អត្តពលិកកីឡាប៉េតង់កម្ពុជា ឈរលេខ១ ពីជើងឯកអាស៊ី ក្នុងចំណោម១៥ប្រទេសចូលរួម
ភ្នំពេញ៖អត្តពលិកកីឡាប៉េងតង់កម្ពុជា ដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប៧គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ២គ្រឿង ពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០២២ ក្នុងចំណោម១៥ប្រទេសចូលរួម។
ថ្លែងបញ្ជាក់ពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម សុខ សាកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀត និងជាសញ្ញាវិជ្ជមានមួយ ក្នុងការត្រៀមខ្លួនរួចជាស្រេច សម្រាប់អត្តពលិកកីឡាប៉េតង់កម្ពុជា ដំណើរឆ្ពោះទៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដោយជោគជ័យ។ ឯកឧត្តមប្រធាន បន្តថា មេដាយមាស៣គ្រឿង ដែលកម្ពុជាដណ្តើមបាន គឺកើតចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក ជាពិសេសការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ពីព្រោះអត្តពលិកចូលរួមការប្រកួតកម្រិតអាស៊ីនេះ សិតសឹងតែជើងខ្លាំង ដូចជា ប្រទេសថៃ ដណ្តើមបានមេដាយមាស ២គ្រឿង វៀតណាម ដណ្តើមបានមេដាមាស១គ្រឿង។ ឯកឧត្តម បន្ថែមថា ជោគជ័យនេះ ដោយសារសហព័ន្ធបានយកចិត្តទុកដាក់ខ្ពស់បំផុត ដោយបានជំរុញការងារតម្លាភាពទាំង៤ គឺកីឡាករ កីឡាការិនីជម្រើសរើសជាតិធ្វើការជ្រើសរើសច្បាស់លាស់ ជម្រុះប្រចាំខែ ប្រកួតប្រចាំខែ តេស្តប្រចាំ និងការប្រកួតជម្រុះស្វែងរកកីឡាករ កីឡាការិនីឆ្នើមចេញទៅប្រកួតក្រៅប្រទេស។ សមិទ្ធផលនេះ គឺជាសក្ខីភាពក្នុងការខិតខំរបស់សហព័ន្ធគឺពិតទទួលបានផ្លែផ្កាគួរជាមោទក ពានរង្វាន់សមាគមមួយ និងមេដាយសរុប៧គ្រឿង និងមេដាយសរុបពីការប្រកួតកម្រិតអន្តរជាតិ គិតត្រឹមថ្ងៃនេះ សរុប៣៩៤គ្រឿង។ ឯកឧត្តម សុខ សូកាន បន្ថែម។
ឯកឧត្តម ក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc និងក្រសួងអប់រំយុវជន និងកីឡា ដែលតែងតែឧបត្តមគាំទ្រ ផ្តល់ថវិកាជាប្រចាំដល់កីឡាករ កីឡាការិនីជ្រើសរើសជាតិហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងដណ្តើមមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកអាស៊ី លើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) ឆ្នាំ២០២២ សហព័ន្ធកីឡាប៉េតង់កម្ពុជា បានបញ្ជូនអត្តពលិក ប្រតិភូសរុប២៧នាក់ ជាលទ្ធផលដណ្តើមបានមេដាយសរុប៧គ្រឿង និងពនាសមាគមមួយ។
សូមបញ្ជក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានព្រឹត្តការណ៍ប្រកួតទៀត សម្រាប់អត្តពលិក គឺព្រឹត្តការណ៍កីឡាជាតិលើកទី៣ នាចុងខែវិច្ឆិកានេះ និងពានរង្វាន់ករុគុណ នាខែធ្នូខាងមុខនេះ៕ ចាន់ វិចិត្រ