ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រតិភូដែលបានអមដំណើរសម្ដេចតេជោ ហ៊ុន សែន ជាង ៤០នាក់មិនមានវិជ្ជមានកូវីដ១៩

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបង្ហាញពីលទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើមន្រ្តីជាន់ខ្ពស់នៃប្រតិភូដែលបានអមដំណើរជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំនួនជាង ៤០នាក់ មិនមានវិជ្ជមានកូវីដ១៩ទេ ខណៈដែលសុខភាពរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមានសភាពធម្មតា ប៉ុន្តែសម្តេចតេជោមានការបារម្ភពីបណ្តាថ្នាក់ដឹកនាំៗដែលបានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នាពេលថ្មីៗនេះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានប្រាប់ឱ្យដឹងថា តាមរយៈលទ្ធផលនៃការធ្វើតេស្តដោយម៉ាស៊ីនធំ PCR របស់មន្រ្តីប្រតិភូអមដំណើរជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រតិភូទាំងជាង៤០នាក់ មិនមានវិជ្ជមានកូវីដ១៩នោះទេ។

លោកជំទាវបញ្ជាក់ថា ៖ «លទ្ធផលរបស់ប្រតិភូទាំងអស់ដែលយើងបានធ្វើតេស្តរហ័សរួចហើយ ហើយយើងក៏បានយកសំណាកទាំងអស់ទៅពិនិត្យជាមួយនឹងម៉ាស៊ីនPCRផងដែរ បានបង្ហាញលទ្ធផល គឺអវិជ្ជមានទាំងអស់»។

បន្ទាប់ពីវេជ្ជបណ្ឌិតនៃប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីលទ្ធផលនៃការរកឃើញវិជ្ជមានកូវីដ១៩លើសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៥,សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចិត្តដឹកនាំគណៈប្រតិភូដែលនឹងត្រូវចូលរួមកិច្ចប្រជុំG20 វិលមកកម្ពុជាវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីបានវិលត្រលប់មកដល់គេហដ្ឋានរបស់លោកនាទីក្រុងតាខ្មៅ ខេត្តកណ្តាលថា សម្តេចតេជោបានសម្រេចដឹកនាំគណៈប្រតិភូមកកម្ពុជាដើម្បីធានាសុវត្ថិភាពសម្រាប់មេដឹកនាំនៃការប្រជុំG20នេះ។

សម្តេចតេជោបានមានប្រសាសន៍ថា ៖ «បញ្ហាកូវីដដែលកើតលើខ្ញុំនៅពេលនេះគឺតូចតាចបំផុត ប៉ុន្តែអ្វីដែលខ្ញុំមានកង្វល់ធំជាងគេគឺថាតើមេដឹកនាំដែលចេញពីប្រទេសកម្ពុជាទៅចូលរួមប្រជុំនៅប្រទេសឥណ្ឌូនេស៊ី និងការវិលត្រលប់ទៅប្រទេសរបស់ខ្លួនវិញ តើមានកើតកូវីដឬអត់? ដែលនេះគឺជាកង្វល់ធំរបស់ខ្ញុំ»។

មេដឹកនាំដែលចូលរួមកិច្ចប្រជុំនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី គឺចេញពីប្រទេសកម្ពុជា ស្ទើរតែពាក់កណ្តាល ក្នុងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ានបន្តវេន គឺនៅជាប់ជាមួយនឹងខ្ញុំជានិច្ច ហើយក្រៅពីនោះក៏មានមេដឹកនាំមួយចំនួនទៀតក៏មានការស្និទ្ធស្នាល ក្នុងនោះមានលោកប្រធានាធិបតីអាមេរិកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «កង្វល់ធំបំផុតរបស់ខ្ញុំគឺសុខភាពរបស់មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានាដែលបានមកប្រជុំនៅកម្ពុជាថាតើពួកគាត់មានឆ្លងកូវីដដែរឬទេ ប៉ុន្តែការស្រាវជ្រាវគឺពុំឃើញមានអ្នកដឹកនាំណាមួយមានវិជ្ជមានកូវីដ១៩ដែលឆ្លងចេញពីកម្ពុជា នោះទេ»។

«ដូច្នេះខ្ញុំយល់ថា អ្វីដែលឆ្លងមកលើរូបខ្ញុំនេះប្រហែលស្ថិតក្នុងពេលវេលាដែលខ្ញុំមានការហត់នឿយខ្លាំងបំផុតក្នុងរយៈពេលចុងក្រោយនេះ ដែលមួយអាទិត្យចុងក្រោយនេះខ្ញុំបានធ្វើការមួយថ្ងៃលើសពី១០ម៉ោង។ ការហត់នឿយរបស់ខ្ញុំអាចជាមូលហេតុនៃការវាយលុយពីកូវីដ១៩»។ នេះបើតាមការប្រាប់បន្ថែមពីលោក ហ៊ុន សែន។

សម្ដេចតេជោក៏បានបន្តថា លោកនឹងខិតខំធ្វើការព្យាបាលកូវីដ១៩នេះ ប៉ុន្តែអាការៈសុខភាពរបស់លោកគឺធម្មតា ដោយលោកបរិភោគ និងសម្រាកបានធម្មតាផងដែរ ហើយលោកក៏អាចបន្តធ្វើការបានធម្មតាដែរ លើកលែងតែការជួបភ្ញៀវតែប៉ុណ្ណោះ។
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៅថ្ងៃទី១៥ ខែវិច្ឆិកា បានផ្ញើព្រះរាជសារជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីព្រះអង្គទទួលដំណឹងពីការឆ្លងកូវីដ១៩នេះ។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា ៖ «ខ្ញុំសូមប្រសិទ្ធពរ និងសូមបួងសួងគុណបុណ្យព្រះរតនត្រ័យ ទសបារមី និងវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្ដេចអគ្គមហាសេនាបតីតេជោ ឱ្យឆាប់ជាសះស្បើយពីរោគា និងសូមមានសុខភាពល្អបរិបូរណ៍ ដើម្បីបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រជាទីស្រឡាញ់ ជាបន្តទៀត»។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការយោគយល់ពីអ្នកវិភាគខ្លះដែលលើកឡើងថាតើនេះជាឧបាយកលនៃប្រទេសខ្លះដែលមិនចង់ឱ្យសម្តេចមានវត្តមានក្នុងការប្រជុំG20 និងការប្រជុំAPEC ក្នុងប្រទេសថៃនេះដែរឬទេ? ប៉ុន្តែពិតណាស់ គឺមិនមានអ្នកណាមួយមានបំណងមិនចង់ឱ្យសម្ដេចមានវត្តមានក្នុងការប្រជុំនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសុំឱ្យបំបាត់ចោលនូវការភ័ន្តច្រឡំឬការវិភាគណាដែលនាំទៅដល់ផ្លូវនេះតែម្តង ព្រោះថាប្រធានG20 ចង់ឱ្យមានវត្តមានរបស់ខ្ញុំដែលជាប្រធានអាស៊ានទៅចូលរួមប្រជុំនេះ ហើយប្រទេសថៃដែលជាប្រធានAPEC ក៏ចង់ឱ្យរូបខ្ញុំចូលរួមផងដែរ»។

តាមគម្រោងនៃការប្រជុំនាទីក្រុងបាងកកក៏មានការត្រៀមរៀបចំឱ្យលោក ហ៊ុន សែន ជួបជាមួយនឹងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងការជួបគ្នារវាងលោកជាមួយនឹងប្រធានាធិបតីបារាំង លោក ម៉ាក្រុង ផងដែរ។ ដូចនេះមិនមានហេតុផលណាដែលវិភាគទៅឆ្ងាយក្រៅពីការកូវីដ១៩នោះឡើយ៕
ដោយ៖នាង សុគន្ធា

ads banner