ប្រជាពលរដ្ឋនៅខណ្ឌពោធ៍សែនជ័យ បានស្នើឱ្យអាជ្ញាធរជួយ ដោះស្រាយលើការជួសជុល ការស្ថាបនាផ្លូវ លូនិងការស្តារប្រឡាយ ដើម្បីរំដោះទឹកជាដើម

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តតាំងក្រសាំងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែន ជ័យ នៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធរជួយ ដោះស្រាយជាសំណើរ សំណូមពរយ៉ាងច្រើន លើការជួលជុល ការស្ថាបនាផ្លូវ លូនិងការស្តារប្រឡាយ ដើម្បីរំដោះទឹកជាដើម។

វេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងអោយ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងអោយឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
ក្នុងវេទិកានេះប្រជាពលរដ្ឋបានលើកឡើងជាសំណួរ សំណើរនិងសំណូមពរផ្ទាល់មាត់ចំនួន១៥រូប ក្នុងនោះរួមមាន ស្នើសុំការជួលជុលផ្លូវមានគង្ហុក សុំការស្ថាបនាផ្លូវបេតុងតូចៗនៅក្នុងភូមិដ្ឋានរបស់ពួកគាត់ ស្នើសុំធ្វើបណ្តាញលូបង្ហូរទឹក ការស្នើសុំស្តារប្រឡាយ ការជម្រុញអោយការផ្តល់សេវានៅច្រកចេញ ចូលតែមួយមួយអោយបានលឿន ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ ពីពាហ៍ សុំការកូនជាដើម។ ការស្នើសុំបាញ់ថ្នាំសម្លាប់មូស និងសុំតបណ្តាញទឹកស្អាតជាដើម។

ពាក់ព័ន្ធនឹងការស្នើសុំឱ្យអាជ្ញាធររាជធានីជួយអន្តរាគមន៍នេះ ឯឧ ស៊ុយ សេរិទ្ធ បានមានប្រសាសន៍ថា សម្រាប់អាជ្ញាធរ សង្កាត់ ខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋលើបញ្ហាទាំងនេះ ពោលគឺយើងដោះស្រាយជាតំណាក់កាល ព្រោះយើងធ្វើអ្វីៗទៅតាមគម្រោងថវិកាប្រចាំឆ្នាំឬ គម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលជាដើម ហើយគម្រោងនោះត្រូវបែងចែកជា២ថែមទៀត នោះគឺគម្រោងផ្នែករឹងនិងគម្រោងផ្នែកទន់ ។

ឯកឧត្តម បញ្ជាក់ថា គម្រោងផ្នែករឹងគឺការអភិវឌ្ឍមូលដ្ឋាន ហើយគម្រោងផ្នែកទន់គឺការបណ្តុះបណ្តាល ។ ប៉ុន្តែដោយជិត៣ឆ្នាំនេះយើងជួបបញ្ហាជម្ងឺកូវីដ-១៩ គម្រោងមូលនិធិខណ្ឌ រាជធានី ត្រូវបានកាត់ផ្តាច់ នៅសល់តែគម្រោងអភិវឌ្ឍន៍សង្កាត់បន្តិចបន្តួចប៉ុណ្ណោះ ដែលយើងពិបាកអភិវឌ្ឍន៍អោយបានទាន់ចិត្តប្រជាពលរដ្ឋចង់បាន។

ឯកឧត្តម សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែន ជ័យបានមានប្រសាសន៍ដែរថា ចំពោះភាពយឺតយ៉ាវក្នុងការផ្តល់សេវានៅច្រកចេញ ចូលតែមួយ ដូចជាការសុំបញ្ជាក់សំបុត្រកំណើត អាពាហ៍ ពីពាហ៍ សុំការកូនជាដើមនោះ លោកបានជម្រុញរួចហើយ ខណៈដែលលោកមកកាន់តំណែងជាអភិបាលខណ្ឌ ។ លោកទទួលស្គាល់ពីភាពយឺតយ៉ាវកន្លងមកពិតជាមាន នោះគឺផ្តើមចេញពី ការខុសឈ្មោះពីគល់បញ្ជី ដែលតម្រូវអោយមានការផ្ទៀងផ្ទាត់ឡើងវិញ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ចំពោះការបាញ់ថ្នាំមូសនៅតាមលូទឹកស្អុយ លោកនឹងអនុវត្តភ្លាមទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្នើអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមូសខ្លាដែលបង្កអោយកើតជម្ងឺគ្រុនឈាម នោះបងប្អូនត្រូវបំបាត់ជំរកមូសខ្លាអោយអស់ ព្រោះមូសខ្លាពងតែក្នុងទឹកដក់ថ្លាតែប៉ុណ្ណោះ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ឯឧ ជួប ខុន បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ យើងមិនបានជួបជុំគ្នាបែបនេះទេ ។ តែពេលនេះយើងបានជួបជុំគ្នាជាធម្មតាឡើងវិញហើយ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner