ហ្វាំងឡង់ត្រៀមបញ្ចេញថវិកា ១៣៩លានអឺរ៉ូ ដើម្បីសាងសង់របងសន្តិសុខ
ហែលស៊ិនគី៖ ឆ្មាំព្រំដែនហ្វាំងឡង់បានប្រកាសក្នុងថ្ងៃសុក្រទី១៨ ខែវិច្ឆិកានេះថា រដ្ឋាភិបាលហ្វាំងឡង់បានស្នើសុំថវិកាចំនួន ១៣៩លានអឺរ៉ូ ឬប្រមាណ៤៥២លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលដំបូង នៃការកសាងរបងនៅតាមព្រំដែនភាគខាងកើតនៃប្រទេសហ្វាំងឡង់។
ឆ្មាំព្រំដែនហ្វាំងឡង់បាននិយាយថា ផ្នែកទីមួយនៃរបងនឹងមានប្រវែងប្រហែល ៧០គីឡូម៉ែត្រ ហើយការសាងសង់នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៣ ដល់ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ទោ Jari Tolppanen ប្រធានផ្នែកបច្ចេកទេសនៃទីបញ្ជាការឆ្មាំព្រំដែនហ្វាំងឡង់ បាននិយាយថា ការសាងសង់របងក្នុងដំណាក់កាលសាកល្បង នឹងចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២៣ ហើយនឹងបញ្ចប់នៅរដូវក្តៅ។
លោក Tolppanen បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្តាហ៍នេះថា របងទាំងមូលនឹងមានប្រវែង ២០០គីឡូម៉ែត្រ ដែលភាគច្រើននឹងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់។ ការចំណាយសរុបនឹងមានទឹកប្រាក់រហូតដល់ ៣៨០លានអឺរ៉ូ។ លោកថា មូលហេតុនៃការសាងសង់របង គឺដោយសារតែការផ្លាស់ប្តូរបរិយាកាសសន្តិសុខ។
សូមរម្លឹកថា កាលពីខែតុលាកន្លងទៅ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា មានការឯកភាពគ្នាក្នុងចំណោមសមាជិកសភាក្នុងការសាងសង់របង ដើម្បីគ្របដណ្តប់ផ្នែកខ្លះនៃព្រំដែនជាមួយប្រទេសរុស្ស៊ីនៅក្នុងគម្រោងមួយដែលត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយប្រាក់សរុបចំនួន ៣៨០លានអឺរ៉ូ ឬប្រមាណ ៣៩៣លានដុល្លារ ហើយគ្រោងនេះនឹងបញ្ចប់នៅឆ្នាំ ២០២៦ ៕ ប្រភព៖ ស៊ីនហួរ និង AP ដោយ៖ ទីណា និងបុត្រា