ លោកក៏ត្រូវគណបក្សសាធារណរដ្ឋជួលឱ្យមកឈរឈ្មោះធ្វើជាចាងហ្វាងកាសែតរបស់បក្សនេះមួយដែលមានឈ្មោះថា “លូតលាស់”។ នៅក្នុងឆ្នាំ១៩៧២នេះដែរ ក្រៅតែពីជាចាងហ្វាងកាសែត “លូតលាស់” នោះ លោកក៏បានធ្វើជាប្រធានគណៈកម្មការនិពន្ធប្រចាំទស្សនាវដ្ដីកងទ័ពអាកាសរបស់ការិយាល័យទី៥នៃក្រសួងការពារជាតិ។ល។
ក្រោយពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនឆ្នាំ នៅថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលស្រោចស្រង់ជាតិនៃរបបសាធារណរដ្ឋខ្មែរត្រូវបានដួលរលំដោយស្នាដៃកងទ័ពអាវខ្មៅនៃអង្គការខ្មែរក្រហម។ លោក ស៊ូ ចំរើន និងគ្រួសារក៏ដូចជាប្រជាជនដទៃទៀតដែរត្រូវពួកខ្មែរជម្លៀស ហើយកៀរឱ្យទៅនៅភូមិព្រៃរន្ធ ស្រុកស្អាង ខេត្តកណ្ដាល។ ក្រោយមកក៏ជម្លៀសបន្ដឱ្យទៅនៅភូមិចក់តូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ លោកនិងភរិយារស់នៅយ៉ាងវេទនាក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ។
បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ លោកនៅតែបន្ដរស់នៅក្នុងខេត្តបាត់ដំបងដដែល។ ក្រោយថ្ងៃរំដោះ លោក ស៊ូ ចំរើន មិន ចាប់អាជីពជាអ្នកនិពន្ធទៀតទេ រហូតឆ្នាំ១៩៩៥ ទើបលោកចាប់ដងប៉ាកកាសាជាថ្មី ដោយបានសរសេរប្រលោមលោកមួយមានចំណងជើងថា “ព្រះគុណថ្លៃថ្លា” ដើម្បីចូលរួមប្រឡងពានរង្វាន់ “អក្សរសិល្ប៍៧មករា”។ នៅឆ្នាំ១៩៩៦ ប្រលោមលោកនេះទទួលជ័យលាភីលេខ៣ ពានរង្វាន់ “អក្សរសិល្ប៍៧ មករា” រៀបចំឡើងដោយសមាគមអ្នកនិពន្ធខ្មែរ។ លុះដល់ឆ្នាំ១៩៩៧ លោកនិងគ្រួសារបានចាកចេញពីខេត្តបាត់ដំបងមករស់នៅទីក្រុងភ្នំពេញ។ លោកបានចូលបម្រើការនៅស្ថានីយវិទ្យុទូរទស្សន៍បាយ័ន(BTV)ក្នុងឋានៈជាប្រធានការិយាល័យនិពន្ធ។
គរុវិជ្ជាចារ្យកវីនិពន្ធ ស៊ូ ចំរើន ជាអ្នកនិពន្ធដែលមានភាពល្បីល្បាញតាំងពីទសវត្សទី១៩៧០មកម្ល៉េះ។ លោកមានស្នាដៃជាច្រើនទាំងផ្នែកប្រលោមលោក អត្ថបទបកប្រែ ព្រមទាំងទំនុកច្រៀងជាច្រើនបទ៕ ដោយ៖ ហ៊ួន ស៊ីឡួន