កម្ពុជាកំពុងពង្រឹងសន្តិសុខបន្ថែម នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅខេត្តសៀមរាបចាប់ផ្តើម

អត្ថបទដោយ៖
CPA

សៀមរាប៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងកិច្ចការពារសន្តិសុខមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅខេត្តសៀមរាប។នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឯកឧត្តម ឧត្តមសេនីយ៍ អេង ហ៊ី ដែលបានផ្សាយជាសាធារណៈនៅថ្ងៃទី១៥ខែវិច្ឆកា។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសខាងលើបានលើកឡើងថា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានទៅដល់ខេត្តសៀមរាបតាំងពីថ្ងៃទី១៤ខែវិច្ឆិកាដើម្បីត្រួតពិនិត្យលើការងារចាំបាច់ជាច្រើនពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។

ឯកឧត្តម អេង ហ៊ី បញ្ជាក់ថា៖«នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្ត្រក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រជុំនានា នាពេលខាងមុខ»។

លោកបន្តថា៖«នាយឧត្តមសេនីយ៍ សៅ សុខា បានត្រួតពិនិត្យជាក់ស្តែងក្នុងសណ្ឋាគារដែលភ្ញៀវស្នាក់នៅ ទីកន្លែងប្រជុំ អាកាសយានដ្ឋានអន្តរជាតិសៀមរាប តម្រាយផ្លូវ និងរៀបចំគោលដៅឈរជើងការពាផ្ទាល់ ការពារដោយប្រយោល កម្លាំងអន្តរាគមន៍ ពេទ្យ រថយន្តអគ្គីភ័យ រថពាសដែក រថយន្តនាំក្បួន ម៉ូតូ គ្រឿងបំពាក់ យុទ្ធោបករណ៍ កាំម៉ារ៉ាសុវត្ថិភាព កន្លែងស្នាក់នៅរបស់ទ័ព ការដាំស្ល បន្ទប់អនាម័យ»។

ទោះជាយ៉ាងណាក្ដីអ្នកសារព័ត៌មានមិនទាន់អាចស្វែងរកព័ត៌មានពីចំនួនកងកម្លាំងដែលអាជ្ញាធរកម្ពុជាគ្រោងដាក់ពង្រាយដើម្បីការពារសន្តិសុខក្នុងកិច្ចប្រជុំបាននៅឡើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9″ ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាបនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ។

ប្រភពដដែលបន្តថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពី៖ «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខ ប្រកបដោយភាពសុខដុម»។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត ក៏មានកិច្ចប្រជុំក្រៅផ្លូវការចំនួនពីរ ដែលលោកទៀបាញ់ នឹងធ្វើជាសហប្រធាន រួមមាន៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដែលនឹងត្រូវបានរៀបចំជាបន្តបន្ទាប់គ្នា។លោក ទៀ បាញ់ ក៏នឹងទទួលទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីការពារជាតិ ចិន អូស្ត្រាលី សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ឥណ្ឌា និងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដើម្បីពិភាក្សាការងារលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងកម្ពុជា និងបណ្តាប្រទេសខាងលើ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបញ្ជាក់ទៀតនៅចុងបញ្ចប់នៃកិច្ចប្រជុំនានាសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពាជាតិនឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជូនរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋឥណ្ឌូណេស៊ីជាប្រធានប្តូរវេនសម្រាប់កិច្ចប្រជុំនានាក្នុងឆ្នាំ២០២៣ខាងមុខ៕

ads banner