លោកម៉ាក្រុង ថាបារាំងបដិសេធចំពោះការប្រឈមមុខដាក់គ្នានៅអាស៊ី
ថៃ៖ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រ ទី១៨ វិច្ឆិកា បានជំរុញឱ្យបញ្ចប់នូវការប្រឈមមុខដាក់គ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលលោកបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់លោក សម្រាប់ការចូលរួមរបស់ប្រទេសបារាំងជាមួយតំបន់មួយនេះ។
លោក ម៉ាក្រុង កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកកប្រទេសថៃ។ លោក កំពុងព្យាយាមចាប់ផ្តើមឡើងវិញនូវយុទ្ធសាស្រ្តរបស់ប្រទេសបារាំងសម្រាប់តំបន់នេះ ដើម្បីប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន។
លោកប្រមុខរដ្ឋបារាំង បានប្រាប់មេដឹកនាំធុរកិច្ចនៅក្រៅកិច្ចប្រជុំកំពូល APEC ថា បារាំងចង់ដើរតួនាទីរក្សាស្ថិរភាពក្នុងតំបន់ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា។
«យើងមិនជឿលើអនុត្តរភាព យើងមិនជឿលើការប្រឈមមុខដាក់គ្នា យើងជឿជាក់លើស្ថិរភាព»។ លោក ម៉ាក្រុង បានបន្ថែមដូច្នោះ។
ទន្ទឹមនេះ លោក ម៉ាក្រុង បានលើកឡើងដែរថា មហាអំណាចក្នុងតំបន់រួមទាំងប្រទេសបារាំង ដែលមានដែនដីនាយសមុទ្រក្នុងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក រួមទាំង រីអ៊ុយនៀន (Reunion) នូវែលកាឡេដូនី (New Caledonia) និង ប៉ូលីនេស៊ីបារាំង (French Polynesia) គួរតែដើរតួនាទីមួយ។
«យើងនៅក្នុងព្រៃ ហើយយើងមានដំរីធំពីរក្បាល ខំប្រឹងប្រែងធ្វើឲ្យយើងភ័យខ្លាច»។ «ប្រសិនបើពួកគេឆាប់ខឹងក្រេវក្រោធ ហើយចាប់ផ្តើមសង្រ្គាម វានឹងក្លាយជាបញ្ហាដ៏ធំមួយសម្រាប់ព្រៃដែលនៅសល់។ អ្នកត្រូវការកិច្ចសហប្រតិបត្តិការពីសត្វជាច្រើនផ្សេងទៀតមានដូចជា ខ្លា ស្វា ជាដើម»។ លោក ម៉ាក្រុង បាននិយាយបែបនេះនៅក្នុងសុន្ទរកថាដែលលោកបានថ្លែងជាភាសាអង់គ្លេស។
សម្រាប់មេដឹកនាំបារាំងរូបនេះ សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងវិបត្តិត្រួតៗលើគ្នា ចាប់តាំងពីការប្រែប្រួលអាកាសធាតុ រហូតដល់ភាពចលាចលសេដ្ឋកិច្ច ហើយការឆ្លើយតបដោយត្រឹមត្រូវចំពោះវិបត្តិទាំងនេះ គឺជារឿងចាំបាច់ដែលត្រូវធ្វើ។
លោកម៉ាក្រុង បន្ថែមថា៖ «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង គឺជាវិធីសាស្ត្រផ្តល់តុល្យភាពប្រកបដោយថាមវន្តនៅក្នុងបរិយាកាសបែបនេះ»។
ទាក់ទងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកម៉ាក្រុងថាជាប្រភពដ៏សំខាន់នៃអស្ថិរភាពពិភពលោក លោកប្រមុខរដ្ឋបារាំង បានលើកឡើងថា ប្រទេសទាំងអស់នៅអាស៊ី និងកន្លែងផ្សេងទៀត ចាំបាច់ត្រូវទទួលស្គាល់កាតព្វកិច្ចរបស់ពួកគេក្នុងការធ្វើសកម្មភាពឆ្លើយតប។
លោក ម៉ាក្រុង បានរំលេចដែរថា៖ «ប្រទេសបារាំងកំពុងធ្វើការដើម្បីកសាងការឯកភាពគ្នាឲ្យបានកាន់តែខ្លាំងឡើង ដើម្បីនិយាយថាសង្រ្គាមនេះក៏ជាបញ្ហារបស់អ្នកដែរ ព្រោះវានឹងបង្កើតអស្ថិរភាពជាច្រើន»៕
ដោយ៖ លី លីយ៉ា