ភ្ញៀវទេសចរនឹងចំណាយពេលយូរដើម្បីទស្សនាប្រាសាទតាព្រហ្ម បន្ទាប់ពីអ្នកជំនាញបានជួសជុលសាលរបាំរួចរាល់
ភ្នំពេញ៖អាជ្ញាធរអប្សារារំពឹងថាភ្ញៀវទេសចរកាន់តែច្រើននឹងចូលសាលរបាំនៃប្រាសាទតាព្រហ្មបន្ទាប់ពីបានក្រុមអ្នកជំនាញបានជួសជុលរួចមកនោះ។នេះបើតាមលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់នៅថ្ងៃទី១៤ខែវិច្ឆកាឆ្នាំ២០២២។
លោក ឡុង កុសលថា សាលរបាំនៃប្រាសាទតាព្រហ្មជាផ្នែកមួយដែលនាំឲ្យមានភ្ញៀវទេសចរចូលមកទស្សនាបន្ថែមទៀត។ លោកបន្តថា ប្រាសាទតាព្រហ្ម ក៏ជាគោលដៅទេសចរមួយចម្បងនៅតំបន់នានានៃអង្គរ និងជាប្រាសាទដែលនៅជាប់ជាមួយនឹងដើមឈើ និងធម្មជាតិ។
លោកបន្ថែមថា ការជួសជុលសាលរបាំនៃប្រាសាទនេះជាចំណុចមួយដែលសំខាន់ក្នុងការទាក់ទាញភ្ញៀវ ភ្ញៀវទេសចរ ដែលចូលមកទស្សនាឱ្យចំណាយពេលកាន់តែច្រើនស្វែងយកពីបរិវេណប្រាសាទ។
លោក ឡុង កុសល បញ្ជាក់ថា៖ «ការជួសជុលសាលរបាំនៃប្រាសាទនេះ គឺយើងប្រើរយៈពេលយូរណាស់ ដល់តែ២ឆ្នាំ ហើយមូលហេតុនៃការប្រើរយៈពេលយូរ គឺដោយសារយើងត្រូវកសាងឯកសារ និងត្រូវលើកជាជម្រើសបែបបទនៃការជួសជុល។ ហើយបន្ទាប់យកបែបបទដែលបានជ្រើសរើស ត្រូវយកទៅពិភាក្សា ឯកភាព ផ្ដល់មតិពីគណៈកម្មាការអង្គរ»។
លោកបន្ថែមថា ចំណែកឯថវិកាក្នុងការជួសជុល គឺបានមកពីភាគីប្រទេសឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការពីអាជ្ញាធរជាតិអប្សរា មានន័យថារាល់ការចំណាយទាំងអស់ គឺប្រទេសឥណ្ឌាជាគ្រប់គ្រង ប៉ុន្តែប្រសិនបើមានការខ្វះខាត គឺខាងអាជ្ញាធរជាអ្នកជួយគាំពារ និងឧបត្ថម្ភផងដែរ។
ចំណែកអ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ បានប្រាប់ថាសាលរបាំនៃប្រាសាទតាព្រហ្មដែលបានជួសជុលរួចរាល់ ដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា និងក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ពេលនេះត្រូវបានសម្ពោធ និងដាក់ឲ្យចូលទស្សនាជាសាធារណៈហើយ ដោយអាចសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាកើនឡើងជាងមុន។
អ្នកស្រី ឆាយ ស៊ីវលីនថា៖ «យើងសង្ឃឹមថា អាចនឹងមានភ្ញៀវទេសចរចូលមកទស្សនាច្រើន ពីព្រោះអីលើកមុនមានការទាក់ទាញដែរ ប៉ុន្តែនៅក្នុងមានតែមួយចំណែកអ៊ីចឹងណា ហើយយើងក៏អត់ដែរបានឃើញសាលរបាំហ្នឹងទេ។ អ៊ីចឹងពេលដែលយើងមានការសម្ពោធរួចរាល់ហើយ។ ដូច្នេះវាហ្នឹងទាក់ទាញអ្នកមកលើកមុនចង់មកឃើញ ដោយសារលើកមុនមានតែគំនរថ្ម ហើយគេចង់ឃើញសាលរបាំហ្នឹងវាមានលក្ខណៈបែបមិច ស្អាតយ៉ាងមិច អ៊ីចឹងវាទាក់ទាញអ្នកទស្សនាបានច្រើនជាងមុន»។
អ្នកស្រីបន្តថា ជាពិសេស អាចនឹងទាក់ទាញឲ្យអ្នកទស្សនា មកស្នាក់នៅបានយូរជាងមុន ក្នុងការគយគន់សាលរបាំនេះផងដែរ។
ក្រៅពីនេះទៀត អ្នកស្រីស៊ីវលីនបន្ថែមថាកន្លងមកអ្នកទស្សនា មើលឃើញតែគំនរៗថ្ម ដូច្នេះអ្នកទស្សនាប្រាកដជាមានការគយគន់ទៅលើសាលរបាំ ហើយអាចនឹងមានការស្រម៉ៃទៅសម័យកាលពីដើម ដែលអាចប្រើប្រាស់សាលរបាំនេះសម្រាប់ធ្វើអ្វីបានខ្លះ។
សូមបញ្ជាក់ថា សាលរបាំនៃប្រាសាទតាព្រហ្មដែលបានជួសជុលដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរាត្រូវបានសម្ពោធបញ្ចប់ការជួសជុល និងដាក់ឲ្យចូលទស្សនាជាសាធារណៈ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយមុននឹងមានការជួសជុលសាលរបាំប្រាសាទតាព្រហ្មនេះ កាលពីមុនសាលប្រាសាទនេះត្រូវបានដួលរលំជាគំនរថ្ម ហើយដំបូលត្រូវជ្រុះធ្លាក់ស្ទើរទាំងស្រុង ចំណែកសសរដួលរាបដល់ដីគ្មានសល់ និងបានចាប់ផ្តើមជួសជុលចាប់តាំងពីឆ្នាំ២០១០ និងបានបញ្ចប់ដោយជោគជ័យនៅឆ្នាំ២០២២នេះ៕ ដោយ៖ ជា សុខនី