វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេក្នុងរយៈពេល១០ខែមកនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធបានចាត់ទុកថា វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ប៉ុណ្ណោះទេ តែវិស័យទាំងពីរនេះក៏កំពុងរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ នារយៈពេលពីរទសវត្សរ៍កន្លងមក ។

ជាមួយគ្នានេះ បើក្រឡេកមកមើលរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករាដល់ខែតុលា ពោលគឺរយៈពេល១០នៃឆ្នាំ២០២២នេះ ក្នុងនោះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេផងដែរ។

អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឯកឧត្តម សុខ ចិន្តាសោភា តាមរយៈវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម នាពេលថ្មីៗនេះ បានបង្ហាញឱ្យដឹងថា៖ «គិតពីខែមករា ដល់ខែតុលា ឆ្នាំ២០២២ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ដែលគម្រោងវិនិយោគមានការកើនឡើង ១៥គម្រោង ហើយទុនវិនិយោគកើនឡើងប្រមាណ១,៣ភាគរយ»។

លោកបន្តថា គម្រោងវិនិយោគដែលកម្ពុជាបានអនុម័តចាប់ពីខែមករាដល់ខែតុលា ទាំង១៦១ គម្រោងនេះ ក្នុងនោះ វិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ ដោយវិស័យឧស្សាហកម្មមានចំនួន ៤១,៥ភាគរយ និងវិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន ៥១ភាគរយ។

ឯកឧត្តមបានបញ្ជាក់ដែរថាមូលហេតុដែលវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ទទួលបានការវិនិយោគច្រើនជាងគេ គឺដោយសារតែវិស័យទាំងពីរនេះកំពុងមានសក្តានុពលខ្ពស់នៅកម្ពុជា ខណៈរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបន្តរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទន់ និងផ្នែករឹង ឱ្យកាន់តែមានភាពរលូន និងល្អប្រសើរជាងមុន ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា និងបណ្តាប្រទេសនានា។

ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មនេះដែរ ថ្លែងក្នុងពិធីប្តូរឈ្មោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តម ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ចំនួនរោងចក្រកាត់ដេរ ដែលចុះបញ្ជីមានចំនួន ១ ៣១៣រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួនជាង ៩០ម៉ឺននាក់។ ហេតុនេះ វិស័យនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ទើបជំរុញឱ្យកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ ៧ភាគរយ ក្នុងមួយឆ្នាំ។

ដោយឡែកពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធវិញ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា សម្រេចសមិទ្ធផលជាវិជ្ជមាន និងផលប្រយោជន៍សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះមានវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ វិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក វិស័យភស្តុភារកម្ម និងជាពិសេស ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាពជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

ហេតុនេះឯកឧត្តមថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានសារសំខាន់មិនត្រឹមតែតាមទស្សនៈសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញដល់ការដឹកជញ្ជូនសាធារណៈ ការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតផង។

គួរបញ្ជាក់ដែរថា បើតាមខ្លឹមសារសង្ខេបសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ដែលក្រសួងសេដ្ឋកិច្ច ចេញផ្សាយកាលចុងខែតុលា ឆ្នាំ២០២២នេះ ក៏បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦ភាគរយ នៅឆ្នាំ២០២៣ខាងមុខ ក្នុងនោះ វិស័យឧស្សាហកម្ម នឹងបន្តកើនឡើងក្នុងអត្រា ៩,២ភាគរយ ក្នុងឆ្នាំ២០២៣ ដែលកំណើននេះ នឹងជួយគាំទ្រ និងរុញច្រានដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានតាមការព្យាករទុកថា នឹងមានកំណើនក្នុងរង្វង់៦,៦ភាគរយ ឆ្នាំ២០២៣ផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner