កម្ពុជារៀបចំព្រឹត្តិការណ៍កីឡាជាតិមុនការប្រកួតស៊ីហ្គេម(Video Inside)
ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាប៉ារ៉ាហ្គេមលើកទី១ រយៈពេល១១ថ្ងៃនឹងចាប់ផ្តើម ចាប់តាំងពីចុងសប្តាហ៍នេះហើយ ដែលជាការរៀបចំនៅច្រើនខែមុនកម្ពុជារៀបចំកីឡា ស៊ីហ្គេមជាប្រវត្តិសាស្ត្រ។ ព្រឹត្តិការណ៍កីឡាជាតិរវាងពីថ្ងៃទី១៩ដល់៣០វិច្ឆិកាឆ្នាំ២០២២ រៀប
ចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនាល្ងាចថ្ងៃទី២១វិច្ឆិកានៅពហុកីឡដ្ឋានជាតិមរតកតេជោ។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងថា
នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំរៀបចំក្នុងក្របខណ្ឌទូទៅប្រទេស បន្ទាប់ពីខកខានរៀបចំប៉ុន្មាន ឆ្នាំមកនេះដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ព្រឹត្តិការណ៍កីឡាជាតិនេះ នឹងត្រូវរៀបចំតាមទម្រង់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងជាការតេស្ដសាកល្បង សមត្ថភាពក្រុមកីឡាជាតិរបស់កម្ពុជា មុនការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ ខាងមុខនេះ។
ព្រឹត្តិការណ៍កីឡាជាតិរយៈពេល១១ថ្ងៃនេះ ត្រូវបានរៀបចំការប្រកួតលើ ៣៨ប្រភេទកីឡា ដូចទៅនឹងប្រភេទកីឡាដែលបានអនុម័ត ដាក់ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាដែរ។
ការប្រកួតនៃប្រភេទកីឡានីមួយៗនឹងត្រូវរៀបចំទៅតាមទីតាំងនៃរាជធានី-ខេត្ត ដែលត្រូវ រៀបចំការប្រកួតស៊ីហ្គេមទៀតផង ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
រីឯកីឡាប៉ារ៉ាហ្គេមវិញនឹងត្រូវរៀបចំលើ ៧ប្រភេទកីឡាដោយរៀបចំ តាមទម្រង់នៃការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមដូចគ្នា។