សម្ដេចតេជោ ហ៊ុន សែន បារម្ភពីជំងឺកូវីដ១៩ ចំពោះបណ្ដាមេដឹកនាំ ដែលបានស្និទ្ធស្នាលជាមួយសម្ដេចផ្ទាល់ ក្នុងពេលប្រជុំកំពូលអាស៊ាននៅកម្ពុជា

ភ្នំពេញ៖ តាមរយៈសារជាសំឡេងនាល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បញ្ហាកូវីដ១៩ សម្រាប់ខ្ញុំ ជារឿងតូចតាចទេ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភជាងគេ តើមេដឹកនាំដែលចេញពីប្រទេសកម្ពុជា ទៅប្រទេសឥណ្ឌូនេស៊ី និងការវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ តើមានកើតកូវីដ១៩ ឬអត់ នោះជាកង្វល់ធំរបស់ខ្ញុំព្រះករុណាខ្ញុំ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការព្រួយបារម្ភនេះ គឺដោយសារតែបណ្ដាមេដឹកនាំដែលមានការប្រជុំនៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដែលហៅថា G20 គឺបានចេញពីកម្ពុជា។

សម្តេច បញ្ជាក់ថា ជាពិសេសប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកបន្តវេនប្រធានអាស៊ានពីខ្ញុំ តែងតែនៅជាប់ខ្ញុំជានិច្ច ហើយក៏មានប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ ក្រៅពីនោះ មានមេដឹកនាំមួយចំនួនទៀតដែលនៅជិតគ្នាចាប់ដៃគ្នា និងអង្គុយបាយជាមួយគ្នា ធ្វើដំណើរជាមួយគ្នា និងអង្គុយប្រជុំជាមួយគ្នា នេះជាកង្វល់ធំរបស់ខ្ញ៉ំ» ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា តើបណ្ដាប្រទេស និងអង្គការអន្តរជាតិនានាដែលបានប្រជុំនៅព្រះរាជាណាចក្រកម្ពុជា ថាតើពួកគាត់មានឆ្លង covid 19 ឬក៏អត់? ប៉ុន្តែឆ្លងកាត់ការស្រាវជ្រាវ សម្ដេចបានបញ្ជាក់ថា អ្នកដែលចូលរួមប្រជុំនៅឯប្រទេសឥណ្ឌូនេស៊ី និងអ្នកដែលត្រឡប់ទៅប្រទេសវិញពុំមានឃើញថាមានអ្នកដឹកនាំរូបណាមួយដែលមានកូវីដ១៩ដែលកើតឆ្លងពីកម្ពុជានោះទេ។

សម្ដេចតេជោ ហ៊ុន សែន លើកហេតុផលថា អ្វីដែលជាការឆ្លងសម្រាប់ខ្ញុំព្រះករុណាខ្ញុំនេះ ប្រហែលជាស្ថិតនៅក្នុងពេលវេលាដែលខ្ញុំ ក្នុងរយៈពេលមួយអាទិត្យចុងក្រោយនេះ ខ្ញុំធ្វើការលើស ១០ម៉ោងអាចថា ១៥ម៉ោងក្នុងមួយថ្ងៃ ដែលជាការអាចវាយលុករបស់ជំងឺកូវីដ១៩។ សម្ដេចបានឲ្យដឹងពីសុខភាពថា រហូតដល់ពេលនេះ អាការៈរបស់ខ្ញុំ គឺធម្មតាមិនមានអ្វីដែលប្លែកនោះទេ បាយក៏ពិសារបានធម្មតា សម្រាកក៏បានធម្មតា ដោយមិនមានអ្វីធ្ងន់ធ្ងរទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះករុណាព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលប្រទាននៃព្រះរាជសារជូនពរចំពោះសម្តេចដើម្បីបានឆាប់ជាសះស្បើយ ។ ហើយក៏អរគុណជនរួមជាតិដែលបារម្ភពីសុខភាពសម្តេច។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យមានការយោគយល់ពីអ្នកវិភាគខ្លះ ដែលលើកឡើងថា តើនេះជាឧបាយកលនៃប្រទេសខ្លះ ដែលមិនចង់ឱ្យសម្តេចមានវត្តមាននៅក្នុងការប្រជុំនោះ។ សម្ដេចបញ្ជាក់ថា ពិតណាស់គ្មានអ្នកណាមានបំណងឱ្យខ្ញុំមិនមានវត្តមាននៅក្នុងការប្រជុំទាំងការប្រជុំ G20 នៅឥណ្ឌូនេស៊ី និងការប្រជុំ APEC នៅឯប្រទេសថៃនោះឡើយ។ សម្ដេច សូមឲ្យបញ្ចប់ការវិភាគណាដែលនាំទៅដល់ផ្លូវនេះតែម្ដង ព្រោះថាប្រធាន G20 ចង់ណាស់ឱ្យមានវត្តមានប្រធានអាស៊ាន គឺខ្ញុំព្រះករុណាខ្ញុំនៅទីនោះ ហើយប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃការប្រជុំ APEC ពិតណាស់ ចង់ឱ្យខ្ញុំមានវត្តមាននៅទីនោះដែរ ហើយ ក៏មានរៀបចំជំនួបរវាងខ្ញុំ និងប្រធានាធិបតីចិន ស៊ី ជីងពីង និងគ្រោងជួបរវាងខ្ញ៉ំ និងប្រធានាធិបតីបារាំង ម៉ាក្រុងផងដែរ ដូច្នេះពុំមានហេតុផលណាដែលឆ្ងាយពីកូវីដ១៩ឡើយ ៕ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner