ណាតូ និងប៉ូឡូញអះអាងថា រុស្ស៊ីមិនបានវាយប្រហារមីស៊ីលលើប៉ូឡូញទេ
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺគ បាននិយាយនៅទីក្រុងព្រុចសែល ក្នុងថ្ងៃពុធទី១៦ ខែវិច្ឆិកាថា ករណីផ្ទុះនៅភូមិ Przewodow របស់ប៉ូឡូញ ជិតព្រំដែនជាមួយអ៊ុយក្រែន កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ទំនងជាមិនមែនជាការវាយប្រហារពីរុស្ស៊ីទេ ប៉ុន្តែវាប្រហែលជាការបាញ់ខុសបច្ចេកទេស ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ហេតុការណ៍នេះ បណ្តាលឱ្យមនុស្សពីរនាក់បានស្លាប់។
លោក ស្តូលធិនប៊ឺគ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់អង្គការណាតូក្នុងរដ្ឋធានីរបស់ប្រទេសប៊ែលហ្ស៊ិកថា យើងមិនមានការចង្អុលបង្ហាញថា នេះគឺជាលទ្ធផលនៃការវាយប្រហារដោយចេតនានោះទេ ហើយយើងក៏មិនមានការចង្អុលបង្ហាញថា រុស្ស៊ីកំពុងរៀបចំសកម្មភាពយោធាវាយលុកប្រឆាំងនឹងណាតូនោះដែរ។
លោកថា ឧបទ្ទវហេតុនេះ ទំនងជាបណ្តាលមកពីមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបាញ់ដើម្បីការពារទឹកដីអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលគ្រូសរបស់រុស្ស៊ី។ ចំណែកប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា បាននិយាយថា យើងមិនមានភស្តុតាងណាមួយក្នុងដំណាក់កាលនេះថា វាគឺជាមីស៊ីលដែលបាញ់ដោយរុស្ស៊ីនោះទេ និងថា គ្មានអ្វីដែលអាចបង្ហាញថា វាជាការវាយប្រហារដោយចេតនាលើប្រទេសប៉ូឡូញឡើយ។
ទោះបីជាយ៉ាងណា ទាំងលោក ស្តូលធិនប៊ឺគ និងលោក ឌូដា ក៏បានអះអាងដែរថា ការស៊ើបអង្កេតកំពុងបន្ត ដោយប្រមុខអង្គការណាតូបានអំពាវនាវឱ្យមានការអត់ធ្មត់ និងបានព្រមានប្រឆាំងនឹងការឈានដល់ការសន្និដ្ឋានខុសជុំវិញបញ្ហានេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា