លោក វង្ស គីមហួត៖ បង្ហាញជំនឿចិត្តថា នឹងទទួលបានលទ្ធផលល្អពីការប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022

ភ្នំពេញ៖ លោក វង្ស គីមហួត អ្នកប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្ពុជា បញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022 ដែលចាប់ផ្តើមជាផ្លូវការនាថ្ងៃទី២១ ខែវិច្ឆិកាខាងមុខនេះ បានត្រៀមខ្លួនរួចរាល់ជាមួយនឹងជំនឿចិត្តខ្ពស់ថា នឹងទទួលបានលទ្ធផលល្អប្រសើរ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងបទសម្ភាសន៍ជាក្រុមព័ត៌មានកីឡាទូរទស្សន៍អប្សរា កាលពីម្សិលមិញ នៅយានដ្ឋាន VKH។

លោក វង់ គីមហួត អះអាងថា ក្រុមរបស់លោកបានត្រៀមខ្លួនយ៉ាងល្អ ទាំងរថយន្តប្រណាំង ក្រុមការងារជួសជុល គ្រឿងម៉ាស៊ីន ជាពិសេសអ្នកបើកបរ កីឡាករ សោម សុកុសល និងលោកជាជំនួយការអ្នកបើបរ បានធ្វើការត្រួតពិនិត្យលើប្រព័ន្ធសុវត្តិភាពរថយន្ត បច្ចេកទេសគ្រឿងម៉ាស៊ីនយ៉ាងចិត្តទុកដាក់ ដោយសារការប្រណាំងមានចម្ងាយឆ្ងាយរហូតដល់១៧០០គីឡូម៉ែត្រ។ ក្នុងនាមជាជំនួយការអ្នកបើកបរ លោក វង់ គីមហួត ប្តេជ្ញានាំផ្លូវអោយបានល្អ ឈានទៅរកជ័យជំនះជូនក្រុម និងកម្ពុជា បើទោះបីជាខកខាន២ឆ្នាំ ដោយសារវិបត្តិកូវីត-១៩។

ដោយឡែក លោក សោម សុកុសល ជាអ្នកបើកបរ ក៏បានតាំងចិត្តយ៉ាមុតមាំថា នឹងសហការជាមួយដៃគូស្វែងរកជ័យជំនះ សម្រាប់កម្ពុជាពីព្រឹត្តការណ៍កម្រិតអន្តរជាតិ ដែលសម្បូរដោយកីឡាករខ្លាំងៗ និងមានបទពិសោធន៍ច្រើនឆ្នាំមកពីប្រទេសជប៉ុន ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។ លោក បន្តថា បទពិសោធន៍២លើកកន្លងទៅ មិនទទួលបានលទ្ធផលល្អ ដោយសារធ្វេសប្រហែសខ្វះការសហការជាក្រុម ធ្វើអោយរថយន្តខូច និងវង្វេងផ្លូវជាដើម ធ្វើអោយមិនទទួលបានចំណាត់ថ្នាក់ល្អ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្តកម្រិតអន្តរជាតិ Asia Cross Country Rally 2022 នឹងចាប់ផ្តើមប្រណាំង នៅប្រទេសថៃ មកបញ្ចប់នៅកម្ពុជា លើចំងាយផ្លូវសរុប១៧០០គីឡូម៉ែត្រ ចែកចេញជា៦ដំណាក់កាល មានកីឡាករមកពីជាង២០ប្រទេស ក្នុងតំបន់អាស៊ីចូលរួម ដោយឡែកសម្រាប់កម្ពុជា មានរថយន្តប្រណាំង២គ្រឿង ម៉ូតូ២គ្រឿង៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner