ប្រធានរដ្ឋសភាវៀតណាមគ្រោងបំពេញទស្សនកិច្ច៤ថ្ងៃនៅកម្ពុជា (Video Inside)

ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក វឿង ឌីញហ្វេ (VUONG DINH HUE) គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រវាងពីថ្ងៃទី១៩វិច្ឆិកានេះ ដល់ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២។

ដំណើរបំពេញទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក វឿង ឌីញ ហ្វេ នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះមហាក្សត្រខ្មែរ, ជួបសម្ដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងអញ្ជើញជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផងដែរ។

ប្រធានរដ្ឋសភាវៀតណាម នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីកម្ពុជាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងដើម្បីប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”។

នៅក្រោយជំនួបភាគីទាំងពីរ នឹងអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋសភាទាំងពីរ កម្ពុជា-វៀតណាម និងរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងអញ្ជើញទៅកាន់វិមានមិត្តភាពកម្ពុជា-វៀតណាមផងទៀត៕

ads banner