ប្រេស៊ីល ឥណ្ឌូណេស៊ី និង​កុងហ្គោ ​ចុះ​​ហត្ថលេខា​​​លើ​​កិច្ចព្រម​ព្រៀង​​​​អភិរក្ស​​ព្រៃរង​ទឹក​ភ្លៀង​

ឥណ្ឌូនេស៊ី៖ប្រទេសប្រេស៊ីល ​ឥណ្ឌូណេស៊ី ​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (DRC)​ ដែល​ជា​ប្រទេសបី​​មាន​ព្រៃ​រង​ទឹក​ភ្លៀង​ធំ​ជាង​គេ​បំផុត​របស់​ពិភព​លោក​ ​បាន​​ចាប់​ផ្តើម​ភាព​ជា​ដៃគូ​អាកាស​ធាតុ​ ដើម្បី​ធ្វើ​ការ​រួម​គ្នា​លើ​ការ​អភិរក្ស​ព្រៃ​ឈើ​។

​​​កិច្ច​ព្រម​ព្រៀង​ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៤ ខែ​វិច្ឆិកានេះ​​ ធ្វើ​ឡើង​ក្រោម​​​​សមិទ្ធផល​នៃ​​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​អា​កា​ស​ធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​លើក​ទី​២៧ (COP27)។ វា​​នឹង​​ក្លាយ​ជា​ការ​​រួម​គ្នា​ដ៏​មាន​ប្រយោជន៍ ​​​ក្នុង​ការ​ចេញ​​សក​ម្មភាព​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ​ក៏​ព្រោះ​​តែ​​​ព្រៃ​ត្រូពិក​ដ៏​​ធំ​របស់​ប្រទេស​ទាំងបី​ រង​​​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ ដោយ​សារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​និង​ការ​ធ្វើ​កសិកម្ម​។​

​រដ្ឋ​មន្ត្រី​​សម្រប​សម្រួល​​កិច្ចការ​​សមុទ្រ​ និង​​វិនិយោគ​​របស់​​ឥណ្ឌូនេស៊ី​ លោក​ Luhut Binsar Pandjaitan​ ​បាន​និយាយ​នៅ​ក្នុង​​សេចក្តី​​ថ្លែងការណ៍​​ថា ​៖ «​​អ្នក​តំណាង​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ប្រេស៊ីល ​និង​​កុងហ្គោ​​បាន​ប្រកាស​កិច្ច​សហប្រតិបត្តិ​ការ​ព្រៃ​​​ឈើ​ត្រូពិក​ និង​សកម្មភាព​អាកាសធាតុ​ នៅ​​ក្នុង​​ព្រឹត្តិការណ៍​ភាគី ​COP27 ​របស់​អេហ្ស៊ីប​នៅ​ថ្ងៃ​ទី​ ០៧​ ខែ​វិច្ឆិកា​ ហើយ​បាន​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃ​នេះ​»។ ​

លោក​ Pandjaitan​ ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​​ G-20 ថា ​៖ «​យើង​ត្រូវ​ការ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នក​ដទៃ ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម​។​ ​បើ​ធ្វើ​ម្នាក់​ឯង​ យើង​សម្រេច​បាន​តិចតួច​​ ​ហើយ​បើ​ធ្វើ​រួម​គ្នា​ យើង​អាច​សម្រេច​​​បាន​ច្រើ​ន​»​។​

គួរ​បញ្ជាក់​ថា​ កិច្ចព្រមព្រៀងនេះ​អំពាវ​នាវ​ឱ្យ​ភាគី​ទាំង​​បីប្រទេស​ ទទួល​បាន​សំណង​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​ដោយ​ផ្តោត​លើ​បញ្ហា​រួម​គ្នា​ដូច​ជា​លទ្ធភាព​ទទួល​បាន​ហិរញ្ញ​វត្ថុ​អាកាស​ធាតុ​ និង​តម្លៃ​​​នៃ​ការ​លក់​កាបូន​។

​សេចក្តី​ថ្លែងការណ៍​ឥណ្ឌូនេស៊ី​​​បាន​និយាយ​ទៀត​ថា​ ប្រទេស​នានា​​មាន​ផល​ប្រយោជន៍​រួម​ក្នុង​ការ​សហការ​ដើម្បី​បង្កើន​តម្លៃ​នៃ​ព្រៃ​ត្រូពិក​របស់​ពួក​គេ​ និង​ដើម្បី​ធានា​ថា​ ព្រៃ​ឈើ​ត្រូពិក​ទាំង​នេះ​បន្ត​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អាកាសធាតុ​ និង​ប្រជាជន​​។​

​​កិច្ច​ព្រម​ព្រៀង​​អភិរក្សា​ព្រៃ​ឈើនេះ​ ​បាន​សម្រេច​ឡើង​ ខណៈ​​ដែល​ប្រធានាធិបតីប្រេស៊ីល​​ថ្មី​ទើប​ជាប់​ឆ្នោត​​ថ្មី​ លោក​ Luiz Inacio Lula da Silva ​រំពឹង​ថា​នឹង​សន្យា​ថា​​ធ្វើ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​បរិស្ថាន​របស់​មេដឹកនាំ​ចាស់​គឺ​លោក​ ហ្ស៊ែរ​ ប៊ុលសូណារ៉ូ​ ​​ដើម្បី​ការពារ​ព្រៃ​អាម៉ាហ្សូន​ ដែល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ដំណំ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​​

​គួរ​ឱ្យ​កត់​សម្គាល់​ពី​លើ​នេះ​ វា​ក៏​ជា​សមិទ្ធផល​ដ៏​ប្រសើរ​ ​ស្រប​ពេល​ដែល​ ប្រទេស​កុងហ្គោ​ ដែល​​​មាន​ព្រៃ​រង​ទឹក​ភ្លៀង​ធំ​ជាង​គេ​ទី​២​របស់​ពិភព​លោក​ ​​​បាន​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​ចំពោះ​​ការ​ដាក់​ឱ្យ​​ដេញ​ថ្លៃលើ​គម្រោង​ទាញ​យក​ប្រេង​ និង​​ហ្គាស​ ​ដែលមាន​ប្លុក​​មួយ​ចំនួន​ស្ថិត​នៅ​លើ​តំបន់​រសើប​។

កន្លង​មក​ ​កុងហ្គោ ដែល​ជា​ប្រទេស​ក្រីក្រ​​ បាន​​ទទូច​​​ថា​​ការ​​អភិវឌ្ឍ​​ធន​ធាន​​ហ្វូស៊ីល​​របស់​​ខ្លួន​​ជា​​កត្តា​​ចាំ​បាច់​​ខាង​​សេដ្ឋកិច្ច​ ទោះ​បី​មាន​​ការ​ព្រមាន​ពី​ផល​ប៉ះ​​ពាល់​​បរិស្ថាន​ក្ដី។

យ៉ាង​ណា​មិញ​ ​រដ្ឋ​មន្ត្រី​បរិស្ថាន​របស់​ប្រទេស​ លោក​ស្រី​​ Eve Bazaida Mazudi ​​បាន​​អះ​អាង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ឥណ្ឌូណេស៊ី​ថា​ ប្រទេស​ទាំង​បីអាច​ផ្តល់​ដំណោះ​ស្រាយ​ចំពោះ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​រួម​គ្នា​ ហើយ​បន្ត​ថា​៖ «​​​​បច្ចុប្បន្ន​ ពិភព​លោក​កាន់​តែ​ក្តៅ​ទៅ​ៗ​ ​​ដូច្នេះ​មនុស្ស​ជាតិ​ត្រូវ​ការ​ព្រៃ​រង​ទឹក​ភ្លៀង​ ដើម្បី​ស្រូប​យក​ឧស្ម័ន​កាបូនិក​»៕

ដោយ៖ ហួន ឌីណា ប្រភព៖ Rainforest giants Brazil, Indonesia, DR Congo sign deforestation pact

ads banner