អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា៖ បេក្ខជនប្រឡងបាក់ឌុបត្រូវអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រាប់​ឱ្យ​ដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹង​ប្រព្រឹត្តទៅនាថ្ងៃទី៥និងទី៦ ខែធ្នូខាងមុខនេះ មានចំនួនជាង ១២ម៉ឺននាក់​ និងមានមណ្ឌលប្រឡង​ជាង​២០០មណ្ឌលផងដែរ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រាប់​ឱ្យ​ដឹងនៅថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ ថា ​យោងតាម​តួលេខបណ្តោះអាសន្ន ដែល​គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ដែលបានដាក់ពាក្យប្រលងមានចំនួនសរុប​ ១២៨ ១៣៦ នាក់ ក្នុងនោះ​បេក្ខនារី​ ចំនួ ៦៨ ៧៧៣នាក់​ផងដែរ។

ចំនួនបេក្ខជន​ដែល​បានចុះឈ្មោះប្រឡងទាំងនោះមាន ​ថ្នាក់វិទ្យាសាស្រ្តចំនួន ៤២ ៩៣៦ នាក់​ និងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ៨៥ ២០០ នាក់។

ទាក់ទងនឹង​ចំនួនមណ្ឌលប្រឡង​ លោក រស់ សុវាចា បាន​ប្រាប់​ឱ្យដឹងថា​ សម្រាប់មណ្ឌលប្រឡងសរុបមាន​ចំនួន ២២១ ក្នុងនោះ​កើនចំនួន១៧ មណ្ឌលប្រឡង។​​

ទន្ទឹមនឹងនេះដែរ ខណៈដែលការប្រឡងនេះកាន់តែរំកិលជិតមកដល់ផងនោះ លោក រស់ សុវាចា ក៏បាន​ផ្ញើសារទៅ​ដល់​បេក្ខជនប្រឡងបាក់ឌុប ឪពុកម្តាយ​ និងគ្រប់ភាគីពាក់ព័ន្ធក្នុង​ការ​ខិតខំប្រឹងប្រែងរៀនសូត្រ ការជំរុញ​​និងលើកទឹកចិត្ត​បេក្ខជនជាដើម។

លោក​បាន​ឱ្យ​ដឹងថា ៖ «​សូមបេក្ខជនប្រឡងបាក់ឌុប បន្តការត្រៀមខ្លួនប្រឡងតាមផែនការបុគ្គលដោយខិតខំរៀនសូត្រក្នុងថ្នាក់ និងធ្វើស្វ័យសិក្សាបន្ថែម ព្រមទាំងស្តាប់ដំបូន្មានរបស់មាតាបិតា និងបន្តអនុវត្តគោលការណ៍សុខាភិបាល, គោរពច្បាប់ចរាចរណ៍, និងចៀសវាងការប្រើប្រាស់ថ្នាំញៀនខុសច្បាប់និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត»។

​ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះ ក៏​បាន​ជំរុញ​ឱ្យ​បេក្ខជនបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងការបន្តចូលរួមប្រតិបត្តិវិធានការសុវត្ថិភាពសុខភាព ដោតញុំាអាហារឲ្យគ្រប់គ្រាន់ សម្រាក​ឲ្យ​បាន​ច្រើន​ជាដើម។  ​

​សម្រាប់​ឪពុកម្តាយ អាណាព្យបាល​របស់​បេក្ខជន ក៏ត្រូវបន្តជួយដំណើរការរៀសូត្រ និងការត្រៀមប្រឡងរបស់កូនៗ ដែលទាមទារឲ្យបន្តមានការជួយជ្រោមជ្រែងពីពួកគាត់ដែរ និងបន្តលើកទឹកចិត្តជួយសិស្សានុសិស្សនិងបេក្ខ​ជនប្រឡងបាក់ឌុបឲ្យអនុវត្តន៍លំហាត់និងរៀនបន្ថែមនៅផ្ទះ។

​ឯកឧត្តម រស់ សុវាចា បានបន្ថែមថា ៖ «ក្រសួងអប់រំ យុវជន និងកីឡាអរគុណចំពោះបុគ្គលិកអប់រំ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្សបេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធដែលបានបន្តចូលរួមលើកកម្ពស់ការបង្រៀន រៀន និងបានចូលរួមគាំទ្រដំណើរការប្រឡងបាក់ឌុបគ្រប់ដំណាក់កាល មុននិងក្នុងបរិបទកូវីដ១៩»។

ដោយឡែក កាល​ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា បាន​រៀបចំនូវ​សិក្ខាសាលាមួយស្តីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ ដើម្បីឱ្យដំណើរការប្រឡង​ ពិសេសដំណើរការកំណែប្រព្រឹត្តទៅដោយរលូន។

​បើតាមក្រសួង​ សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយផ្តោតលើ ធ្វើបទបង្ហាញស្ដីពីតួនាទី និងភារកិច្ចគណៈកម្មការក្រុមមុខវិជ្ជា, ការរៀបចំអក្សរសម្ងាត់, បទបង្ហាញស្ដីពីនីតិវិធីនៃការចុះអក្សរសម្ងាត់ និងការបែងចែកក្រុមការងារប្រតិបត្តិដែលមានចំនួន២០ក្រុម។

សូមជម្រាបផងដែរថា ទោះបីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលក្តី ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តអ​នុវត្តវិធានការការពារការចម្លង ដោយបានដាក់ចេញសេចក្តីណែនាំប្រតិបត្តិស្ដីពីវិធានការសុខភាព និងសុវត្ថិភាព ស​ម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបាននូវការការពារសុខភាព និងសុវត្ថិភាពជូនបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ផងដែរ៕

ដោយ៖នាង សុគន្ធា

ads banner