ឈើមួយបន្ទះធ្លាក់ពីលើការដ្ឋានសំណង់មួយកន្លែងក្នុងខណ្ឌចំការមន ត្រូវក្បាលបុរសម្នាក់ស្លាប់មួយរំពេក
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធម្ម បន្ទាប់ពីឈេីមួយបន្ទះបានធ្លាក់ពីលើការដ្ឋានសំណង់មួយកន្លែងត្រូវចំក្បាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ និង៥០នាទី រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវព្រះសុធារស ទល់មុខសាកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកដឹកជញ្ចូនរបស់ក្រុមហ៊ុនឯកជនឈ្មោះ «The Ostra Fine Food។ ហេីយមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានដើរខាងក្រោមការដ្ឋានមិនរៀបរយខាងលើនេះ ហើយពេលដើរនោះស្រាប់តែអ្នកដែលធ្វើការក្នុងការដ្ឋាននោះបានធ្វើឱ្យធ្លាក់បន្ទះឈើមួយពីជាន់លើបណ្ដាលឱ្យធ្លាក់ត្រូវក្បាលយុវជននោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងទីតាំងការដ្ឋាននោះបានបន្ថែមឱ្យដឹងថា ទីតាំងការដ្ឋាននោះតែងតែមានធ្លាក់ដែក ធ្លាក់ឈើជាញឹកញាប់ ក៏ប៉ុន្តែសំណាងល្អមិនត្រូវលើប្រជាពលរដ្ឋនៅជិតនោះគ្រាន់តែប៉ះពាល់សម្ភាររបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការហ៊ុមព័ទ្ធនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ នៅចំណុចកើតហេតុខាងលើ ដើម្បីធ្វើការទំនាក់ទំនងទៅសាច់ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តចាត់ការរឿងនេះតាមច្បាប់ផងដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី