មេដឹកនាំរុស្ស៊ី-តួកគី ពិភាក្សាតាមទូរស័ព្ទផ្តោតសំខាន់លើមជ្ឈមណ្ឌលឧស្ម័ន និងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគី លោក តាយយីប អឺដូហ្កាន់ បានសន្ទនាគ្នាតាមទូរស័ព្ទ ក្នុងថ្ងៃសុក្រទី១៨ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើតមជ្ឈមណ្ឌលឧស្ម័នក្នុងប្រទេសតួកគី និងការបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អឺដូហ្គាន់ បានគាំទ្រគំនិតផ្តួចផ្តើមដែលស្នើឡើងដោយលោក ពូទីន កាលពីខែតុលាកន្លងទៅ ក្នុងការបង្កើតមជ្ឈមណ្ឌលឧស្ម័នធម្មជាតិដ៏ធំមួយនៅក្នុងប្រទេសតួកគី។
ខណៈដែលរុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមបន្តកិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិ និងជី ពីកំពង់ផែសមុទ្រខ្មៅរយៈពេល ១២០ថ្ងៃទៀត លោក ពូទីន និងលោក អឺដូហ្កាន់ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងទូលំទូលាយ និងពេញលេញ។
បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីការអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរុស្ស៊ី និងតួកគីផងដែរ ហើយបានកោតសរសើរចំពោះការអនុវត្តប្រកបដោយស្ថិរភាពនៃគម្រោងរួមគ្នា រួមទាំងគម្រោងនៅក្នុងឧស្សាហកម្មថាមពលនុយក្លេអ៊ែរផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា