គម្រោងរបស់អាមេរិកជួយវៀតណាមកាត់បន្ថយការបំពុលបរិស្ថាន ត្រូវបានដាក់ឲ្យដំណើរការ
ហាណូយ៖ គម្រោងមានទំហំទឹកប្រាក់ ១១.៣ លានដុល្លារដែលផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីជួយប្រទេសវៀតណាមអនុវត្តគំនិតផ្តួចផ្តើមដើម្បីដោះស្រាយបញ្ហាបំពុលបរិស្ថាន។
គម្រោង ដែលមានរយៈពេលប្រាំឆ្នាំ បានកំណត់គំនិតផ្តួចផ្តើមផលប៉ះពាល់ ជាសមូហភាពចំនួនប្រាំមួយ ពីដៃគូវិស័យឯកជន៖ ក្រុមហ៊ុនត្រួសត្រាយផ្លូវ សហគមន៍ និងទំនួលខុសត្រូវអ្នកប្រើប្រាស់ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ការបង្កើតគំរូសេដ្ឋកិច្ចរាងជារង្វង់ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិកផ្នែកវេជ្ជសាស្រ្ត កាត់បន្ថយការបំពុលខ្យល់ពីការដឹកជញ្ជូនតាមផ្លូវគោក។ កាត់បន្ថយការបំពុលខ្យល់ពីការដុតចំហរ កាត់បន្ថយការបំពុលនៅក្នុងភូមិសិប្បកម្ម និងការបង្កើតវេទិកាបញ្ចេញទិន្នន័យបរិស្ថាន ប្រកបដោយតម្លាភាព ជាដើម។
លោកស្រី Aler Grubbs នាយកបេសកកម្មរបស់ USAID ប្រចាំប្រទេសវៀតណាម បាននិយាយ ក្នុងពិធីដាក់ឲ្យដំណើរការគម្រោង កាលពីថ្ងៃទី១៥ វិច្ឆិកា នាពេលនោះថា USAID និងក្រសួងធនធានធម្មជាតិ និងបរិស្ថានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមករា ដើម្បីកែលម្អលទ្ធផលបរិស្ថាន ហើយគម្រោងនេះ “ជាព្រឹត្តិការណ៍សំខាន់ដំបូងដ៏អស្ចារ្យ” ។
លោកស្រីបាននិយាយថា “កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពដឹកនាំដោយវៀតណាម ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅផ្លាស់ប្តូរអាកាសធាតុរបស់ខ្លួន”។
គម្រោងនេះត្រូវបានអនុវត្តដោយដៃគូរបស់ USAID Winrock International ដែលជាអង្គការមិនរកប្រាក់ចំណេញ សហការជាមួយ ក្រសួងធនធានធម្មជាតិ និងបរិស្ថានរបស់វៀតណាម។
គម្រោងនេះនឹងបង្ហាញពីការផ្សារភ្ជាប់គ្នារវាងអត្ថប្រយោជន៍បរិស្ថាន និងសង្គមផ្សេងទៀត រួមទាំងសុខភាពសាធារណៈ ការងារ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ការប្រមូលផ្តុំមនុស្សមកពីវិស័យផ្សេងៗគ្នាដើម្បីកំណត់វិធីដោះស្រាយបញ្ហាបរិស្ថាន និងចាត់វិធានការ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត