ប្រធានាធិបតីតួកគី៖ ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក មិនងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរវិញនោះទេ

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គាន់ ក្នុងថ្ងៃព្រហស្បតិ៍ទី១៧ ខែវិច្ឆិកា បានថ្លែងថា កិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ក្នុងប្រទេសតួកគី បានបង្ហាញថា ភាគីទាំងពីរនឹងមិនប៉ុនប៉ងប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់តួកគី Anadolu។

លោក អឺដូហ្គាន់ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើជើងហោះហើរពីប្រទេសឥណ្ឌូនេស៊ី ត្រឡប់ទៅកាន់ប្រទេសតួកគីថា ព័ត៌មានដែលខ្ញុំទទួលបានពីនាយកចារកម្មរបស់ខ្ញុំ ថាតើរុស្ស៊ី-អាមេរិកនឹងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអែរវិញឬអត់ គឺថា រហូតមកទល់ពេលនេះ ភាគីទាំងពីរនឹងមិនមានការប៉ុនប៉ងណាមួយលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ។

លោក អឺដូហ្គាន់ បានសំដៅលើកិច្ចប្រជុំមួយរវាងប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) និងសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី ដែលរៀបចំដោយអង្គការស៊ើបការណ៍ជាតិរបស់ប្រទេសតួកគី ក្នុងរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

ប្រធានាធិបតីតួកគីរូបនេះបាននិយាយយ៉ាងដូច្នេះថា បម្រាមរបស់ព្រះជាម្ចាស់ នោះគឺអាវុធនុយក្លេអ៊ែរអាចនឹងនាំឱ្យមានសង្រ្គាមពិភពលោកថ្មីមួយ ដូច្នេះមិនគួរអនុញ្ញាតឱ្យវាកើតឡើងទេ។

ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ជំនួបរវាងនាយក CIA លោក Bill Burns និងសមភាគីចារកម្មរុស្ស៊ី លោក Sergey Naryshkin នៅទីក្រុងអង់ការ៉ា ត្រូវបានធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner