សហរដ្ឋអាមេរិក និងណាតូបើកការស៊ើបអង្កេតលើរបាយការណ៍ដែលថា មីស៊ីលរុស្ស៊ីធ្លាក់ចំទឹកដីប៉ូឡូញ
ព្រុចសែល៖ អង្គការណាតូ និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតទាក់ទងនឹងរបាយការណ៍ដែលថា មីស៊ីលរុស្ស៊ីបានបង្កការផ្ទុះដ៏សាហាវនៅលើទឹកដីប៉ូឡូញ ក្បែរព្រំដែនជាមួយ អ៊ុយក្រែន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារទី១៥ ខែវិច្ឆិកានេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការបញ្ជាក់ទៅលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ ដែលថា មីស៊ីលរុស្ស៊ីបានធ្លាក់ចំភូមិ Przewodow ភាគខាងកើតនៃប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សពីរនាក់។
លោក Ryder បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរអំពីជំហររបស់អាមេរិកលើការផ្តល់ជំនួយដល់សម្ព័ន្ធមិត្តណាតូ ក្នុងករណីមានការវាយប្រហារថា ខ្ញុំមិនចង់ស្មាន ឬទទួលយកការសន្មត់ទេ លោកថា នៅពេលនិយាយអំពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់យើង និងមាត្រាទី៥ យើងបានយល់ច្បាស់ថា យើងនឹងការពារគ្រប់អ៊ីញនៃទឹកដីណាតូ ដោយសំដៅលើកតិកាសញ្ញាការពាររួមនៅក្នុងអង្គការណាតូ ដែលចែងថា ការវាយប្រហារលើសមាជិកណាមួយនៃសម្ព័ន្ធភាព គឺជាការវាយប្រហារលើសមាជិកទាំងអស់។
ទន្ទឹមគ្នា ប្រធានអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ ក៏បាននិយាយដែរថា លោកបានពិភាក្សាជាមួយប្រធានាធិបតីប៉ូឡូញ លោក អង់ដ្រេ ឌូដា ហើយថា ណាតូកំពុងតាមដានស្ថានការណ៍ និងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត។ ចំណែកក្រសួងការពារជាតិរុស្ស៊ីបានបដិសេធភ្លាមៗនូវរបាយការណ៍នេះ ដោយហៅវាថា ជាការបង្កហេតុដោយចេតនា ក្នុងគោលបំណងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងថែមទៀត៕ ប្រភព៖ Aljazeera ដោយ៖ ទីណា និងបុត្រា