សម្តេចតេជោ ហ៊ុន សែន និវត្តន៍មកកម្ពុជាវិញ ដោយខកខាន ការចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖នៅល្ងាចថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ បាននិវត្តន៍មកដល់កម្ពុជាវិញដោយខកខាន ការចូលរួមកិច្ចប្រជុំ G20 នៅប្រទេសឥណ្ឌូនេស៊ី ដោយសារសម្តេចមានវិជ្ជមានកូវីដ។
សូមជម្រាបថា កាលពីថ្ងៃទី១៤ វិច្ឆិកា សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញចេញដំណើរពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី និងគ្រោងបន្តអញ្ជើញទៅចូលរួម កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកកប្រទេសថៃ ។
សម្ដេចតេជោ អញ្ជើញទៅដល់ កោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី នៅម៉ោង ១៨និង៥០នាទី និងបានធ្វើតេស្ត នៅទីនោះ លុះដល់ព្រឹកថ្ងៃទី១៥ វិច្ឆិកា ដោយលទ្ធផលតេស្ត ឃើញវិជ្ជមាន សម្ដេចតេជោ បានសរសេរសារក្នុងហ្វេសប៊ុក ថា ៖ ដើម្បីសុវត្តិភាពសម្រាប់ប្រតិភូ ដែលចូលរួមប្រជុំ ខ្ញុំសម្រេចឲ្យប្រតិភូកម្ពុជាវិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។
យ៉ាងណាក៏ដោយសម្ដេច បញ្ជាក់ថា សម្ដេចមាន អាការៈធម្មតា ដែលនឹងបន្តធ្វើការធម្មតា លើកលែងតែការទទួលភ្ញៀវ ។
ដោយឡែកក្នុង ហ្វេសប៊ុកសារ មួយទៀត មុនអញ្ជើញចេញពីឥណ្ឌូនេស៊ី មកវិញ សម្ដេចតេជោ បាន អរគុណមិត្តឥណ្ឌូនេសុី ដែលបានយក ចិត្តទុកដាក់ទទួលប្រតិភូរបស់កម្ពុជា និងសូមអធ្យាស្រ័យដែល មិនអាចចូល ប្រជុំG20 បាន។
ជាមួយនេះ សម្ដេច ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្ដេច ៕