សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនធ្វើប្រធានអាស៊ានជាលើកទី៤
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថាសម្តេចគ្មានបំណងនឹងធ្វើជាប្រធានអាស៊ានលើកទី៤ នៅ១០ឆ្នាំក្រោយនោះឡើយ បន្ទាប់ពីសម្តេចបានបំពេញតួនាទីជាប្រធានអាស៊ានចំនួនបីលើករួច ដែលលើកចុងក្រោយក្នុងឆ្នាំ២០២២ នេះ ព្រោះលក្ខខណ្ឌអាយុ ។ ការណ៍នេះ ត្រួវបានអ្នកតាមដាននយោបាយយល់ថា គណបក្សកាន់អំណាចបានរៀបចំសមាសភាពមេដឹកនាំថ្មីរួចទៅហើយ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅចំពោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិកាលពីថ្ងៃទី១៣ខែវិច្ឆិកា ដូច្នេះថា៖« ខ្ញុំនឹងមិនឈានឆ្ពោះទៅរកការធ្វើប្រធានអាស៊ានលើកទី៤ទេ ព្រោះវាល្មមដល់អាស៊ានលើកទី៤ ខ្ញុំត្រូវអាយុ៨០ ហើយ ដូច្នេះវាល្មមគ្រប់គ្រាន់ហើយ ៣ដងនេះ» ។
សម្តេចតេជោបានលើកឡើងថា កិច្ចការកាន់តួនាទីជាប្រធានអាស៊ានគឺជាការលំបាក ដែលទាមទារឱ្យមានរដ្ឋមន្ត្រីការបរទេសវ័យឆ្លាត ជំនួយការពូកែ ព្រមទាំងបណ្តាមន្ត្រីដែលមានសមត្ថភាពនិងមានភាពអត់ធ្មត់ខ្ពស់។សម្តេចតេជោបន្ថែមថា បើសិនជាគ្មានការចូលរួមចំណែកពីឧត្តមមន្ត្រី និងមន្ត្រីពាក់ព័ន្ធមានពេញលេញនោះទេ កម្ពុជាពិតជាមិនអាចកាន់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ នេះបានជោគជ័យឡើយ។
ជុំវិញបញ្ហានេះ លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លើកឡើងថា ការប្រកាសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះ មិនមែនជារឿងត្រូវភ្ញាក់ផ្អើលឡើយ ខណៈថ្នាក់ដឹកនាំគណបក្សកាន់អំណាចធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ពីការរៀបចំអ្នកបន្តវេនក្នុងជួរថ្នាក់ដឹកនាំរួចទៅហើយ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជារូបនេះ យល់ថា វាត្រូវដល់ពេលដែលកម្ពុជាគិតគូរផ្តល់លទ្ធភាពដល់យុវជនអាចចូលរួមចំណែកក្នុងការសម្រេចចិត្តថ្នាក់ជាតិ និងថ្នាក់តំបន់ហើយ ខណៈកន្លងមកនិងពេលបច្ចុប្បន្នលោកមើលឃើញថា ការចូលរួមពីសំណាក់យុវជននៅមានកម្រិតក្នុងប្រទេសកម្ពុជាបើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានខ្លួនឯង។
លោកហេង គឹមហុង បន្ថែមថា ដើម្បីឱ្យការឱ្យត្រៀមខ្លួនចូលរួមចំណែករបស់យុវជនបន្តវេនជំនាន់ក្រោយនៅកិច្ចការតំបន់ និងពិភពលោក តួយ៉ាងភារកិច្ចជាប្រធានអាស៊ានលើកទី៤ នា១០ឆ្នាំក្រោយ លោកចង់ឃើញមានការបង្ហាញផ្លូវពីសំណាក់យុវចាស់ដែលមានបទពិសោធន៍ ជាទីប្រឹក្សា ផ្តល់យោបល់ ដល់អ្នកបន្តវេនឲ្យការកាន់ភារកិច្ចទាំងនោះកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងពីសមទ្ធិផលដែលសម្រេចបានពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានចំនួនបីលើកកន្លងមក ដែលលោកថា កម្ពុជាបានបញ្រ្ជាបគោលគំនិតនិងទស្សនៈខ្លួនទៅក្នុងអង្គការតំបន់ដែលសម្រេចចេញជាឯកសាររាប់រយ ជាពិសេសកម្ពុជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានដើរនាទីសំខាន់ក្នុងការសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិន ដែលល្អក់កករជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង។
លោកបណ្ឌិត គិន ភា រៀបរាប់ពីសមទ្ធិផលដែលសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែនសម្រេចបានចាប់តាំងឆ្នាំ១៩៩៩ សម្រាប់ផ្តល់ឲ្យកម្ពុជាក្នុងក្របខណ្ឌអាស៊ាន៖« លោកបានបើកទ្វាការទូតសំខាន់ឱ្យកម្ពុជា នាំមកនូវមោទកភាពជាតិ ដែលជាច្រកការទូតកាន់តែទូលំទូលាយសម្រាប់កម្ពុជា។ នាំមកនូវការអភិវឌ្ឍប្រទេសក្នុងយន្តការអាស៊ាន សម្រាប់ការពង្រីកដៃគូពាណិជ្ជកម្មដែលបានដឹកនាំការវិនិយោគរបស់កម្ពុជាទៅក្នុងតំបន់និងពិភពលោក។ មួយវិញទៀត តាមរយៈយន្តការអាស៊ាននេះក៏ជាខែលសន្តិសុខការពារសំខាន់ដល់កម្ពុជាផងដែរ »។
លោកបណ្ឌិតគិន ភា បន្ថែមថា មរតកនយោបាយសំខាន់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គការអាស៊ានគឺការនាំមកនូវដំណើរសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោក ដែលផ្លាស់ស្ថានភាពកម្ពុជាដែលធ្លាប់ត្រូវបានគេផាត់ចោលឱ្យនៅឯកាកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ទៅជាប្រទេសមួយដែលមានឋានៈស្មើមុខស្មើមាត់ជាមួយកិច្ចការតំបន់និងអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា អន្តរជាតិចាប់ផ្តើមស្គាល់កម្ពុជាក្នុងកេរ្តិ៍ឈ្មោះល្អ ។កម្ពុជាបានចូលរូមចំណែកក្នុងកិច្ចការតំបន់និងពិភពលោក ខុសពីគេធ្លាប់ស្គាល់កម្ពុជាជាវាលពិឃាត ដោយចម្ការមីន ដោយភាពអត់ឃ្លាន និងការហ៊ុមព័ទ្ធសេដ្ឋកិច្ច៕ ដោយ៖ សំបាន ច័ន្ទដារ៉ា