ផ្ទុះបាតុកម្មហិង្សា នៅក្រុងក្វាងចូវប្រទេសចិន ជុំវិញវិធានការកូវីដតឹងរ៉ឹង

ចិន៖ វិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលបន្តធ្វើនៅចិន កំពុងជំរុញឱ្យមានការខឹងសម្បាជាសាធារណៈ។ នៅក្វាងចូវដែលជាទីក្រុងធំជាងគេមួយរបស់ប្រទេសចិន ប្រជាជនមួយចំនួនទ្រាំលែងបាន និងបានចេញធ្វើការតវ៉ាដ៏កម្រប្រឆាំងនឹងវិធានការប្រឆាំងកូវីដដ៏តឹងរ៉ឹងនេះ។

តាមរយៈវីដេអូជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញមានមនុស្សរាប់រយនាក់កំពុងដើរដង្ហែគ្នាតាមដងផ្លូវ និងរុញច្រានរបាំងការពារប៉ូលិសនៅក្នុងសង្កាត់ហេស៊ូ (Haizhu) នៃទីក្រុងក្វាងចូវ ដែលត្រូវបានបិទខ្ទប់តាំងពីចុងខែតុលា ដោយសារការរីករាតត្បាតនៃជំងឺកូវីដ១៩។

សារព័ត៌មានសេដ្ឋកិច្ចហុងកុង រាយការណ៍ថា បាតុកម្មនេះបានកើតឡើងនៅតាមភូមិក្នុងក្រុង ដែលភាគច្រើនជាសង្កាត់ ឬតំបន់ក្រីក្រ និងជាទីតាំងដែលមានកម្មករចំណាកស្រុកជាច្រើនរស់នៅ។ រដ្ឋអំណាចក្នុងតំបន់ បានបញ្ជូនរថយន្តប៉ូលិសជាច្រើនគ្រឿង ចូលទៅកាន់កន្លែងតវ៉ា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ចហុងកុងដដែល។

ប្រជាជនចិន ជាពិសេសអ្នកដែលរស់នៅកណ្តាលទីក្រុង កាន់តែមិនសប្បាយនិងកើតទុក្ខព្រួយក្នុងចិត្តខ្លាំងឡើង បន្ទាប់ពីរងការដាក់កម្រិតរយៈពេលជិត ៣ឆ្នាំ ក្រោមគោលនយោបាយហ្សេរ៉ូកូវីដដ៏តឹងតែងរបស់រដ្ឋាភិបាលចិន។

គ្មានទេសញ្ញាបង្ហាញពីភាពធូរស្រាលនៃវិធានការបិទខ្ទប់ បើទោះបីជាអាជ្ញាធរបានបន្ធូរបន្ថយវិធានការប្រឆាំងកូវីដមួយចំនួនដូចជា កាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័ក និងលុបចោលវិធានការដែលចាប់តម្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ ត្រូវរងពិន័យចំពោះការដឹកអ្នកដំណើរដែលមានជំងឺកូវីដ។ បញ្ហាខ្វះខាតស្បៀងអាហារ និងភាពពិបាកក្នុងការទទួលបានការព្យាបាលជំងឺឱ្យបានទាន់ពេលវេលា គឺជាចំណុចដែលប្រជាជនចិនរងការបិទខ្ទប់ឲ្យនៅតែក្នុងផ្ទះ តវ៉ាយ៉ាងខ្លាំងក្លា។

នៅលើបណ្តាញសង្គម Weibo និង WeChat គេឃើញមានការបង្ហោះខ្លះដែលពិភាក្សាអំពីការតវ៉ារបស់ប្រជាជនចិន។ Weibo និង WeChat គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតចំនួន២ នៅក្នុងប្រទេសចិន ដែលការពិភាក្សាតាមអ៊ីនធឺណិតជារឿយៗត្រូវបានត្រួតពិនិត្យដើម្បីគ្រប់គ្រងមតិសាធារណៈ។ នៅព្រឹកថ្ងៃអង្គារ ទី១៥ វិច្ឆិកា hashtags នៅលើ Weibo ដូចជា «កុប្បកម្មនៅស្រុកហេស៊ូទីក្រុងក្វាងចូវ» និង «កុបកម្មនៅហេស៊ូ» នៅតែអាចមើលឃើញ ប៉ុន្តែសារបង្ហោះដែលអាចមើលឃើញពីមុនបានបាត់អស់រលីង។

គួរជ្រាបថា ប្រទេសចិន បានរាយការណ៍ពីចំនួនឆ្លងកូវីដថ្មីជាង ១៧ ០០០ កាលពីថ្ងៃចន្ទ ដែលជាចំនួនខ្ពស់បំផុតរាប់ចាប់តាំងពីចុងខែមេសាមក។ទីក្រុងក្វាងចូវតំណាងឱ្យចំនួនករណីឆ្លងភាគច្រើន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិងកំពុងផ្សាយដាស់តឿនរំឭកឡើងវិញជាថ្មីថា ប្រទេសនេះនៅតែប្រកាន់ខ្ជាប់គោលនយោបាយហ្សេរ៉ូកូវីដ បើទោះបីជាការកើនឡើងនៃករណីឆ្លង នាំឱ្យមានការចោទជាសំណួរឡើងពីគោលនយោបាយប្រឆាំងកូវីដដ៏តឹងរ៉ឹងនេះយ៉ាងណាក៏ដោយ៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
China zero Covid: Violent protests in Guangzhou put curbs under strain
Videos Show Violent Protests in China Over Covid Lockdowns

ads banner