ការយកលុយពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី គឺជាទម្រង់នៃអំពើកេងប្រវ័ញ្ចមួយបន្ថែមទៀតពីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិ
ភ្នំពេញ៖មន្រ្តីសង្គមស៊ីវិលបានលើកឡើងថា ការយកលុយពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី គឺជាទម្រង់នៃអំពើកេងប្រវ័ញ្ចមួយបន្ថែមទៀត ពីម្ចាស់បុរី និងអគារសហកម្មសិទ្ធិ សម្រាប់តសេវាអុីនធឺណិតចូលទៅក្នុងផ្ទះ ខណៈក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍អំពាវនាវឱ្យបញ្ឈប់ការទារលុយជាថ្នូរនឹងការតភ្ជាប់បណ្ដាញសេវាអុីនធឹណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរី។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា បញ្ហាដែលម្ចាស់បុរី និងអគារសហកម្មសិទ្ធិ បានយកលុយពីប្រជាពលរដ្ឋដែលពួកគាត់រស់នៅក្នុងបុរី វាជាប្រភេទនៃការកេងប្រវ័ញ្ចមួយទៀត ខណៈពេលដែលប្រជាពលរដ្ឋបានរស់នៅក្នុងបុរីដោយការចំណាយលុយដើម្បីទិញផ្ទះល្វែង វីឡា និងអគារផ្សេងៗ។
លោកថា ទម្រង់នៃការយកលុយបែបនេះ គឺវាអាក្រក់មើលណាស់ ដោយប្រជាពលរដ្ឋជាអ្នកដែលបន្តខាតបង់ផលប្រយោជន៍ច្រើន ចំណែកខាងវិស័យឯកជន គឺជាអ្នកដែលទទួលបានផលចំណេញច្រើនទៅវិញ។
លោក សន ជ័យ បានប្រាប់ថា ៖ «រឿងបែបនេះខ្ញុំឃើញកើតមានឡើងច្រើន អ៊ីចឹងអាជ្ញាធររដ្ឋ គួរតែមានវិធានការទៅលើរឿងនេះហើយ ដើម្បីឲ្យក្រុមហ៊ុននីមួយៗតសេវាអ៊ីនធឺណិតដោយផ្ទាល់ទៅដល់ផ្ទះប្រជាពលរដ្ឋ។ យើងក៏ដឹងដែរថាហេដ្ឋារចនាសម្ព័ន្ធ មានតែបង្គោលភ្លើង ប៉ុន្តែប្រជាពលរដ្ឋដែលបានទិញផ្ទះក្នុងបុរីរួច ពួកគេមានសិទ្ធិប្រើប្រាស់សេវាកម្មដែលពាក់ព័ន្ធនៅទីនោះ វាមិនគួរកើតឡើងជារបៀបដែលហៅថាការកេងប្រវ័ញ្ចមួយទម្រង់ មានន័យថាអាណានិគមសម័យអ៊ីនធឺណិត»។
លោកបន្តថា ៖ «ដូច្នេះហើយទម្រង់នេះ វាជាទង្វើអាក្រក់មួយប្រភេទ ដែលយើងយល់ថា វាមិនគួរកើតមានទេនៅឆ្នាំ២០២២នេះ»។
លើសពីនេះទៀត លោក សន ជ័យ ក៏មើលឃើញផងដែរថា បញ្ហានេះ គឺបានកើតមានឡើងហើយ ប៉ុន្តែហាក់ដូចជាធម្មតាក្នុងនោះយ៉ាងតិចមួយគ្រួសារចំណាយអស់ ២ដុល្លារ ទៅ ៥ដុល្លារ ដែលត្រូវបានម្ចាស់បុរីខ្លះ បានកេងប្រវ័ញ្ចពីអ្នកទិញបុរី។
លោកបន្ថែមថា ជាដំណោះស្រាយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងក្រសួងដែនដី នរគរូបនីយកម្ម និងសំណង់ គួរតែមានវិធានការរួមគ្នា ដើម្បីការពារប្រេជាពលរដ្ឋកុំឱ្យមានការខាតបង់ផលប្រយោជន៍ ហើយវាក៏ជារឿងអយុត្តិធម៌មួយដែរសម្រាប់ប្រជាពលរដ្ឋ ត្រូវបានម្ចាស់បុរីគាបសង្កត់បន្ថែម ដោយគ្រាន់តែក្រុមហ៊ុនអូសខ្សែតសេវាអ៊ីនធឺណិតចូលក្នុងផ្ទះ ក៏ត្រូវចំណាយលុយដែរ វាក៏ជាទម្រង់មួយដែលធ្វើឲ្យប៉ះពាល់ទៅដល់យុត្តិធម៌សង្គម។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម សូ វិសុទ្ធី បានប្រាប់ឱ្យដឹងដែរថា ក្រសួងក៏បានអំពាវនាវ និងក្រើនរំលឹកទៅដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិផងដែរ ដើម្បីបញ្ឈប់ការទារលុយជាថ្នូរនឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្ដាញសេវាអ៊ីនធឹណិតចូលក្នុងលំនៅឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។
លោកថា សកម្មភាពនេះ វាផ្ទុយនឹងច្បាប់ស្ដីពីទូរគមនាគមន៍ និងបញ្ឈប់ការផ្ដល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរី និងអគារសហកម្មសិទ្ធិជាដើម។
ឯកឧត្តម សូ វិសុទ្ធី បានថ្លែងថា ៖ «ជាធម្មតានៅពេលដែលមានថ្នូរក្នុងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញ វាគឺជាឧបសគ្គសម្រាប់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតផ្សេងៗ ដែលនឹងធ្វើឲ្យមិនមានការប្រកួតប្រជែងត្រឹមត្រូវ ហើយការដែលមានការប្រកួតប្រជែងនេះ អ្នកដែលទទួលបានសិទ្ធិផ្ដាច់មុខតែងតែមិនសូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាដែលកើតមានជូនអតិថិជន»។
«ពេលខ្លះដាច់ ពេលខ្លះរអាក់រអួល ការបញ្ជូនមនុស្សទៅ Maintenance ក៏វាមានកម្រិតដែរ វាខុសពីការប្រកួតប្រជែងគ្នាដែលខ្លាចបាត់អតិថិជន»។ ឯកឧត្តម សូ វិសុទ្ធី បញ្ជាក់។
លោកបានបន្ថែមថា ក្នុងករណីម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើខាងក្រសួង នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអំពាវនាវទៅកាន់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិ សូមបញ្ឈប់ការទារលុយជាថ្នូរនឹងការអនុញ្ញាតឲ្យតភ្ជាប់បណ្ដាញសេវាអ៊ីនធឹណិតចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ។
ក្រសួងបញ្ជាក់ថា ៖ «ការធ្វើបែបនេះផ្ទុយនឹងច្បាប់ស្ដីពីទូរគមនាគមន៍ និងបញ្ឈប់ការផ្ដល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជានៅក្នុងបុរី និងអគារសហកម្មសិទ្ធិ»៕
ដោយ៖ជា សុខនី