កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដើម្បីផ្តល់យោបល់ដល់អង្គនិតិប្រតិបត្តិអាស៊ាន នៅចុងខែវិច្ឆិកានេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានឬហៅកាត់ថា អាយប៉ា (AIPA) លើកទី៤៣ រយៈពេលជិតមួយសប្តាហ៍នៅចុងខែវិច្ឆិកានេះ ដែលនឹងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូជាច្រើន។

ការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសនានានេះ ដើម្បីប្រមូលផ្តុំសំឡេងពលរដ្ឋសហគមន៍អាស៊ានជំរុញឲ្យបានគោលដៅ និងចក្ខុវិស័យតែមួយរបស់អាស៊ាន និងជាការផ្តល់យោបល់បន្ថែមដល់អង្គនិតិប្រតបត្តិអាស៊ានក្នុងការបោះជំហានទៅមុខរួមគ្នា។

តាមរយៈសេចក្តីប្រកាសកាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ពីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានឱ្យដឹងថា កម្ពុជានឹងរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅរាជធានីភ្នំពេញ រយៈពេលជិតមួយសប្តាហ៍ ពោលគឺចាប់បីថ្ងៃទី២០ ដល់ ២៥វិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន” (Advancing Together for Sustainable, Inclusive, and Resilient ASEAN)។

មហាសន្និបាតអន្តរសភាអាស៊ាននេះ នឹងដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងមានការចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់ព្រឺទ្ធសភា រដ្ឋសភា គណៈប្រតិភូប្រទេសសមាជិកអាយប៉ា ព្រមទាំងវត្តមាន នៃគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ ភ្ញៀវម្ចាស់ផ្ទះ និងអង្គការដៃគូនានាផងដែរ។

សេចក្តីប្រកាសបានបញ្ជាក់ថា ពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ជាផ្លូវការនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីនោះ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជា រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចចក្រី ហេង សំរិន ដែលជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នេះ នឹងថ្លែងសុន្ទរកថាបើកមហាសន្និបាតផងដែរ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានឱ្យដឹងថា មហាសន្តិបាតអន្តរសភាអាស៊ានហៅកាត់ថា អាយប៉ា នេះមានសារៈសំខាន់ណាស់ដែលដើរតួជាអង្គនីតិបញ្ញត្តិសម្រាប់អង្គការអាស៊ានដែលជាតួអង្គនីតិប្រតិបត្តិនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ព្រមទាំងដើម្បីផ្តល់មតិយោបល់បន្ថែមទៅដល់អាស៊ានហើយអាយប៉ានេះ ជាប្រពៃណីត្រូវរៀបចំធ្វើជារឿងរាល់ឆ្នាំដោយប្តូរវេនតាមយន្តការអាស៊ានក្រោយកិច្ចប្រជុំកំពូលអាស៊ាន។

ឯកឧត្តមបានប្រាប់ថា ៖ «អាយប៉ានឹងជូនជាមតិយោបល់មួយចំនួនទៅកាន់អាស៊ានដើម្បីឱ្យអាស៊ានចាប់អារម្មណ៍លើបញ្ហាមួយចំនួនដែលខាងអន្តរសភាអាស៊ានយល់ថាមានសារៈសំខាន់។អាយប៉ាក៏នឹងពិភាក្សាពីដំណើរឈានទៅមុខរបស់អាស៊ានផងដែរ»។

បើតាមអ្នកនាំពាក្យរូបនេះ កិច្ចពិភាក្សានឹងផ្តោតលើបញ្ហាលើកតម្កើងស្ត្រី, សភាវ័យក្មេង, លើកតម្កើងសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន, លើកកម្ពស់ពហុភាគីនិយម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ព្រមទាំងមានសំណើរឲ្យមានបណ្ណាល័យអេឡិចត្រូនិកអាស៊ាន(E-Library ASEAN) ជាដើម។

ជាមួយគ្នានេះដែរលោកបណ្ឌិត គិន ភា ប្រធាទវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រាប់ដែរថា ក្នុងយន្តការកិច្ចសហប្រតិបត្តិការនូវក្របខណ្ឌអាស៊ាននេះ មានច្រើនទម្រង់ហើយតួអង្គនីតិបញ្ញត្តិនេះ ក៏ជាភាពចាំបាច់មួយដែរ ដើម្បីរួមគ្នាក្នុងគោលការណ៍ពហុភាគីនិយមក្នុងការជជែកពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ។

លោកបណ្ឌិតបានបញ្ជាក់ថា ៖ «ខ្ញុំយល់ថា វាជាវេទិកាសំខាន់មួយសម្រាប់ក្របខណ្ឌពហុភាគីនិយម ដើម្បីអមជាមួយយន្តការ និងវេទិកាផ្សេងទៀតរបស់អាស៊ាន ដើម្បីឲ្យវាដើរទាំងព្រមគ្នា ទាំងស្ថាប័ននិតិប្រតិបត្តិ និងស្ថាប័ននិតិបញ្ញត្តិ។ ដោយឡែកអាយប៉ានេះ ជាពហុភាគីនិយមផ្នែកនីតិបញ្ញត្តិ ដែលលើកឡើងពីបញ្ហាប្រឈម ពីដំណោះស្រាយ ជាអនុសាសន៍ ដែលញ៉ាំងឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត»។

សម្រាប់មហាសន្និបាតជិតមួយសប្តាហ៍នេះ ក៏នឹងមានកិច្ចប្រជុំតាមគណៈកម្មាធិការជំនាញអាយប៉ាជាច្រើនដែរ ដែលប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូ ចូលរួមប្រជុំរួមមាន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិកិច្ចប្រជុំពេញអង្គ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី(WAIPA) កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេង កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងកិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចជាដើម។

សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា ជាសភានៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ទាំង១០ រួមមាន ព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ។ជាសំឡេងប្រមូលផ្តុំនៃពលរដ្ឋសហគមន៍អាស៊ាន ដែលជាដៃគូអាស៊ានដើម្បីជំរុញឱ្យបានសម្រេចគោលដៅ និងចក្ខុវិស័យរួមរបស់អាស៊ាន៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner