“គោលដៅទេសចរណ៍បី ទីផ្សារតែមួយ”របស់កម្ពុជា វៀតណាម និងថៃ ទទួលបានការផ្លាស់ប្ដូរចរន្តពាណិជ្ជកម្មរលូនទៅមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖«គោលដៅទេសចរណ៍បី ទីផ្សារតែមួយ-Three Destination One Marketing» គឺជាគម្រោងមួយដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC) ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចតាមច្រកព្រំដែននៃប្រទេសទាំងបី។

បន្ទាប់ពីសន្និសីទសារព័ត៌មានអំពីកិច្ចសហការពហុភាគីនេះ កាលពីដើមខែឧសភា ឆ្នាំ២០២២ កន្លងទៅ រហូតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះបានដើរទៅមុខយ៉ាងរលូន ដោយមានការជួបជុំដោះស្រាយបញ្ហាប្រឈមជារឿយៗពីសំណាក់ភាគីទាំងបី។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញពីភាពរលូនទៅមុខនៃគម្រោងនេះ ក្រោយបានអនុវត្តអស់រយៈពេលកន្លះឆ្នាំមកនេះ។ រលូនទៅមុខដោយហេតុថា សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងបីតែងតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់។

លោកបណ្ឌិតបានមានប្រសាសន៍ថា ៖ «សព្វថ្ងៃមានការផ្លាស់ប្ដូរចរន្ដពាណិជ្ជកម្មនៅក្នុងតំបន់ទៅវិញទៅមកជារឿយៗ…បន្ទាប់ពីសន្និសីទប៉ុន្មានខែមុនយើងបានផ្លាស់ប្ដូរទស្សនៈកិច្ចរវាងប្រទេសទាំងបី ហើយបន្ទាប់ពីព្រឹត្តិការណ៍ពិព័រណ៍កន្លទៅនេះ យើងក៏មានការជួបជុំគ្នាម្ដងទៀត ដើម្បីពិភាក្សាអំពីផែនការបន្តទៅមុខទៀតផងដែរ»។

លោកបណ្ឌិតបានបន្ថែមទៀតថា៖ «កន្លះឆ្នាំមកនេះ យើងបានផ្លាស់ប្ដូរទស្សនៈកិច្ចចំនួនប្រាំដងមកហើយ យើងក៏មានចរន្តភ្ញៀវចេញចូលជាហូរហែតាមរយៈច្រករបៀងរបស់ប្រទេសទាំងបី»។

យ៉ាងណាមិញ សម្រាប់បញ្ហាប្រឈមមួយដែលគម្រោង «គោលដៅទេសចរណ៍បី ទីផ្សារតែមួយ» ធ្លាប់បានជួបប្រទះកាលពីពេលចាប់ផ្ដើមដំបូងៗ គឺបញ្ហាការសម្រួលឯកសារចេញចូលតាមច្រករបៀងទៅកាន់ប្រទេសថៃ មកដល់បច្ចុប្បន្នក៏ត្រូវបានដោះស្រាយរួចផងដែរ។ និយាយជារួមគឺ បច្ចុប្បន្ននេះភ្ញៀវទេសចរអាចចេញចូលប្រទេសទាំងបីជាលក្ខណៈបណ្ដាញបានយ៉ាងងាយស្រួលតែម្ដង។

ពីភាគីថៃ លោកស្រី វីឌីយ៉ា សួង ដែលជាប្រធានសមាគមទេសចរណ៍ខេត្តត្រាត ក៏បានថ្លែងស្រដៀងគ្នានេះដែរ អំពីភាពជោគជ័យបានមួយកម្រិតនៃផែនការ «គោលដៅទេសចរណ៍៣ ទីផ្សារតែមួយ»។

លោកស្រីបានកត់សម្គាល់ឃើញមានភ្ញៀវទេសចរជាច្រើនបានមកទទួលកញ្ចប់សេវាកម្មថ្មីដែលផ្ដល់ឱ្យ នោះគឺកញ្ចប់ទេស​ចរណ៍មួយថ្ងៃដើរបានបីប្រទេស។ ​

សម្រាប់ភ្ញៀវដែលមិនមានពេលវេលាច្រើន ប៉ុន្តែចង់ដើរកម្សាន្ដបានច្រើនគោលដៅ អាចជ្រើសរើសយកកញ្ចប់ទេសចរណ៍ប្រភេទនេះបាន ដោយពួកគេប្រើប្រាស់ពេលត្រឹមតែមួយថ្ងៃដើរភ្លក់ម្ហូប និងទស្សនាប្រទេស៣ខុសៗគ្នា។ នេះបើតាមលោកស្រី វីឌីយ៉ា សួង បញ្ជាក់។

ថ្លែងនាឱកាសព្រឹត្តិការណ៍ពិព័រណ៍ក្នុងខេត្តព្រះសីហនុ (Biz Fair) លោកស្រីបានសង្កត់ធ្ងន់ថា ៖ «ទាំងអស់នេះសុទ្ធសឹងតែជាសកម្មភាពជំរុញសេដ្ឋកិច្ចក្នុងតំបន់ដែលមានទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែប្រសើរជាងមុន…ក្រៅពីនេះប្រជាជនដែលរស់នៅក្នុងតំបន់ជាប់មាត់សមុទ្ររបស់ប្រទេសទាំងបី ក៏អាចទទួលផលប្រយោជន៍ពីការលក់ដូរផងដែរ»។

 លោកស្រី វីឌីយ៉ា សួង ក៏បានបង្ហាញការយល់ឃើញរបស់ខ្លួនចំពោះទេសចរណ៍នៅកម្ពុជាដែរ ដោយអ្នកស្រីថា កម្ពុជានៅសល់ធនធានច្រើន តំបន់ទេសចរណ៍ភាគច្រើក៏ជាតំបន់ធម្មជាតិ ដូច្នេះបើមានការរៀបចំបន្ថែមទៀត អ្នកស្រីជឿថាកម្ពុជានឹងមិនចាញ់ប្រទេសវៀតណាម និងថៃនោះទេ។​

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៤-៦ ខែឧសភាកន្លងទៅភាគីកម្ពុជា វៀតណាម និងថៃបានមកជួបជុំគ្នានៅទីក្រុងបាងកក ប្រ​ទេសថៃ តាមរយៈសន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ Cambodia Vietnam Thailand Economic Corridor (CVTEC)។

ខេត្តក្រុងទាំង១០ដែលប្រទេសទាំងបីផ្ដោតសំខាន់គឺបណ្ដាខេត្តជាប់សមុទ្ររួមមាន៖ ខេត្តជលបុរី ខេត្តរយ៉ង់ ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀនយ៉ាង និងទីក្រុងកាន់ថឺ (ឬអាចមានទីក្រុងហាទៀង) ខណៈខេត្តក្រុងទាំងនេះសុទ្ធតែនៅជាប់មាត់សមុទ្រ និងទន្លេមេគង្គក្រោម។ ការជំរុញការអភិវឌ្ឍនៅតាមខេត្តទាំងនេះគឺមានកំណត់នៅក្នុងផែនការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចត្រីភាគី កម្ពុជា-វៀតណាម-ថៃ (CVTEC)៕

ដោយ៖ កែវ បុស្បា

ads banner