សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពីស្ថានភាពនៃសុខភាព និងពន្យល់ ពីមូលហេតុដែលមិនអាចចាត់អ្នកតំណាងចូលរួមជំនួសក្នុងកិច្ចប្រជុំកំពូល G20 និង APEC
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពីស្ថានភាពនៃសុខភាព ដោយមកទល់ពេលនេះ សម្តេច មានស្ថានភាពធម្មតា ទាំងការសម្រាក សម្រាន្ត និងទទួលទានអាហារ” ហើយសម្ដេចក៏បានពន្យល់ពីមូលហេតុ ដែលមិនអាចចាត់អ្នកតំណាងចូលរួមជំនួស ក្នុងកិច្ចប្រជុំកំពូល G20 និង APEC ។ តាមរយៈសារជាសំឡេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២២ បានបញ្ជាក់ថា មានការលើកឡើងខ្លះថា ហេតុអ្វីបានជាខ្ញុំព្រះករុណាខ្ញុំ កូវីដ១៩តែម្នាក់ឯង ហើយមិនទុកសមាជិកប្រតិភូ ឱ្យចូលរួមប្រជុំ នៅឯឥណ្ឌូនេស៊ី? ។
សម្តេចតេជោ បានបញ្ជាក់ជូនថា កម្ពុជាមិនមែនជាប្រទេសសមាជិក G20 នោះទេ យើងមិនមានសិទ្ធិតែងតាំងថ្នាក់រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីណាមួយ តំណាងឲ្យយើងនៅទីនោះ បានទេនៅឥណ្ឌូនេស៊ី និងនៅបាងកក APEC ប្រទេសរបស់យើង គឺត្រូវបានទទួលការអញ្ជើញចំឈ្មោះប្រធានអាស៊ាន គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
សម្តេចបញ្ជាក់ថា ដូច្នេះដើម្បីធានាការប្រព្រឹត្តទៅបានល្អ នៅក្នុងការប្រជុំនៅឯឥណ្ឌូនេស៊ី កម្ពុជា បានធ្វើការសម្របសម្រួលជាមួយឥណ្ឌូនេស៊ីឲ្យទទួលការងារជាប្រធានអាស៊ានតែម្ដងមិនមានអ្នកជំនួសឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ។ សម្ដេច ក៏បានបញ្ជាក់ដែរថា ម្យ៉ាងទៀតដោយសារយើងធ្វើដំណើរតាមយន្តហោះ ជាមួយគ្នាចំនួនជាង ៤០នាក់ មិនមានអ្នកណាកើតកូវីដក៏ដោយ ក៏ប៉ុន្តែប្រសិនបើមានបុគ្គលណាមួយត្រូវបានអនុញ្ញាតឲ្យចូលរួមប្រជុំ វាពិតជាផ្ដល់នូវការកង្វល់សម្រាប់ម្ចាស់ផ្ទះ គឺឥណ្ឌូនេស៊ី។ ដូច្នេះហើយបានជាខ្ញុំព្រះករុណាខ្ញុំ សម្រេចចិត្តត្រឡប់មកកាន់ ប្រទេសវិញទាំងអស់គ្នា ដោយប្រគល់ឋានៈប្រធានអាស៊ាននេះ សម្រាប់ឥណ្ឌូនេស៊ីតែម្ដង »។
សម្តេចក៏បានថ្លែងថា «សូមកុំមានការភាន់ច្រឡំហេតុអ្វី បានជាមិនព្រមទុក្ខឲ្យមានអ្នកតំណាង»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពីសុខភាពរបស់សម្តេច ដែរថា «រហូតមកដល់ពេលនេះរយៈពេល ២៤ម៉ោងហើយសុខភាព របស់ខ្ញុំព្រះករុណាខ្ញុំធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ហើយអាការៈទាំងប៉ុន្មានដូចធម្មតា ដោយទទួលទាន និងសម្រាកក៏ធម្មតា»។
សម្ដេចក៏បានបញ្ជាក់ថា «អ្វីដែលខ្ញុំព្រះករុណាខ្ញុំសប្បាយរីករាយត្រង់ថា មេដឹកនាំបណ្ដាប្រទេសដែលបានចាកចេញពីព្រះរាជាណាចក្រកម្ពុជាពេលប្រជុំអាស៊ាន អាស៊ីបូព៌ា និងកិច្ចប្រជុំពាក់ព័ន្ធដែលបន្តចូលរួមនៅឯឥណ្ឌូនេស៊ី និងការវិលត្រឡប់ទៅប្រទេសវិញ ពុំមានអ្នកណាម្នាក់ឆ្លងកូវីដ១៩ ចេញពីកម្ពុជានោះទេ»។ សម្ដេចក៏បានចាត់ទុកថា «កម្ពុជា ទទួលភ្ញៀវដោយសុវត្ថិភាពបទាំងសន្តិសុខ និងជំងឺឆ្លង និងបរិយាកាសដទៃទៀត ដែលផ្ដល់អំណោយផលសម្រាប់ ព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ»៕ ដោយ ៖ វណ្ណលុក