បៃដិន និងស៊ី ប៉ះទង្គិចគ្នាលើវិបត្តិតៃវ៉ាន់ក្នុងជំនួបនៅកោះប៉ាលី ក្នុងទម្រង់ត្រជាក់ជាងមុន ទន្ទឹមនឹងបញ្ហាជាច្រើនផ្សេងទៀត
ឥណ្ឌូនេស៊ី៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីចិន លោក ស៊ី ជិនពីង បានប៉ះទង្គិចគ្នាលើបញ្ហានៅកោះតៃវ៉ាន់ និងកូរ៉េខាងជើង ក្នុងជំនួបដោយផ្ទាល់ដែលធ្វើឡើងមុនកិច្ចប្រជុំកំពូលនៃក្រុមប្រទេសលូតលាស់ G-20 កាលពីថ្ងៃចន្ទទី ១៤ ខែវិច្ឆិកា ប៉ុន្តែមេដឹកនាំទាំង២ បានគូសបញ្ជាក់ពីគោលបំណងគ្រប់គ្រងភាពខុសគ្នាក្នុងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលពិភពលោក។
ជំនួបដែលប្រព្រឹត្តនៅកោះប៉ាលីនៃប្រទេសឥណ្ឌូណេស៊ីនេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងអាមេរិក-ចិន កាន់តែធ្លាក់ចុះដុនដាបទៅៗ ជាមួយនឹងវិបត្តិភូមិសាស្រ្តនយោបាយសកល ក្រោមការប្រឈមមុខដាក់គ្នារវាងលោកខាងលិច និងសម្ព័ន្ធមិត្ត ទល់នឹងប្លុកកុម្មុយនិស្ត ដែលរួមមានចិន កូរ៉េខាងជើង និងរុស្ស៊ី ដែលកំពុងឈ្លានពានអ៊ុយក្រែន។
បន្ទាប់ពីជំនួបដែលមានរយៈពេលជិតបីម៉ោងត្រូវបានបញ្ចប់រួម លោក បៃដិន ថ្លែងយ៉ាងដូច្នេះថា៖ «យើងប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ ប៉ុន្តែខ្ញុំមិនស្វែងរកជម្លោះនោះទេ ខ្ញុំកំពុងស្វែងរកការគ្រប់គ្រងការប្រកួតប្រជែងនេះ ដោយការទទួលខុសត្រូវ»។ លោកបន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិនចាំបាច់មានសង្រ្គាមត្រជាក់ថ្មីនោះទេ»។
មុនកិច្ចជំនួបចាប់ផ្ដើមបញ្ហាពាណិជ្ជកម្ម និងភាពតានតឹងនៅកោះតៃវ៉ាន់ ត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទក្ដៅ ដែលនឹងលើកយកទៅពិភាក្សា។ តាំងពីដើមរៀងមក ចិនតែងតែទាមថា កោះតៃវ៉ាន់ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន ហើយមួយរយៈចុងក្រោយនេះ ចិនថែមទាំងតម្លើងវោហាសាស្រ្តរបស់ខ្លួនទៀតផងថា នឹងប្រើកម្លាំងវាយយកតៃវ៉ាន់ប្រសិនបើចាំបាច់។ មិនត្រឹមតែប៉ុណ្ណេះ ចិនតែងតែចោទប្រកាន់សហរដ្ឋអាមេរិកម្ដងហើយម្ដងទៀត ចំពោះការគាំទ្រតៃវ៉ាន់ដោយរំលោភលើគោលនយោបាយចិនតែមួយ តាមរយៈការបង្ហាញសញ្ញាអំពីការទទួលស្គាល់ឯករាជ្យភាពរបស់កោះនេះជាដើម។
ជាថ្មីម្ដងទៀត ក្នុងសេចក្តីថ្លែងការណ៍បន្ទាប់ពីកិច្ចប្រជុំរបស់ទ្វេភាគី លោក ស៊ី បានចាត់ទុកតៃវ៉ាន់ថាជា «បន្ទាត់ក្រហមទីមួយ» ដែលមិនត្រូវរំលោភ ហើយបញ្ហាចំពោះកោះនេះគឺជាកិច្ចការផ្ទៃក្នុងប្រទេសរបស់ចិន។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរ។
លោក ស៊ី ថ្លែងយ៉ាងដូច្នេះថា ៖ «បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ចិន ដែលជាមូលដ្ឋានគ្រឹះនៃមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-អាមេរិកនិងជាបន្ទាត់ក្រហមទីមួយដែលមិនត្រូវរំលោភ ក្នុងទំនាក់ទំនងចិន-អាមេរិក»។
ជុំវិញបញ្ហានេះសេតវិមានបាននិយាយថាលោកបៃដិន«បានបង្កើនការជំទាស់របស់សហរដ្ឋអាមេរិកចំពោះសកម្មភាពបង្ខិតបង្ខំ និងកាន់តែខ្លាំងក្លារបស់សាធារណៈប្រជាមានិតចិន ចំពោះកោះតៃវ៉ាន់ ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់វិបុលភាពពិភពលោក»។
ចំណែក លោក បៃដិន ក៏បានគូសបញ្ជាក់ឡើងវិញផងដែរ នូវការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់គោលនយោបាយចិនតែមួយរបស់អាមេរិក ដែលទទួលស្គាល់រដ្ឋាភិបាលនៅទីក្រុងប៉េកាំង ហើយបន្តទំនាក់ទំនងក្រៅផ្លូវការ និងទំនាក់ទំនងការពារជាតិជាមួយក្រុងតៃប៉ិ។ មេដឹកនាំអាមេរិកដដែល ក៏អះអាងថា ទោះបីជាចិនប្រើបង្កើនការកម្លានារយៈពេលថ្មីៗនេះក្ដី ក៏លោកមិនជឿថាមានការប៉ុនប៉ងណាមួយពីភាគីចិន ដើម្បីឈ្លានពានតៃវ៉ាន់នោះដែរ។
ជុំវិញបញ្ហាកូរ៉េខាងជើងវិញ លោក បៃដិន បានអះអាងថា វាពិបាកក្នុងការដឹងថាតើទីក្រុងប៉េកាំងមានឥទ្ធិពល លើការសាកល្បងអាវុធរបស់ទីក្រុងព្យុងយ៉ាង ដែរឬយ៉ាងណា?។ លោកថា លោកបានប្រាប់លោក ស៊ី ថា សហរដ្ឋអាមេរិកនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើដើម្បីការពារខ្លួន និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ដែលអាចប្រឈមជាមួយចិនកាន់តែខ្លាំង ទោះបីការប្រឈមទាំងនោះអាចកើតមានដោយប្រយោលក៏ដោយ។
សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ក៏ត្រូវបានមេដឹកនាំប្រទេសមហាអំណាចទាំងពីរ លើកយកមកពិភាក្សាផងដែរ ដោយលោក បៃដិន អះអាងថា លោក និងលោកស៊ី បានបញ្ជាក់ជាថ្មីនូវជំនឿរួមថាការប្រើប្រាស់ ឬសូម្បីតែការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានទាំងស្រុង។ ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមការលុកលុយរបស់របស់ខ្លួនមកមន្ត្រីចិនមិនបានរិះគន់ ឬថ្កោលទោសជាសាធារណៈនោះទេ បើទោះបីជាទីក្រុងប៉េកាំងបានជៀសវាងការគាំទ្រដោយផ្ទាល់ចំពោះរុស្ស៊ី ដូចជាការផ្គត់ផ្គង់អាវុធក៏ដោយចុះ។
ជំនួបកាលពីថ្ងៃចន្ទ ត្រូវបានគេមើលឃើញថា មិនសម្រេចអ្វីជាដុំកំភួននោះទេ ជាពិសេសដំណោះស្រាយលើភាពតានតឹងធំៗ។ លោក បៃដិន និងលោក ស៊ី នៅតែសន្យាថានឹងមានការប្រាស្រ័យទាក់ទងគ្នាកាន់តែញឹកញាប់ និងបានឈានដល់ការឯកភាពគ្នាលើបញ្ហាសំខាន់ៗដូចជា ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្ម សុខភាពសាធារណៈ កសិកម្ម និងសន្តិសុខស្បៀង។ នេះបើតាមសេតវិមាន និងការចុះផ្សាយរបស់កាសែតរដ្ឋចិន China Daily។
ទន្ទឹមនឹងនេះ ក៏គេសង្កេតឃើញមានសុទិដ្ឋិនិយមមួយចំនួនផ្សេងទៀត កើតចេញពីជំនួបដដែលនោះផងដដែរ។ នៅពេលបើកកិច្ចប្រជុំ លោក បៃដិន បានថ្លែងថា៖ «ក្នុងនាមជាមេដឹកនាំនៃប្រទេសទាំងពីរ យើងចែករំលែកការទទួលខុសត្រូវ តាមទស្សនៈរបស់ខ្ញុំ ដើម្បីបង្ហាញថាប្រទេសចិន និងសហរដ្ឋអាមេរិកអាចគ្រប់គ្រងភាពខុសគ្នារបស់យើង ការពារការប្រកួតប្រជែងមិនឱ្យក្លាយជាជម្លោះ និងស្វែងរកផ្លូវធ្វើការរួមគ្នាលើបញ្ហាសកលបន្ទាន់ ដែលទាមទារកិច្ចសហប្រតិបត្តិការទៅវិញទៅមករបស់យើង»។
ចំណែកឯលោក ស៊ី វិញ បានអំពាវនាវដល់លោក បៃដិន ឱ្យរៀបចំផ្លូវត្រូវ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នក (បៃដិន) ដើម្បីនាំទំនាក់ទំនងចិន-អាមេរិក ត្រឡប់ទៅរកការរីកលូតលាស់ប្រកបដោយសុខភាពល្អ និងស្ថិរភាព ដើម្បីជាផលប្រយោជន៍របស់ប្រទេសទាំង២ និងពិភពលោកទាំងមូល»។
សូមរំឭកថា ទំនាក់ទំនងរវាងអាមេរិក និងចិន បានតានតឹងកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើបញ្ហាជាច្រើនរួមទាំងបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ទីបេ និងហុងកុង ជម្លោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ការអនុវត្តពាណិជ្ជកម្ម និងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការនាំចេញបច្ចេកវិទ្យាទៅចិន។
ជំនួបទ្វេភាគីកាលពីថ្ងៃចន្ទ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋបាលបៃដិន ចេញការរឹតត្បឹតលើការនាំចេញបន្ទះឈីបទំនើបទៅកាន់ប្រទេសចិន ដែលជាវិធានការសន្តិសុខជាតិប្រឆាំងនឹងចិន ដើម្បីរារាំងការរុលទៅមុខយ៉ាងលឿនរបស់ប្រទេសនេះ ជាពិសេសវិស័យយោធា។ រដ្ឋាភិបាលរបស់លោក ស៊ី បានលើកឡើងថា លោកស៊ីបានថ្កោលទោសចំពោះទង្វើបែបនេះ ដោយថាការចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្ម ឬសង្រ្គាមបច្ចេកវិទ្យា ការកសាងជញ្ជាំង និងរបាំង និងការជំរុញឱ្យមានការផ្តាច់ និងផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ គឺជាដំណើរការផ្ទុយនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងធ្វើឱ្យខូចដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ៕
ដោយ៖ហួន ឌីណា