អង្គភាពប្រឆាំងអំពើពុករលួយធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ជាស្មៀន សង្កាត់តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល
ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ នៅយប់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មក អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។
បើយោងតាមសេចក្តីប្រកាសខាងលើនេះបានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជនថា អ.ប.ព. ពិតជាបានទទួលជន សង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដូចការចុះផ្សាយរបស់សារព័ត៌មាននានា។
ជាមួយគ្នានេះអង្កភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ដែរថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។
អង្កភាពប្រឆាំងអំពើពុករលួយសូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ ឯកឧត្តមប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយ ឯកឧត្តមអភិបាល នៃ គណៈអភិបាលខេត្តកណ្តាល ឯកឧត្តមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់ តាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។
អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជនរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំង អំពើពុករលួយ ជាបន្ទាន់ ៕ ដោយ៖ម៉ាដេប៉ូ