នាយករដ្ឋមន្ត្រីឥណ្ឌា ស្នើឱ្យមានកិច្ចចចារការទូតដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

ឥណ្ឌា៖នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី(Narendra Modi)នៅថ្ងៃអង្គារ ១៥ ខែវិច្ឆិកា បានជំរុញឱ្យមានការវិលត្រឡប់ទៅដំណោះស្រាយការទូតវិញ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

ប្រទេសឥណ្ឌា​មិន​បាន​ថ្កោលទោស ​ការ​ឈ្លានពាន​របស់​ក្រុង​មូស្គូ​លើ​អ៊ុយក្រែន​ទេ ប៉ុន្តែ​លោក Modi ធ្លាប់​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀរ ពូពីន( Vladimir Putin) កាល​ពី​ខែ​កញ្ញា​ថា “សម័យ​បច្ចុប្បន្ន​  ​មិន​មែន​ជា​សម័យ​សង្រ្គាម​ទេ”។

លោក ម៉ូឌី(Modi) បាននិយាយនៅក្នុងសុន្ទរកថា របស់គាត់នៅឯកិច្ចប្រជុំកំពូលក្រុម 20 (G20) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីថា៖«ខ្ញុំបាននិយាយម្តងហើយម្តងទៀតថា យើងត្រូវរកវិធីត្រឡប់ទៅរកច្រកដើម្បីអនុវត្តបទឈប់បាញ់ និងចរចាការទូតនៅអ៊ុយក្រែន។វាជាពេលវេលាបង្ហាញពីការតាំងចិត្តរបស់យើងទាំងអស់គ្នា ដើម្បីធានាសន្តិភាព សុខដុមរមនា និងសន្តិសុខក្នុងពិភពលោក»។

នេះជាលើកទី១ហើយ ដែលមេដឹកនាំ G20បានជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូល ចាប់តាំងពី រុស្ស៊ីឈ្លានពានលើអ៊ុយក្រែនកាលពីខែកុម្ភៈមក។

ច្រើនទសវត្សរ៍មកហើយដែលប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាធំបំផុតឱ្យឥណ្ឌា ។របបក្រុងមូស្គូនេះ ក៏គឺជាទីផ្សារធំបំផុតទី៤ សម្រាប់ផលិតផលឱសថពីឥណ្ឌា។ ឥណ្ឌាបានក្លាយម៉ូយដុំទិញប្រេងធំជាងគេរបស់រុស្ស៊ីបន្ទាប់ពីប្រទេសចិន ហើយក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា កំពុងផ្អែមមាត់នឹងតម្លៃប្រេងឆៅធូរថ្លៃដែលរុស្ស៊ីលក់ឱ្យបន្ទាប់ពីសង្គ្រាម។

មន្ត្រីឥណ្ឌាបាននិយាយថា ក្រុមហ៊ុនចម្រាញ់ប្រេងក្នុងស្រុកនឹងបន្តទិញប្រេងរុស្ស៊ីដោយទទួលបានការបញ្ចុះតម្លៃ បើទោះជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចដាក់កម្រិតលើការនាំចេញប្រេងរបស់រុស្ស៊ីក៏ដោយ។

លោកម៉ូឌី លើកឡើងថា មិនគួរមានការរឹតបន្តឹងលើការផ្គត់ផ្គង់ថាមពលឡើយហើយថាស្ថិរភាពថាមពលគួរត្រូវបានធានា។

តាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌា ដោយស្រង់សំដីរបស់លោកលោក ម៉ូឌី ដែលបាននិយាយថា៖«សន្តិសុខថាមពលរបស់ឥណ្ឌាក៏មានសារៈសំខាន់ផងដែរ សម្រាប់កំណើនពិភពលោក»។លោកបន្ថែមថា៖«បើខ្វះជីថ្ងៃនេះ គឺជាវិបត្តិស្បៀងអាហារនៅថ្ងៃស្អែក។ យើងគួរតែ ព្រម​​ព្រៀងគ្នាទៅវិញទៅមក ដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ទាំងជី និងគ្រាប់ធញ្ញជាតិ ឱ្យមាននិរន្តភាព»៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner