រដូវប្រមូលផលគ្រំចំពុះទា របស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបបានមកដល់ហើយ
ខេត្តកោះកុង៖ ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍នៅតំបន់ ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុង ខេត្ត កោះកុង បានចាប់ផ្តើមប្រមូលផលគ្រំចំពុំទា ឬក្រុមអ្នកស្រុកតែងហៅថាខ្យងចំពុះទា បណ្តើរៗហើយដើម្បីចែករាយលក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់បរទេស។
គួរបញ្ជាក់ថាគ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាងនៅក្នុងតំបន់។
លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោបបានប្រាប់ឱ្យដឹងថា៖នៅសហគមន៍របស់លោកអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ដល់ជាង៣០០០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។
គួរំលឹកថានៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគ្រំចំពុះទាផងដែរ។
ជាមួយគ្នាគ្រំចំពុះទា គេអាចកែច្នៃជាមុខអាហារច្រើនប្រភេទ តាមតម្រូវការ និងជាពិសេសជាមុខម្ហូបសំខាន់នៅតាមភោជនីយដ្ឋានធំៗនិងបើតាមសណ្ឋានគារវិញគឺមានរហូតដល់លំដាប់ផ្កាយ៥ទៀតផង។ គ្រំសមុទ្រនេះ មានរសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាប ហើយអាចច្នៃធ្វើម្ហូបបានដូចជា ស្លរម្ជូរគ្រឿង ការី ឆាក្រៀម ញាំ ឆាក្តៅ ស្ងោរជ្រក់ ស្រុស និងជាពិសេសបំផុតនោះ គឺគេយកទៅកែច្នៃជាម្ហូប បែបអឺរ៉ុប ដែលមានតម្លៃ ខ្ពស់ៗ ស្មានមិនដល់។
សូមបញ្ជាក់ថាក្រសួងបរិស្ថានបានលើកទឹកចិត្តដល់សហគមន៍បង្កើនការចិញ្ចឹមគ្រំចំពុះទា ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និង សេដ្ឋកិច្ចគ្រួសារកាន់តែល្អប្រសើរឡើង៕ដោយ៖ម៉ាដេប៉ូ




