កិច្ចប្រជុំ G-20៖ មេដឹកនាំអ៊ុយក្រែន ហ្សេលេនស្គី អំពាវនាវឱ្យដាក់សម្ពាធលើរុស្ស៊ីដើម្បីសន្តិភាព

ឥណ្ឌូនេស៊ី៖ប្រធានាធិបតី​អ៊ុយក្រែន​លោក​ វ្ល៉ូឌីមៀរ​ ហ្សេលេនស្គី​ នៅ​ថ្ងៃ​អង្គារ​​ទី​ ១៥ ខែ​វិច្ឆិកា​ ​បាន​ជំរុញ​ឱ្យ​មេដឹក​នាំ​ពិ​ភព​លោក​គាំទ្រ​ផែនការ​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​របស់​លោក​ដោយ​និយាយ​ថា​ ឥឡូវ​នេះ​គឺ​ជា​ពេល​វេលា​ដើម្បី​ជំរុញ​ឱ្យ​មាន​សន្តិភាព​។

ការ​អំពាវ​នាវ​របស់​លោក​ ហ្សេលេនស្គី​ គឺ​ជា​ការ​បញ្ជាក់​ជំហរ​យ៉ាង​មុត​មាំ​របស់​អ៊ុយក្រែន​ជា​ថ្មី​ ដែល​ថា​ ប្រទេស​​លោក​​​ខ្លួន​​ត្រៀម​​ខ្លួន​​សម្រាប់​​សន្តិភាព​ ប៉ុន្តែ​​នឹង​​មិន​​ប្រគល់​​ទឹក​ដី​​​ឱ្យ​រដ្ឋ​កាន់​កាប់​នោះ​ទេ​។ លោក​បន្ថែ​ម​ថា​ អ៊ុយក្រែន​នឹង​ប្រយុទ្ធ​រហូត​ទាល់​តែ​រុស្ស៊ី​ដក​​កង​ទ័ព​​ឈ្លាន​ពាន​ទាំង​អស់​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​។

​លោក​ ហ្សេលេនស្គី​ ​បាន​​លើក​ឡើង​​ក្នុង​សុន្ទរកថា​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​​ប្រទេស​លូត​​លាស់​ទាំង​២០ (G-20)នៅ​កោះ​ប៉ាលីនៃ​ប្រទេស​ឥណ្ឌូនេស៊ី​ថា​​​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​គឺ​ជា​ការ​ផ្តោត​សំខាន់​នៃ​ការ​ពិភាក្សា​ក្នុង​ចំណោម​មេ​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​របស់​ពិភព​លោក​។​

​លោក​ថ្លែង​​តាម​ប្រព័ន្ធ​វិដេអូ​យ៉ាង​ដូច្នេះ​ថា​៖​«​​​ខ្ញុំ​ជឿ​ជាក់​ថា​ឥឡូវ​នេះ​ គឺ​ជា​ពេល​វេលា​ដែល​សង្រ្គាម​បំផ្លិច​បំផ្លាញ​របស់​រុស្ស៊ី​ត្រូវ​តែ​​បញ្ឈប់​​»​។

លើស​ពី​នេះ​ លោក​​ហ្សេលេនស្គី​ បាន​អំពាវ​នាវ​ឱ្យ​រុស្ស៊ី​ដក​កង​កម្លាំង​របស់​ខ្លួន​ទាំង​អស់​ចេញ​ពី​អ៊ុយក្រែន​ ហើយ​បញ្ជាក់​ជា​ថ្មី​អំពី​បូរណ​ភាព​ទឹក​ដី​របស់​អ៊ុយក្រែន​ ហើយ​​​ថា​ទីក្រុង​កៀវ​​នឹង​មិន​ធ្វើ​ឱ្យ​ខូច​អធិបតេយ្យភាព​ ទឹក​ដី​ ឬ​ឯករាជ្យ​ភាព​របស់​ខ្លួន​ឡើយ​។​ លោក​ក៏​បាន​​អំពាវ​នាវ​ផង​ដែរ​ ឱ្យ​មាន​​​ការ​ដោះ​លែង​​អ្នក​​ទោស​​អ៊ុយក្រែន​​ទាំង​អស់​មក​វិញ។

មេដឹកនាំ​អ៊ុយក្រែន​ដដែល​បា​នលើក​ឡើង ដោយ​សំដៅ​លើ​បណ្ដា​មេដឹកនាំ​របស់​ប្រទេស​ដទៃ​​ថា​៖ «​​​សូម​ជ្រើស​រើស​ផ្លូវ​របស់​អ្នក​ សម្រាប់​ការ​ដឹក​នាំ​ ហើយ​យើង​ទាំង​អស់​គ្នា​នឹង​អនុវត្ត​រូប​មន្ត​សន្តិភាព​»​។

ទន្ទឹម​ជាមួយ​គ្នា​នោះ​លោក​ ហ្សេលេនស្គី​ ​​ក៏​បាន​ស្វាគមន៍​ផង​ដែរ​ ​ចំពោះ​ជំហរ​របស់​​​ចិន​​ដែល​ជំទាស់​​នឹង​ការ​គំរាម​​កំហែង​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ ​​​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ចូ បៃដិន​ និង​​​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជិនពីង​ បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​។

គួរ​បញ្ជាក់​ថា​ ទន្ទឹម​នឹង​ការ​អំពាវ​នាវ​របស់​លោក ​ហ្សេលេនស្គី​  ក្រុម​ប្រទេសលោកខាង​លិច​ ដែល​ជា​សមាជិក​របស់​ G-20 ដែល​ជា​ប្លុក​ធ្វើ​ការ​​រួម​គ្នា​រក​ដំណោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ បាន​ទាម​ទារ​ឱ្យ​មាន​ការ​ថ្កោល​ទោស​រុស្ស៊ី​។ ប៉ុន្តែ​កន្លង​មក ​បញ្ហា​នេះ​តែង​តែ​ជាប់​គាំង​​​ ព្រោះ​​ប្រទេស​ផ្សេង​ទៀត​ជំទាស់​ រួម​មាន​ទាំង​ឥណ្ឌា​ ចិន​ ប្រេស៊ីល​ និង​ឥណ្ឌូណេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ផ្ទាល់​។ ហើយ​សម្រាប់​កិច្ច​ប្រជុំ​ថ្ងៃ​អង្គារ​ពុធ​នេះ​ គេ​មិន​រំពឹង​ថា​ នឹង​មាន​ការ​ថ្កោល​ទោស​​រុស្ស៊ី​​ ដែល​​ជា​ប្រទេស​សមាជិករបស់ G-20 ​ ​ដ៏​ធំ​មួយ​នោះ​ទេ​៕

ដោយ៖ហួន ឌីណា

ads banner