លោក ហេង ផេង បញ្ជាក់ថា មានការប្រកួតកម្រិតអន្តរជាតិច្រើន អត្តពលិកការ៉ាតេ នឹងអាចឈានឈ្នះមេដាយ ពីស៊ីហ្គេម នៅកម្ពុជា
ភ្នំពេញ៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១៧នាក់ ចូលរួមប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកាខាងមុខ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។
លោក ហេង ផេង គ្រូជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ ពិតជាមានសារសំខាន់ សម្រាប់កីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា ធ្វើការប្រកួតវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ បន្ទាប់ពីពួកគេបោះជុំរុំហ្វឹកហាត់រយៈពេល៣ខែ នៅជប៉ុនកាលពីថ្មីៗ ក៏ដូចជាការហ្វឹកហាត់កន្លងមក និងជាឪកាសតេស្តសមត្ថភាពជាមួយអត្តពលិក មកពីជាង៦៥ប្រទេសចូលរួមជុំវិញពិភពលោក ដើម្បីសម្រួចសិទ្ធផល និងបង្កើនសមត្ថភាពឆ្ពោះទៅប្រជែងមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣។ លោក បន្ដថា រំពឹងថា កីឡាករ កីឡាការិនីនឹងកើនឡើងទ្វេដង ដើម្បីត្រៀមដណ្ដើមមេដាយមាសស៊ីហ្គេម ក្នុងនាមម្ចាស់ផ្ទះ នាឆ្នាំក្រោយ» ចន្លោះពី ១ ដល់ ៤មេដាយមាស ដែលសហព័ន្ធបានដាក់គោលដៅដណ្តើម។ លោកគ្រូបង្វឹករូបនេះ បន្ថែមថា ការប្រកួត Series A គឺជាការប្រកួតកម្រិតខ្ពស់ ដែលតម្រូវអោយអត្តពលិកឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ់ ការតស៊ូ និងឆ្លងកាត់ការប្រកួតជាច្រើន ដើម្បីដណ្ដើមជ័យជម្នះ។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតជើងឯកការ៉ាតេពិភពលោក Series A នេះ កីឡាករ-កីឡាការិនី ត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣ នៅចុងខែវិច្ឆិកានេះ, ការប្រកួតជើងឯកអាស៊ី នៅប្រទេសអូបេគីស្ថាន នាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ខាងមុខ និងការប្រកួតជើងឯកអាស៊ាន នាកំលុងខែមីនា ឆ្នាំ២០២៣ជាដើម ដើម្បីត្រៀមខ្លួនរួចរាល់ ប្រជែងមេដាយក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ សម្រាប់ការប្រកួតខាងលើនេះ កម្ពុជា បានបញ្ចូនកីឡាករ-កីឡាការិនីចំនួន ១៧នាក់ចូលរួមប្រកួតលើ ២វិញ្ញាសាធំៗ គឺសម្ដែង និងប្រយុទ្ធ៕ ចាន់ វិចិត្រ