រដ្ឋមន្រ្តីក្រសួងការងារ៖ ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ
ភ្នំពេញ៖ ការធានានូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តអាទិភាពដែលត្រូវបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ ២០១៩-២០២៣ ដើម្បីចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
នេះជាការលើកឡើងរបស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីនីតិវិធីនៃការដោះស្រាយវិវាទបុគ្គល ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សិក្ខាសាលានេះ មានការចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញ មកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, អង្គការអន្តរជាតិខាងការងារឬអាយឡូ(ILO), ក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល, សមាគមនិយោជក, សហភាពសហជីព, សហព័ន្ធសហជីព, សភាពាណិជ្ជកម្មកម្ពុជា, និងសភាពាណិជ្ជកម្មអន្តរជាតិនានាប្រចាំនៅកម្ពុជា។
ឯកឧត្តមមន្រ្តីបានថ្លែងថា ៖ «ក្រោមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទំនាក់ទំនងវិជ្ជាជីវៈ នៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះត្រូវបានទទួលស្គាល់ថាកាន់តែមានភាពចាស់ទុំ ដែលធានាបាននូវភាពសុខដុមរមនានិងភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ»។
អត្រាសះជានៅក្នុងការដោះស្រាយវិវាទការងារដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការកើនឡើងជាលំដាប់ ដែលកត្តានេះសរបញ្ជាក់ឱ្យឃើញអំពីប្រសិទ្ធភាព និងសមត្ថភាពរបស់មន្ត្រីផ្សះផ្សាវិវាទនិងភាពចាស់ទុំនៅក្នុងទំនាក់ទំនងវិជ្ជាជីវៈ។នេះបើតាមការលើកឡើងបន្ថែមលោករដ្ឋមន្រ្តី។
លោកបានបញ្ជាក់ថា៖ «វិវាទការងាររួមដែលដោះស្រាយមិនសះជាដោយមន្ត្រីផ្សះផ្សាវិវាទនៃក្រសួងការងារត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីដោះស្រាយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានទទួលស្គាល់ថាជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលបានដោះស្រាយសះជាក្នុងអត្រា ៧០ភាគរយនូវវិវាទការងាររួមដែលក្រសួងបានបញ្ជូនទៅ»។
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា នីតិវិធីក្នុងការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលរួមមាន៖ ប្រភេទវិវាទបុគ្គល,ចំនួនអាជ្ញាកណ្តាល, សិទ្ធិតំណាងរបស់ភាគីវិវាទ, រយៈពេលនៃការដោះស្រាយ,ប្រភេទសេចក្តីបង្គាប់និងបន្ទុកភស្តុតាង។
យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីខែតុលា បានឱ្យដឹងថា ក្រសួងបានដោះស្រាយវិវាទបុគ្គល និងដោះស្រាយវិវាទការងាររួមនៅតាមរោងចក្រ សហគ្រាស ក្នុងរយៈពេល៥ឆ្នាំកន្លងមកទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ខណៈការធ្វើកូដកម្មមានការថយចុះមកនៅត្រឹម ០,១ ភាគរយ។
របាយការណ៍ដដែលបានបន្តថា ករណីវិវាទបុគ្គលដែលត្រូវបានដោះស្រាយសះជានៅកម្រិតក្រសួងកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ ២០១៨ មាន ៥៧ ករណី, ២០១៩ មាន ៣០ ករណី, ២០២០ មាន ៤១ ករណី, ២០២១ មាន ៦០ ករណី និងឆ្នាំ ២០២២ ដោះស្រាយបាន ៦២ ករណី។
ក្រសួងបានបញ្ជាក់ថា ៖ «អត្រាសះជានៃវិវាទបុគ្គលនៅកម្រិតក្រសួង បន្តកើនឡើងជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងអំពីប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងភាពប្រសើរឡើងនៃសមត្ថភាពរបស់មន្រ្តីផ្សះផ្សា»។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនាសន្និសីទសារព័ត៌មានកាលពីដើមខែតុលាថា ៖ «សម្រាប់ដោះស្រាយវិវាទរួមឃើញថា ការសះជានៅកម្រិតរបស់សហគ្រាស និងក្រសួងមានការកើនឡើង ដូចជានៅឆ្នាំ ២០២២នេះ កម្រិតសះជានៅក្រសួងឡើងដល់ ៦០ ភាគរយនៃវិវាទការងាររួម ហើយនៅជាង ៣០ ភាគរយក៏មានការសះជានៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល»៕ ដោយ៖ នាង សុគន្ធា