គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ក្នុងខេត្តចំនួន៥ ទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈទេសចរណ៍

អត្ថបទដោយ៖
CPA

ភ្នំពេញ:គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមខេត្តចំនួន៥ បាន ទទួល ការបណ្តុះបណ្តាល លើជំនាញ វិជ្ជាជីវៈ ទេសចរណ៍ ដោយអង្គការស្វីសខន់ ថាក់ (Swisscontact) ដែលមាន រយៈពេលរហូតដល់៤ឆ្នាំ គឺចាប់ ពី ឆ្នាំ ២០២១ដល់២០២៤។
បើតាម ក្រសួងទេសចរណ៍ បាន ឱ្យ ដឹងថា ការ អប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះ ដល់គ្រូបង្គោលនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅ ខេត្តចំនួន៥ នោះរួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលអង្គការនេះ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោងបណ្តុះបណ្តាលនេះឡើង។
ការគាំទ្រនេះធ្វើឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដោយបានឈានរហូតមានការ ចុះ អនុស្សរណៈនៃការយោគយល់គ្នារវាងអង្គការស្វីសខន់ថាក់ ជាមួយនឹងក្រសួងទេសច រណ៍ ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ជាសេនាធិការដ៏សំខាន់។

ការចុះហត្ថលេខាផ្លូវការលើអនុស្សរណៈនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ ក្រោមវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Rajiv Pradhan នាយកប្រចាំប្រទេសរបស់អង្គការស្វីសខន់ថាក់ផងដែរ។
នាឱកាសនោះ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថែ្លងឡើងថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវច្រកសិក្សាជំនា ញវិ ជ្ជាជីវៈដល់យុវជន-យុវនារី និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅទាំង៥នេះ។
លោកបានឱ្យដឹងថា ៖ «ការបណ្តុះបណ្តាលនេះគឺ ដើម្បីទទួលបាលការងារសមរម្យ និងបង្កើនប្រាក់ចំណូលស្របតាមផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយឡើងវិញនូវវិស័យទេសចរណ៍អំឡុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដោយបង្កើតបានមូលធនមនុស្សសម្រាប់និរន្តរភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍»។

ឯកឧត្តម ប៉ាក់ សុខុម បានបន្ថែមថា រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៤ គម្រោងនឹងផ្ដល់ការបណ្ដុះបណ្ដាលគ្រូបង្គោលក្នុងវិស័យទេសចរណ៍ឱ្យបាន១៥០នាក់ និងអ្នកបម្រើការដែលមានជំនាញតិចតួចឱ្យបានដល់ ៧៨០នាក់ នៅទូទាំងខេត្តខេត្តទាំង៥ នេះ។

សូមបញ្ជាក់ដែរថា នាឱកាសនោះដែរក៏មានការ ចុះហត្ថលេខាត្រីភាគីលើកិច្ចព្រមព្រៀងអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា រវាងគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្តគោលដៅទាំង៥ផងដែរ។

ការចុះហត្ថលេខានេះ ដោយបានយកចិត្តទុកដាក់រៀបចំនូវផែនការសកម្មភាព និងថវិការយៈពេល៣ឆ្នាំ ដើម្បីជំរុ ញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចលើជំនាញអាទិភាពរបស់ខេត្ត មានដូចជា ជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ជំនាញឆុងកាហ្វេ និងមគ្គុទ្ទេសសហគមន៍ផងដែរ។

ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកាលោក ជួប រតនា ក៏ បាន លើកឡើងដែរ ថា មូល ហេតុដែលគម្រោងបណ្ដុះបណ្ដាលនេះ សម្រេចជ្រើសរើសយកខេត្តទាំង៥នេះ ដោយសារ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ភាគច្រើនត្រូវបានផ្អាកការ ងារ ពួកគេមួយចំនួនក៏បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ អំឡុងពេលវិបត្តិកូវីដ១៩។

លោក ថា នៅពេលវិស័យទេសចរណ៍មានការងើបឡើងវិញ ក៏មានអាជីវកម្មខ្លះត្រូវបានបើកដំណើរការនិងមានការងារធ្វើឡើងវិញ ដូច្នេះគឺត្រូវការអ្នកជំនាញមកជួយបម្រើការងារឡើងវិញដែរ ប៉ុន្តែពួកគេមួយចំនួនធំហាក់បាង់បង់ជំនាញក្នុងវិស័យទេសចរណ៍អស់ច្រើនទៅហើយ។
លោក ជួប រតនា បានបញ្ជាក់ថា ៖ «ចំណុចនេះហើយដែលជាមូលហេតុមួយក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់ពួកគេ ដើម្បីឱ្យពួកគេមានជំនាញល្អប្រសើរឡើងវិញ។ មួយវិញទៀត ការបើកអាជីវកម្មឡើងវិញ និងអាជីវកម្មថ្មីៗក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានការងើបឡើងវិញនូវវិស័យទេសចរណ៍»។

ក្នុងនោះនិន្នាការនៃការដើរទស្សនារបស់ភ្ញៀវទេសចរ មានច្រើនទៅកាន់គោលដៅខេត្តជុំវិញបឹងទន្លេសាប ពិសេ សខេត្តសៀមរាប បាត់ដំបង ពោធិ៍សាត់ជាដើម។ ដូច្នេះចាំបាច់ណាស់ត្រូវការបង្កើនអ្នកបម្រើការក្នុងវិស័យទេស ចរណ៍ដែលមានជំនាញល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរដែលកំពុងមានការកើនឡើងដែរនោះ។ នេះបើតាមការលើកឡើងពីលោក ជួប រតនា។
លោក ក៏បានបន្ថែមពីមូលហេតុមួយទៀតផងដែរថា ពីមុនមក គម្រោងបណ្ដុះបណ្ដាលរបស់អង្គការស្វីសខន់ថាក់ ក៏មិនសូវអនុវត្តនៅតាមខេត្តទាំងនោះដែរ ភាគច្រើនមានតែនៅតំបន់ភាគឦសាន ដូច្នេះអង្គការស្វីសខន់ថាក់គឺចង់បន្ថែមការបណ្ដុះបណ្ដាលនៅបណ្ដាខេត្តជុំវិញបឹងទន្លេសាប និងតំបន់ភាគពាយព្យថែមទៀត។

សូមរំលឹកថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោងដោយអង្គការស្វីសខន់ថាក់នេះ ដោយគាំទ្រក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចនេះ៕
ដោយ:នាង សុគន្ធា

ads banner