ធនាគាររដ្ឋវៀតណាមប្រឹងប្រែងចាត់វិធានការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតសុវត្ថិភាព

វៀតណាម៖សារព័ត៌មានរដ្ឋវៀតណាមផ្សាយថា រដ្ឋសភាវៀតណាមបានឯកភាពឱ្យ ធនាគារកណ្ដាល អនុវត្តគោលនយោបាយរូបីយវត្ថុប្រកបដោយភាពបត់បែន ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងគ្រប់គ្រងអតិផរណា ។ ប្រភពដដែលបន្តថា ធនាគារកណ្ដាលវៀតណាម បានដំឡើងអត្រាការប្រាក់ប្រតិបត្តិការចំនួន២លើក ដោយក្នុងលើកៗដំឡើង១ភាគរយ កាលពីខែកញ្ញានិងតុលា។ មួយវិញទៀតធនាគាររដ្ឋវៀតណាម ក៏បានដំឡើងអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណដុល្លារអាមេរិកនិងរូបិយប័ណ្ណវៀតណាមដុងក្នុងអត្រា៥ភាគរយទៀតផង។

លោក Vu Tien Loc សមាជិកគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមបានវាយតម្លៃថា ការកែសម្រួលអត្រាប្តូរប្រាក់គឺដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបើកចំហ និងសមាហរណកម្មស៊ីជម្រៅនៃខឿនសេដ្ឋកិច្ច ក្នុងបរិបទដែលតម្លៃរូបិយប័ណ្ណដុល្លារអាមេរិកកំពុងកើនឡើង  ដូច្នេះហើយរូបិយប័ណ្ណវៀតណាម(បាក់ដុង)នឹងរងសម្ពាធដ៏ធំប្រសិនបើរក្សាអត្រាដដែល។ លោកបន្តថា៖«យើងពង្រីកអត្រាប្តូរប្រាក់ដើម្បីជួយសម្រួលដល់ធនាគាររដ្ឋក្នុងការអនុវត្តន៍គោនយោបាយអត្រាប្ដូរប្រាក់ប្រកបដោយភាពបត់បែន សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង និងជួយសម្រួលការនាំចេញ និងជួយសម្រួលដល់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចពេលនេះផងដែរ។ ខ្ញុំគិតថានេះជាដំណោះស្រាយសមស្របមួយ»។

លោក Pham Duc An ប្រធានក្រុមប្រឹក្សាសមាជិកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម លើកឡើងថា ក្នុងបរិបទដែលបណ្ដាខឿនសេដ្ឋកិច្ចធំៗនៅលើពិភពលោកបានបន្តអនុវត្តន៍គោលនយោបាយរូបីយវត្ថុរឹតបន្តឹងនិងដំឡើងអត្រាការប្រាក់នោះ សម្ពាធលើការសម្របសម្រួលគោលនយោបាយរូបីយប័ណ្ណរបស់វៀតណាមនៅតែបន្តកើនឡើង។ ដូច្នេះហើយ ដំណោះស្រាយជាក់ស្ដែងគឺ ធនាគារពាណិជ្ជនិងសហគ្រាសចាំបាច់ត្រូវរួមគ្នា ព្រមទាំងចែករំលែកការលំបាកជាមួយគ្នា។

សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការហិរញ្ញវត្ថុ – ថវិការបស់រដ្ឋសភា លោក Tran Van Lam ឲ្យដឹងថា៖ ៖«ការដំឡើងអត្រាការប្រាក់ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ប្រាក់ គឺមិនប៉ះពាល់ដល់បរិមាណរូបប័ណ្ណនៅលើទីផ្សារឡើយ។ នេះគឺជាដំណោះស្រាយដ៏ល្អប្រសើរ ដើម្បីគ្រប់​គ្រង​អតិផរណា។ អាចនិយាយបានថា ឆ្នាំនេះ អតិផរណាទាប ដោយសារតែវិធានការគោល​នយោបាយរូបប័ណ្ណ ដែលធនាគាររដ្ឋបានអនុវត្តន៍»។

សមាជិកសភាវៀតណាម បានលើកសំណើចាត់ដំណោះស្រាយជាមូលដ្ឋានក្នុងការអនុវត្តគោលដៅពីរទន្ទឹមគ្នា គឺគ្រប់គ្រងអតិផរណា និងជំរុញការស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញផង។ ដំណោះស្រាយជាមូលដ្ឋាននេះ ត្រូវអនុវត្តន៍ដោយព្រមៗគ្នាជាមួយដំណោះស្រាយផ្សេងៗទៀតដូចជាជំរុញ ការចំណាយថរិកាដើម្បីវិនិយោគសាធារណៈជាដើម។ សមាជិកសភាបានស្នើឲ្យធនាគាររដ្ឋរក្សានូវគោលនយោបាយរូបិយប័ណ្ណ សំដៅពង្រឹងម៉ាក្រូសេដ្ឋកិច្ច៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner