ធនាគារជាតិបោះពុម្ពក្រដាសប្រាក់ថ្មី ប្រភេទ២០០០រៀលនិង២០០រៀល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចដាក់ឱ្យចរាចរក្រដាសប្រាក់២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឱ្យចេញផ្សារ ធ្វើចរាចរ និងប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជានូវធនប័ត្រប្រភេទ ២០០០ រៀល និង២០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។

បន្ទាប់មកឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយបានបញ្ជាក់ថា ៖ «ធនប័ត្រប្រភេទ ២ ០០០ រៀល និង២០០ រៀល ត្រូវបានដាក់ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងក្រដាសប្រាក់ប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក»។

លោក ជា ចាន់តូ ក៏បានអំពាវនាវឱ្យសាធារណជនគ្រប់រូប ត្រូវពិនិត្យ និងសម្គាល់ធនប័ត្រថ្មីនេះឱ្យបានច្បាស់លាស់ដើម្បីជៀសវាងការភាន់ច្រឡំផងដែរ។

ដោយយោងតាមប្រកាសស្តីពីលក្ខណៈសម្គាល់នៃធនប័ត្រប្រភេទ ២ ០០ រៀល បានលើកឡើងពីលក្ខណៈទូទៅនៃក្រដាសប្រាក់នេះពីទំហំធនប័ត្រដែលមានបណ្ដោយ ១៣៤ មម និងទទឹង ៦៤ មម រីឯពណ៌ចម្បងគឺ ពណ៌ប្រផេះ និងពណ៌ទឹកក្រូច ។

សេចក្តីប្រកាសបានបន្តថា ៖ «ផ្ទៃខាងមុខ ផ្នែកកណ្ដាលខាងស្ដាំបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខ នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាត នរោត្តមសីហមុនី កាលពីព្រះអង្គនៅវ័យក្មេង ខាងឆ្វេងមានលេខ ២០០» នៅពីលើគេ បន្ទាប់មក គឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡាព្រមទាំងរូបក្បាច់លំអ និងនៅពីក្រោមមានលេខ មាលាបោះពុម្ពដោយទឹកខ្មៅ រូបចម្លាក់នាគក្បាល ៥និងអក្សរ ពីររយរៀល ព្រមទាំងអក្សរ អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់ នៅគែមខាងក្រោមនោះ ។

ផ្នែកខាងស្ដាំ ជ្រុងលើមានអក្សរ ធនាគាជាតិនៃកម្ពុជា និងជ្រុងក្រោមមានលេខ ២០០ ព្រមជាមួយលេខ ២០០ នៅពីក្រោមនោះ។ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហារនៃព្រះរាជាណាចក្រកម្ពុជានិងមានលេខ ២០០ ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរព្រមទាំងរូបភាពបោះពុម្ពកាត់ទទឹងក្រដាសប្រាក់ពី លើដល់ក្រោម។ នៅជ្រុងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ ២០០ ដ៏តូចល្អិត ។

ចំណែកផ្ទៃខាងក្នុង ផ្នែកកណ្ដាល រូបភាពត្រូវបានរំលេចឡើងគឺជាព្រះពន្លា ចន្ទឆាយា និងមានអក្សរ ពីររយរៀល នៅពីក្រោមនោះ។

ផ្នែកខាងស្ដាំ ជ្រុងលើមានលេខ ២០០ បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្ដាលជារូបសំណាកព្រះបាទ ស៊ីសុវត្ថិ និងនៅជ្រុងក្រោមមានលេខ ២០០ ។ ចំណែកខាងឆ្វេង ជ្រុងលើមានអក្សរ ធនាគារជាតិនៃកម្ពុជា អក្សរ National Bank OF Cambodia និងលេខ ២០២២ នៅកណ្ដាលមានរូបភាពព្រាលៗជារូបដំរីក្បាលបី ព្រមទាំងក្បាច់លំអពណ៌ប្រាក់ផ្គុំឡើងដោយលេខ ២០០៕ ដោយ៖ សុវិទ្យា ហោ

ads banner