អ្នកជំនាញ បារម្ភពីជំងឺទឹកនោមផ្អែម ដែលកំពុងគំរាមកំហែងកាន់តែខ្លាំងដល់សុខភាព និងសេដ្ឋកិច្ច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អ្នកជំនាញ បានបង្ហាញពីការព្រួយបារម្ភចំពោះស្ថានភាពជំងឺទឹកនោមផ្អែមនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក ដោយសារប្រជាពលរដ្ឋភាគច្រើននៅមិនទាន់បានយល់ដឹងពីរបបអាហារត្រឹមត្រូវ និងចាប់អារម្មណ៍អំពីគ្រោះថា្នក់នៃជំងឺនេះនៅឡើយ។

ទន្ទឹមគ្នានេះ អ្នកជំនាញ ក៏បារម្ភពីជំងឺនេះថា កំពុងគំរាមកំហែងកាន់តែខ្លាំងដល់សុខភាព និងសេដ្ឋកិច្ចកម្ពុជាថែមទៀត។ ការលើកឡើងនេះ គឺធ្វើឡើងស្របពេលដែលពិភពលោកកំពុងរួមគ្នាប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា។

លោក ហ៊ូ ក្រើន នាយកអង្គការហេឡេន ខេល័រអន្តរជាតិ ប្រចាំកម្ពុជា (Helen Keller) បានលើកឡើងថា ជំងឺទឹកនោមផ្អែមអាចបង្កឡើងតាមរយៈការមានរបបអាហារមិនល្អចំពោះសុខភាព ធាត់លើសទម្ងន់ និងការមិនសូវបញ្ចេញកម្លាំងពលកម្មជាដើម។

លោកបានប្រាប់ថា ៖ «បើតាមរបាយការណ៍អាហារូបត្ថម្ភសកលឆ្នាំ២០២០ ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាមានកុមារអាយុចាប់ពី៥ដល់១៩ឆ្នាំ ចំនួនប្រមាណជាង១ភាគ៨មានបញ្ហាឡើងទម្ងន់និងជំងឺធាត់។ និន្នាការនេះ គឺនៅតែបន្តកើនឡើងជាលំដាប់ ខណៈចំនួន២ភាគបីនៃការស្លាប់នៅកម្ពុជាគឺបណ្តាលមកពីជំងឺមិន ហើយភាគច្រើនមានការជាប់ពាក់ព័ន្ធនឹងការបរិភោគចំណីអាហារមិនប្រុងប្រយ័ត្ន»។

ទាក់ទងនឹងបញ្ហាជំងឺទឹកនោមផ្អែមនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ក៏បានបង្ហាញពីក្តីបារម្ភផងដែរ ដោយលោកស្រីលើកឡើងថា បញ្ហាជំងឺមិនឆ្លង ពិសេសជំងឺទឹកនោមផ្អែម មិនត្រឹមតែធ្វើឱ្យជួបផលលំបាកសុខភាពប៉ុណ្ណោះទេ បញ្ហានេះក៏កំពុងជះឥទ្ធិពលខ្លាំងដល់និរន្តរភាពសេដ្ឋកិច្ចកម្ពុជាផងដែរ។

លោកជំទាវបានជំរុញដល់ពលរដ្ឋកម្ពុជាទាំងអស់យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ពិសេសលើរបបរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងៗទៀត។

លោកជំទាវបានបញ្ជាក់ថា ៖ «បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តន៍ក្នុងការរស់នៅប្រចាំថ្ងៃ ដោយត្រូវប្រកាន់ទម្លាប់ពិសារអាហារល្អ ដោយកុំពិសារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងធ្វើលំហាត់ប្រាណ ជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម»។

មនុស្សប្រហែល ៤២២ លាននាក់ នៅទូទាំងពិភពលោកមានជំងឺទឹកនោមផ្អែម ភាគច្រើនរស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយមនុស្សចំនួន ១,៥ លាននាក់ ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ World Life Expectancy។

បើយោងតាមការវាយតម្លៃរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បានឱ្យដឹងដែរថា ប្រជាជនកម្ពុជា បានចំណាយថវិការ ប្រមាណ ១០៣ លានដុល្លារអាមេរិក ទៅលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែម របស់ពួកគេ ក្នុង ១ ឆ្នាំៗ។

សហព័ន្ធមួយនេះ ក៏បានប៉ាន់ប្រមាណដែរថា ៖ «ក្នុងឆ្នាំ ២០៣០ ការចំណាយលើថ្លៃព្យាបាលលើជំងឺទឹកនោមផ្អែមរបស់ប្រជាជនកម្ពុជាអាចនឹងកើនដល់ជាង ១៤៥ លានដុល្លារអាមេរិក ប្រសិនបើពួកគេមិនផ្លាស់ប្ដូរឥរិយាបថ នៅក្នុងការទទួលទាននៃរបបអាហាររបស់ពួកគេទេនោះ»។

នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ អត្រាស្លាប់នៃអ្នកកើតជំងឺទឹកនោមផ្អែមបានកើនដល់ ៨ ៣២៥ នាក់ ខណៈអត្រាអ្នកកើតជំងឺនេះបានកើនដល់ជិត ៥០ ម៉ឺននាក់។

សូមបញ្ជាក់ដែរថា ទិវាជំងឺទឹកនោមផ្អែមពិភពលោក ត្រូវបានសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ អង្គការសុខភាពពិភពលោក (WHO) និងអង្គការសហប្រជាជាតិ បានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីសម្តែងក្តីបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺទឹកនោមផ្អែមនេះ។

បើតាមតួលេខរបស់សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ (IDF) បានទៀតថា ចំនួនអ្នកមានជំងឺទឹកនោមផ្អែមនៅកម្ពុជា មានការកើនឡើងជាងមួយភាគរយចាប់ពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១៩។

សម្រាប់ឆ្នាំ២០១០ អង្គការមួយនេះ បានរកឃើញថាក្នុងចំណោមមនុស្សពេញវ័យសរុប អ្នកមានជំងឺទឹកនោមផ្អែមមានចំនួន៥,២ភាគរយ និងនៅឆ្នាំ២០១៩ តួលេខបានឡើងដល់៦,៤ភាគរយ។ ដូចគ្នាដែរ ក្នុងចំណោមអ្នកមានជំងឺទឹកនោមផ្អែមទាំងអស់ មានរហូតដល់៦២ភាគរយ មិនដឹងថាខ្លួនមានផ្ទុកជំងឺទឹកនោមផ្អែមនោះទេ។

ចំណែកអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅកម្ពុជាវិញ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ បានរកឃើញថាអ្នកមានជំងឺទឹកនោមផ្អែម២២នាក់ស្លាប់ក្នុងមួយថ្ងៃ គិតក្នុងឆ្នាំ២០១៩។ បើនិយាយដល់ការចំណាយលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែម ស្ថាប័នអន្តរជាតិនេះ បានរកឃើញថាអ្នកជំងឺម្នាក់ចំណាយប្រហែល២៣៨ដុល្លារក្នុងមួយឆ្នាំ ឬបើនិយាយពីការចំណាយលើថ្លៃព្យាបាលរបស់អ្នកជំងឺទឹកនោមផ្អែមទាំងអស់ ជាសរុបក្នុងឆ្នាំ២០១៩ មានប្រហែល១០២លានដុល្លារអាមេរិក។

ស្ថាប័នមួយនេះ បានប៉ាន់ប្រមាណដែរថា ក្នុងឆ្នាំ២០៣០ ការចំណាយលើថ្លៃព្យាបាលលើជំងឺទឹកនោមផ្អែមនៅកម្ពុជា អាចឡើងដល់១៤៥,៩លានដុល្លារអាមេរិកផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner