មន្រ្តីគ.ជ.ប ៖ការពិនិត្យ និងចុះឈ្មោះបោះឆ្នោតមានបញ្ហាមួយចំនួនបានកើតមានឡើង ប៉ុន្តែមិនបានរារាំងសកម្មភាពនេះឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តី​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅក្នុងដំណើរការនៃ​ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ ​មានបញ្ហាមួយចំនួនបាន​កើតមានឡើង ប៉ុន្តែ​មិនមាន​អ្វីជាការរំខានដល់ការ​កិច្ច​ការងារនេះឡើយ។​

លោក ឌុច សុន សមាជិក គ.ជ.ប បានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយ​លោក​បង្ហាញថា បញ្ជាទាំងនោះ​មានដូចជា  ឃុំ សង្កាត់មួយចំនួនទទួលនូវជំនន់ទឹកភ្លៀង និងភូមិមួយចំនួនធំមានភ្លៀងធ្លាក់ខ្លាំង​ ទៅតាមតំបន់នីមួយៗនៅប៉ុន្មានថ្ងៃនៃការចាប់ផ្តើមចុះឈ្មោះដំបូង។​

លោកបាន​​ឱ្យដឹងថា ៖ «​​ខេត្តដែលនៅតាមដងទន្លេ នៅប៉ុន្មានថ្ងៃ​ដំបូង បានរងគ្រោះដោយសារទឹកជន់ ភូមិ ឃុំមួយចំនួន ដែល​​ពលរដ្ឋមានការចល័តស្វែងរកទីទួលសុវត្ថិភាព។ ​រីឯ​ជនបទខ្លះទៀតផ្លូវរអិល ទឹកលិចផ្លូវ ទឹកទន្លេ សមុទ្ររលកធំៗ ជាហេតុនាំឱ្យពួកគាត់មានការលំបាកក្នុងការធ្វើដំណើរទៅពិនិត្យ​​ និង​ចុះឈ្មោះបោះឆ្នោត និង   ឃុំ សង្កាត់ខ្លះខ្វះខាតអគ្គិសនីសម្រាប់ប្រើប្រាស់»។ ​

លោកបាន​បន្ថែមថា មួយវិញទៀត តំបន់មួយចំនួនពុំមានសេវាអ៊ីនធើណិតប្រើប្រាស់គ្រប់គ្រាន់ក្នុងការបញ្ជូនទិ​ន្នន័យមកគ.ជ.បនោះទេ​ ខណៈឃុំ សង្កាត់មួយចំនួន មិនសូវមានប្រជាពលរដ្ឋអញ្ជើញមកចុះឈ្មោះដោយសាររវល់បំពេញការងារផ្គួបផ្សំនឹងភ្លៀងធ្លាក់ច្រើន ផ្លូវពិបាកធ្វើដំណើរ និងស្ថិតនៅតំបន់ព្រៃភ្នំជាដើម។

មន្រ្តីរូបនេះ បានបន្តថា​ ចំណែក​ការីកុំព្យូទ័រនៅ ឃុំ សង្កាត់មួយចំនួន ជាការីថ្មី ដូចនេះការយល់ដឹងអំពីនីតិវីធីប្រើប្រាស់កម្មវិធីចុះឈ្មោះបោះឆ្នោតនៅមានកម្រិត ជាហេតុធ្វើឱ្យមានកំហុសបច្ចេកទេសមួយចំនួន ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២នេះ។

ឯកឧត្តម ឌុច សុន បញ្ជាក់បន្ថែមថា ៖ «​ឃុំ សង្កាត់ខ្លះទៀត ម៉ាស៊ីនកុំព្យូទ័រ សម្ការៈបរិក្ខារអេឡិចត្រូនិក និងឧបករណ៍បច្ចេកទេសមួយចំនួនមានសភាពចាស់ មិនកាន់ភ្លើង ខ្លះខូចនាំឱ្យមានបញ្ហាដល់ដំណើរការចុះឈ្មោះបោះឆ្នោត»។

លោកបន្តថា ៖ «បើទោះបីជាមានបញ្ហាអាកាសធាតុ និងបច្ចេកទេសមានបញ្ហាប្រឈមខ្លះៗ​ក៏ពិតមែន ប៉ុ​ន្តែដំណើរការពិនិត្យ​និងការចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២២ បានប្រព្រឹត្តទៅធម្មតា ដោយសារមានការសហការយ៉ា​ង​ស្អិតរមួតរវាងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកបច្ចេកទេសថ្នាក់ជាតិ​ដើម្បីដោះស្រាយបញ្ហាផ្សេងៗបានទាន់ពេលវេលា»។​

យោងតាម​​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ​ប្រជាពលរដ្ឋដែលត្រូវ​បោះឆ្នោតថ្មី គិត​ត្រឹម​ថ្ងៃទី​១៤ ខែវិច្ឆិកា មានចំនួន ៣៧៥,៤០៦ នាក់ ខណៈចំនួនប្រជាពលរដ្ឋប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោត មានចំនួន ៤០៩​,០៥៦ នាក់។​

​​ជាមួយគ្នានេះដែរ លោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល បានលើកឡើងដែរ​ថា តាមតួលេខរបស់គជប ការចុះឈ្មោះបោះឆ្នោត សម្រេចបានលទ្ធផលប្រមាណ ៣០ ម៉ឺននាក់ ខណៈតាមតួលេខ​ប៉ាន់ស្មានដែលត្រូវចុះឈ្មោះថ្មីមានចំនួន ជាង ៤០ ម៉ឺននាក់  ដែលករណីនេះ បានបង្ហាញថា ជាប្រចាំថ្ងៃ គជបបានចុះឈ្មោះថ្មីជាង ពីរម៉ឺននាក់។

លោកបានប្រាប់ថា ៖ «បើពិនិត្យមើលទៅលើតួលេខ​នេះ គឺអាចនឹងចប់ទៅតាមផែនការ ហើយអាចនឹងបញ្ចប់ទៅតាមការគ្រោងទុក ដែលយ៉ាងហោចណាស់ ក៏នឹងសម្រេចបានប្រមាន ជាង ៩០ % ផងដែរ»។​

បើតាមគ.ជ.បដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋកុំឱ្យពិបាកក្នុងការធ្វើដំណើរទៅពិនិត្យឈ្មោះ នៅតាមឃុំសង្កាត់,គ.ជ.បបានបង្កើតឡើងនូវគេហទំព័រគ.ជ.បដែលមានឈ្មោះ «www.voterlist.nec.gov.kh» និង APPទូរស័ព្ទដៃដែលមានឈ្មោះ «NEC KH»។

ប្រជាពលរដ្ឋអាចពិនិត្យពីចម្ងាយ ដោយគ្រាន់តែចូលគេហទំព័រ ឬដោនឡូត APP ដែលមានទាំងក្នុង IOS និង Android  ជាការស្រេច។

លើសពីនេះទៀត គ.ជ.ប ក៏បានគិតគូដល់ប្រជាពលរដ្ឋ ដែលមិនទាន់ចេះប្រើបច្ចេកវិទ្យាទំនើបនេះ ដោយ គ.ជ.ប បានសហការជាមួយ មេឃុំ ចៅសង្កាត់ មេភូមិ ក្នុងការចែកជូនលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ដល់គេហ​ដ្ឋាន ដោយលិខិតអញ្ជើញនេះប្រជាពលរដ្ឋអាចមើលដឹងថាឈ្មោះ ឬទិន្នន័យរបស់ពួកគាត់ត្រឹមត្រូវ ឬមិនត្រឹមត្រូវ និងយល់ដឹងអំពីទីកន្លែង ពេលវេលា នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕

ដោយ៖វីរៈ យុទ្ធ

ads banner