ក្រសួងកសិកម្ម ថានឹង រកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួនវិញ ជុំវិញការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ក្រសួងកសិកម្ម បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់ខ្លួនវិញ ជុំវិញការឃាត់ខ្លួនលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ក្នុងអំឡុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំអនុសញ្ញាសាយតេស ( CITES) នៅប្រទេសប៉ាណាម៉ា។ ក្រសួងថា ការនាំចូលទៅសហរដ្ឋអាមេរិក គឺអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិកនោះទ មិនមែនរត់ពន្ធឡើយ។

ក្រោមបទចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកនេះ ក្រសួងកសិកម្ម នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង តែទោះយ៉ាងណា ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ កម្ពុជានិងអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធ។

ក្រសួងកសិកម្ម បញ្ជាក់ថា សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ២០០៥ ហើយត្រូវបាននាំចេញសម្រាប់គោលដៅវេជ្ជសាស្រ្ត ជាពិសេសសម្រាប់ដំណាក់ការធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមដែលត្រូវបាននាំចេញទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ។

ចំណែកកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបានការទទួលស្គាល់ផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្រ្តចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះឡើយ។ យ៉ាងណាមិញ ការនាំចេញសត្វស្វាក្តាម ត្រូវអនុញ្ញាតឱ្យនាំចេញ ដោយផ្អែកលើច្បាប់ និងបទបញ្ញត្តិជាតិ និងអន្តរជាតិ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner