តុលាការឃុំខ្លួនស្មៀនសង្កាត់តាខ្មៅ ដែលសង្ស័យលួចលុយឧបត្ថម្ភជនក្រីក្រ(Video Inside)
ស្មៀនសង្កាត់តាខ្មៅ ដែលគេបានរកឃើញជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកេងកឹបលួច ប្រាក់ ឧបត្ថម្ភជនក្រីក្រ ត្រូវបានគេបញ្ជូនទៅតុលាការ ដែលបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការកាត់ទោស។
ស្មៀនសង្កាត់តាខ្មៅលោក សុខ សុផា ត្រូវបានគេចាប់ខ្លួន និងឃុំខ្លួន រយៈពេល៤៨ម៉ោង នៅអង្គភាពប្រឆាំងនឹងអំពើពុករលួយមុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ពាក់ព័ន្ធកឹបកេងថវិកាជាង៧០លានរៀលដែលជាប្រាក់របស់រាជរដ្ឋាភិបាលសម្រាប់ឧបត្ថម្ភអ្នកក្រីក្រ ក្នុងពេលជួបវិបត្តិឆ្លងកូវីដ១៩។
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល លោកស្រី ហុង ម៉ារីនិច បានថ្លែងថាគេសម្រេចចោទប្រកាន់ និងឃុំខ្លួនស្មៀនសង្កាត់តាខ្មៅនោះក្នុងបទចោទប្រកាន់តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។
ការឃាត់ខ្លួនស្មៀនសង្កាត់តាខ្មៅនេះពាក់ព័ន្ធនឹងអំពើសង្ស័យពុករលួយនេះគឺជាលើកដំបូង ហើយពាក់ព័ន្ធនឹងអំពើកេងកឹបយកលុយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តតាំងពីខែមិថុនាឆ្នាំ២០២០។
ចាប់ពីការអនុវត្តការបើកសាច់ប្រាក់ ជួយដល់គ្រួសារក្រីក្រ គិតរហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តបានចំនួន១០ជុំរួចមកហើយ ដោយគិតជាទំហំទឹកប្រាក់ គឺបានចំណាយអស់រហូត ដល់ជាង ៨៣៧លានដុល្លារអាមេរិក។