ក្រសួងសុខាភិបាល អំពាវនាវឱ្យពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពកុំឱ្យកើតជំងឺទឹកនោមផ្អែម
ភ្នំពេញ៖ អ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយត្រូវអនុវត្តការរស់នៅប្រចាំឱ្យបានល្អ ជាពិសេសការបរិភោគអាហារ និងការពិនិត្យជាតិស្ករក្នុងឈាមជាដើម។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងដូចនេះ ក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Diabetis Day) ថ្ងៃទី១៤ ខែវិច្ឆិកា ដែលប្រធានបទនៅឆ្នាំ២០២២ គឺ «ការអប់រំដើម្បីការពារថ្ងៃស្អែក» ក្រោមប្រធានបទរួមគ្នានៃ យុទ្ធនាការទិវាជំងឺទឹកនោមផ្អែមពិភពលោក២០២១-២៣ «ការទទួលបានការថែទាំជំងឺទឹកនោមផ្អែម»។
ប្រធានបទនេះ ឆ្លុះបញ្ចាំងពីការអប់រំខ្លាំងលើជំងឺទឹកនោមផ្អែមដោយជំរុញឱ្យមានការកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ជាពិសេសការបរិភោគអាហារប្រកបដោយផាសុខភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាព ការពារជំងឺទឹកនោមផ្អែម។
លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ៖ «សូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំណុចសំខាន់ៗ និងងាយៗ សម្រាប់ការអនុវត្តន៍ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យក»។
លោកជំទាវបញ្ជាក់ថា មិនត្រូវពិសារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀត ជាដើម។
ទិវាជំងឺទឹកនោមផ្អែមពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) ក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម ហើយទិវានេះបានក្លាយជាថ្ងៃផ្លូវការរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០០៦។
ជារៀងរាល់ឆ្នាំ ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែម និងផលប៉ះពាល់របស់វា ព្រមទាំងអប់រំមនុស្សឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងព្យាបាលជំងឺទឹកនោមផ្អែម។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានបញ្ជាក់ផងដែរថា ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ។
លើសពីនេះ ក៏ត្រូវកែលម្អការទទួលទាន កាបូអ៊ីដ្រាត ហាត់រៀនញុំាអាហារមួយចំណែកតូចដោយកុំឱ្យឆ្អែតពេកក្នុងពេលតែមួយ, បរិភោគអាហារដែលមានជាតិសសៃ ឬហ្វៃបឺ (Fiber ) ដែលមានជាតិស្ករទាប កុំពិសារបារី, ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ រក្សាជាតិកូលេសស្តេរ៉ុលក្នុងឈាមនៅក្រោម២០០ ជាតិខ្លាញ់ LDL នៅក្រោម១០០ ជាតិខ្លាញ់ HDL នៅលើ២០ និង ទ្រីគ្លីសេវីដ (Triglycerides) នៅក្រោម១៥០។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ៖ «ត្រូវឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន ដែលជាទូទៅត្រូវនៅក្រោម ១៣០/៨០ ចៀសវាងការពិសារភេសជ្ជៈដែលមានជាតិផ្អែមដែលជាហានិភ័យឱ្យមានជំងឺទឹកនោមផ្អែម ប្រភេទ២ និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ»។
អ្នកជំងឺទឹកនោមផ្អែមមួយរូបដែលបានកើតជំងឺនេះរយៈពេល៦ឆ្នាំមកហើយនោះ លោក ឃុត សុភចរិយា អាយុ៤៩ ឆ្នាំ បានប្រាប់ថា ទិវាជំងឺទឹកនោមផ្អែមពិភពលោក គឺជាទិវាមួយដែលមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋគ្រប់រូបគួរយល់ដឹង។
លោកថា ជាពិសេស អ្នកជំងឺទឹកនោមផ្អែម ដែលគួរត្រូវស្វែងយល់ និងចែករំលែកបទពិសោធឱ្យគ្នាទៅវិញទៅមក សម្រាប់បង្ការហានីភ័យនៃជំងឺនេះ។
លោក សុភចរិយា បានថ្លែងថា ៖ «ខ្ញុំមានជំងឺនេះ ៦ឆ្នាំមកហើយ។ ដើម្បីសុខភាព ខ្ញុំបានអនុវត្តន៍ជាប្រចាំនូវលំហាត់ប្រាណមួយចំនួន ដូចជា ការដើរ ការធ្វើចលនាដៃជើងតាមវិធីសាស្ត្រកាយសម្ព័ន្ធ និងការផ្លាស់ប្ដូររបបអាហារមួយចំនួន ដូចជាការបរិភោគបន្លែច្រើនជាងបាយ រៀងរាល់ព្រឹកនិងថ្ងៃត្រង់ និងការបរិភោគបន្លែនិងសាច់ នៅពេលល្ងាច ដោយមិនញ៉ាំបាយល្ងាចទេ»។
យ៉ាងណាក៏ដោយ ជំងឺទឹកនោមផ្អែមមិនបណ្ដាលឱ្យឆាប់ស្លាប់លឿននោះទេ ប្រសិនបើអនុវត្តវិធានសុខភាព និងសុវត្ថិភាពចំណីអាហារ ព្រមទាំងការលេបថ្នាំបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជារបស់ គ្រូពេទ្យជំនាញ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឃុត សុភចរិយា៕ ដោយ៖ នាង សុគន្ធា