សហព័ន្ធកីឡារាំអន្ដរជាតិ សរសើរកម្ពុជា ក្រោយជោគជ័យ ពីការប្រកួតជើងឯកពិភពលោក នៅវៀតណាម

ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា ក្នុងការប្រកួតកីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SuperStar Championship 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ១០ និងសំរឹទ្ធ ៣។

សមិទ្ធផលនេះ បានធ្វើឲ្យសហព័ន្ធកីឡារាំអាស៊ី ក៏ដូចជាសហព័ន្ធកីឡារាំពិភពលោក មានការភ្ញាក់ផ្អើល និងកោតសរសើរ ចំពោះភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់កីឡារាំកម្ពុជា ក្នុងនាមប្រទេសដែលទើបកើតមានកីឡារាំថ្មីថ្មោង បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោក។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា ក្នុងឱកាសលោកជំទាវអញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី កាលពីយប់មិញ។

ប្រមុខសហព័ន្ធខាងលើ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីកម្ពុជា រហូតដណ្ដើមបានមេដាយយ៉ាងច្រើនជូនជាតិ ក្នុងការប្រកួតកម្រិតពិភពលោកនេះ ដែលស្ដែងចេញឲ្យឃើញនូវភាពរីកចម្រើន ក៏ដូចជាការត្រៀមខ្លួនបានកាន់តែល្អប្រសើរ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ចំពោះស្ថាប័នអន្ដរជាតិវិញ ក៏បានចូលរួមអបអរសាទរជាមួយភាពរីកចម្រើនរបស់វិស័យកីឡារាំកម្ពុជានេះផងដែរ។

លោកជំទាវបញ្ជាក់ថា ៖«ពាក់ព័ន្ធនឹងការវាយតម្លៃរបស់សហព័ន្ធកីឡារាំអាស៊ី និងពិភពលោក បើតាមការបញ្ជាក់របស់លោកគ្រូ ក៏ដូចជាឆ្លងកាត់កិច្ចប្រជុំជាមួយសហព័ន្ធកីឡារាំអន្ដរជាតិ តាម ZOOM គេបានកោតសរសើរ និងវាយតម្លៃយើងថា កីឡាករ-កីឡាការិនីកម្ពុជា មានសក្ដានុពលល្អ។ មានន័យថា យើងមានគ្រាប់ពេជ្រក្នុងដៃ នៅពេលដែលយើងទៅប្រកួតនៅវៀតណាមនេះ។ គេមើលឃើញថា កីឡាករ-កីឡាការិនីរបស់យើង មានការលូតលាត់ខ្លាំង ពីព្រោះរយៈពេលនៃការហ្វឹកហាត់ និងការកកើតនូវកីឡានេះ គឺមានរយៈពេលខ្លី បើធៀបនឹងបណ្ដាប្រទេសផ្សេងៗ ដែលប្រទេសខ្លះកកើតកីឡានេះ មុនកម្ពុជា ៥០ឆ្នាំឯណោះ។ យើងកកើតមិនទាន់បាន ១០ឆ្នាំផង តែយើងទទួលបាននូវមេដាយ ហើយរីកលូតលាស់គួរឲ្យកត់សម្គាល់ ទាំងលើឆាកជាតិ និងអន្ដរជាតិ។ នេះគឺជាមោទនភាព សម្រាប់សហព័ន្ធយើង ក៏ដូចជាប្រទេសជាតិផងដែរ»។

លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានប្រតិភូដឹកនាំ ក្នុងបេសកកម្មខាងលើ បានឲ្យដឹងថា ការប្រកួតនេះ មានលក្ខណៈធំ ព្រោះមានប្រទេសជាច្រើនចូលរួម ហើយគណៈកម្មការ និងចៅក្រមកាត់សេចក្ដី សុទ្ធតែបានអញ្ជើញមកពីសហព័ន្ធកីឡារាំអាស៊ី និងពិភពលោក។ រីឯកីឡាករ-កីឡាការិនី គឺមានគ្រប់វ័យ។ តាមរយៈនេះ សបញ្ជាក់ឲ្យឃើញថា ការដណ្ដើមបានមេដាយរបស់កីឡាករ-កីឡាការិនី គឺបានដោយសារការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទាំងលើវិញ្ញាសាឯកត្ដជន និងរាំគូជាដើម។

គួរដឹងថា កម្ពុជាបានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១៣រូប ចូលរួមប្រកួត WDSF SupeStar Championship 2022 ដែលមានអត្តពលិកមកពី ១៥ប្រទេសចូលរួម រួមមានកម្ពុជា អូស្ដ្រាលី ចិន អាល្លឺម៉ង់ អ៊ីតាលី ប៊ូឡូញ ឆាយនីសតៃប៉ិ ហុងកុង ម៉ុងហ្គោលី បារាំង កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងម្ចាស់ផ្ទះវៀតណាម។ ជាលទ្ធផលក្រុមកីឡារាំកម្ពុជា ដណ្ដើមបានមេដាយមាស ៤ មេដាយប្រាក់ ១០ និងមេដាយសំរឹទ្ធ ៣ សរុបចំនួន ១៧គ្រឿង៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner