ប្រមុខការពារជាតិអាមេរិក៖ ប្រព័ន្ធការពារដែនអាកាស NASAMS មានអត្រាជោគជ័យ ១០០% ក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ី
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡូយដ៍ អូស្ទីន ក្នុងថ្ងៃពុធទី១៦ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាស NASAMS ដែលផ្តល់ដោយសហរដ្ឋអាមេរិក មានអត្រាជោគជ័យ ១០០% នៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ី ខណៈដែលអង្គការណាតូថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ទំនងជាមូលហេតុនៃការផ្ទុះសម្លាប់មនុស្សពីរនាក់នៅក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
លោក អូស្ទីន បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំតាមអនឡាញ ជាមួយក្រុមរដ្ឋមន្ត្រីការពារជាតិជាច្រើនរូប អំពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប៉ូឡូញ ដើម្បីប្រមូលព័ត៌មានបន្ថែមអំពីការផ្ទុះមីស៊ីលនាពេលថ្មីៗនេះ ប៉ុន្តែលោកមិនបានស្តីបន្ទោសអ្នកបង្កគ្រោះថ្នាក់នេះទេ។
ទន្ទឹមគ្នា លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ ក៏បានអះអាងដែរថា សហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រដល់អ៊ុយក្រែន សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ដរាបណាអ៊ុយក្រែននៅត្រូវការ ប៉ុន្តែលោកបានព្រមានពីការប្រកាសពីជ័យជំនះរបស់អ៊ុយក្រែន ពីព្រោះសង្គ្រាមមិនអាចបិទបញ្ចប់ក្នុងរយៈពេលខ្លីនោះទេ៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា



