លោក គង់ សុភាព៖ រំពឹងថា អត្តពលិកកីឡាទូកកម្ពុជា នឹងទទួលបានលទ្ធផលល្អ ពីការប្រកួតជើងឯកអាស៊ី នៅថៃ

ភ្នំពេញ៖ អត្តពលិកកីឡាទូកប្រពៃណីទូកនាគ និងប្រតិភូ សរុប៣៥នាក់ ចេញទៅចូលរួមប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ជើងឯកអាស៊ី លើកទី១៤ ឆ្នាំ២០២២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសរើសជាតិ បានអោយដឹងថា គោលបំណងទៅចូលរួមប្រកួតនេះ ដើម្បីពិនិត្យមើលពីសិទ្ធផលអត្តពលិកក្រុមជម្រើសរើសជាតិ ក្រោយទទយលបានការបង្វឹកពីគ្រូអន្តរជាតិ ជាពិសេសគឺដកស្រង់បទពិសោធន៍ និងបច្ចេកទេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ លោកគ្រូជំនួយរូបនេះ បន្តថា ក្រោយទទួលបានការបង្ហាត់ពីគ្រូបរទេស Naing Naing Htoo មកពីមីយ៉ាន់ម៉ា ដែលផ្តល់ជូនពី Camsoc សង្កេតឃើញសិទ្ធផល និងបច្ចេកទេសមានការកើនឡើងគួរអោយកត់សំគាល់ តាមរយៈការតេស្តសមត្ថភាពប្រចាំខែ ទាំងកំលាំង និងបច្ចេកទេស ជាពិសេសគឺអត្តពលិកវ័យក្មេង។ លោក បន្ថែមថា ការចូលរួមកាប្រកួតកម្រិតអាស៊ី គឺជាការវាស់ស្ទង់ និងដុសខាត់សមត្ថភាព ក្រុមជម្រើសរើសជាតិជាមួយអត្តពលិកក្នុងតំបន់អាស៊ាន ក៏ដូចតំបន់អាស៊ី ដើម្បីពិនិត្យមើលពីចំនុចខ្វះខាត យកមកកែលម្អ ក្នុងការត្រៀមខ្លួនអោយល្អប្រជែងមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក គង់ សុភាព បន្ថែមថា ការប្រកួតនេះ ប្រទេសដែលខ្លាំងយើងមិនអាចមើលរំលងមានដូចជា ប្រទេសថៃ ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងតំបន់អាស៊ាន ដោយឡែកប្រទេសមកពីតំបន់អាស៊ី មាន ប្រទេសចិន និងតៃវ៉ាន់ជាដើម ដែលយើងគិតថាជាប្រទេសពិបាកនឹងប្រជែងមេដាយ។
លោក Naing Naing Htoo គ្រូបង្វឹកបរទេស បានមានប្រសាសន៍ថា ការប្រកួតនេះ មានសារសំខាន់សម្រាប់អត្តពលិកកីឡាទូកកម្ពុជា បើប្រៀបធៀបសិទ្ធផលល្អប្រសើរច្រើនជាងឆ្នាំមុនៗ តែអ្វិដែលសំខាន់គឺមានអត្តពលិកវ័យក្មេងច្រើន ដូច្នេះយើងត្រូវតែពង្រឹងសមត្ថភាព និងបង្កើនបច្ចេកទេស បទពិសោធន៍បន្ថែម ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ជើងឯកអាស៊ី លើកទី១៤ ឆ្នាំ២០២២ ធ្វើនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដោយមាន១២ប្រទេសចូលរួម គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២២៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner