កម្ពុជា-ឥណ្ឌាចុះ អនុស្សរណៈ ដើម្បីស្តារអភិរក្សជីវៈចម្រុះនិងបង្កើនចំនួនខ្លាធំនៅកម្ពុជាឡើងវិញ
ភ្នំពេញ៖ កម្ពុជា-ឥណ្ឌា បានចុះ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រកនៅក្នុងប្រទេសកម្ពុជា។ពិធីចុះហត្ថលេខាធ្វើឡើងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២២។
ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ទៅលើបញ្ហាមួយចំនួនរួមមាន ជំរុញការអភិរក្សជីវៈចម្រុះដោយផ្តោតលើការអភិរក្ស និងស្តារ សត្វខ្លាធំនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសភាពសំខាន់ៗ រួមមានជួរភ្នំក្រវាញ និងខ្ពង់រាបភាគខាងកើតកុំឱ្យផុតពូជពីកម្ពុជា; ផ្តល់ពូជសត្វខ្លាធំពីប្រទេសឥណ្ឌា និងជំរុញកិច្ច សហប្រតិបត្តិការការពារសត្វខ្លាធំឱ្យរស់នៅក្នុងព្រៃធម្មជាតិបានជោគជ័យ។ ចែករំលែក និង ផ្លាស់ប្តូរជំនាញនិងសមត្ថភាពក្នុងគោលដៅជំរុញការអភិរក្សសត្វខ្លាធំនៅក្នុងប្រទេសទាំងពីរ; និង ជំរុញការអភិរក្សសត្វព្រៃដោយចែករំលែកបទពិសោធន៍ល្អៗ នៃការអនុវត្តបច្ចេកវិទ្យា ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ រស់នៅក្នុងដែនជម្រកសត្វព្រៃ និងការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព។ ប្រទេសទាំងពីរនឹងគាំទ្រឱ្យមានការវិវឌ្ឍន៍ទៅមុខ នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ និងគោរពទស្សន:គា្នទៅវិញទៅមក។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា កម្ពុជាបានចូលរួមចិត្តក្នុងវេទិកាអន្តរជាតិ កាលពីឆ្នាំ២០១០ ស្តីពីការអភិរក្ស និងបង្កើនចំនួនសត្វខ្លាធំនៅក្នុងព្រៃឱ្យបានចំនួនទ្វេដងនៅឆ្នាំ២០២២ និងបានរៀបចំផែនការសកម្មភាពរបស់ខ្លួនស្ដីពីសត្វខ្លាធំ (ឆ្នាំ២០១៥-២០២៤)។
លោកបន្តថា ៖« រាជរដ្ឋាភិបាលកម្ពុជាគាំទ្រកម្មវិធីស្តារសត្វខ្លាធំ ហើយការគាំទ្រផ្នែកនយោបាយលើកម្មវិធីនេះបានធ្វើឱ្យកម្ពុជាជាប្រទេសទីមួយនៅតំបន់អាស៊ានធ្វើការនាំយកសត្វខ្លាធំចូលព្រៃធម្មជាតិវិញ»។
បើតាម ឯកឧត្តម នេត្រ ភក្ត្រា បណ្តាប្រទេសនៅលើពិភពលោកដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌា ជាប្រទេសមានចំនួនសត្វខ្លាធំច្រើនជាងគេ បំផុតបានគាំទ្រកម្ពុជាក្នុងការអនុវត្តកម្មវិធីស្តារសត្វខ្លាធំឡើងវិញ។ លោកបន្ថែមថាអនុស្សារណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួល អាកាសធាតុនៃសាធារណរដ្ឋឥណ្ឌា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា ដែលអនុវត្តជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកអនុវត្តនៅតំបន់អភិរក្សកែវសីម៉ា។
ឯកឧត្តមថ្លែងថា«ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការបង្កើនទំនាក់ទំនង និងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឥណ្ឌា ជាពិសេសរវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុនៃសាធារណរដ្ឋឥណ្ឌា ក្នុងវិស័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ»៕ ដោយ៖ យុទ្ធ វីរៈ