ប៉ូលិសនិងបាតុករថៃប៉ះទង្គិចគ្នា ចំពេលក្រុងបាងកកធ្វើជាម្ចាស់ផ្ទះជំនួបកំពូល អេប៉ិច
ថៃ៖នៅថ្ងៃសុក្រ ទី១៨ វិច្ឆិកា ប៉ូលិសថៃបានបាញ់គ្រាប់កាំភ្លើងកៅស៊ូ ក្នុងពេលប៉ះទង្គិចគ្នាជាមួយបាតុកររាប់សិបនាក់ ដែលព្យាយាមដើរក្បួនទៅកាន់កន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុងបាងកក។
មនុស្សប្រមាណ ៥០នាក់ ដែលចេញធ្វើបាតុកម្មដើម្បីប្រឆាំងនឹងព្រឹត្តិការណ៍នេះ និងប្រឆាំងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានគប់ដុំថ្ម ដប និងកែវដែលបែកបាក់ ក្នុងអំឡុងពេលកន្លះម៉ោងនៃការប៉ះទង្គិចជាមួយប៉ូលិសរាប់រយនាក់។
ហេតុការណ៍នេះ បានកើតឡើងនៅជិតវិមានប្រជាធិបតេយ្យនៃរាជធានីថៃ ចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីសាលសន្និសីទដែលលោក ប្រាយុទ្ធ កំពុងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី ខាម៉ាឡា ហារីស (Kamala Harris) និងមេដឹកនាំផ្សេងទៀតក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬអេប៉ិច (APEC)។
ការប៉ះទង្គិចគ្នា ចាប់ផ្តើមនៅពេលដែលក្រុមបាតុករបានអាំងម្ទេសនៅលើឡានមួយគឿងរបស់ប៉ូលិស ហើយផ្សែងក៏ហុយត្រឡោមឡើង។
ប៉ូលិសថៃ បានឲ្យដឹងថាមានមនុស្ស ២៥ នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទបង្ករបួសស្នាម បំផ្លិចបំផ្លាញ ដុត និងរារាំងមន្ត្រីប៉ូលិស។
យោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Erawan មនុស្សចំនួន ១០ នាក់បានរងរបួសស្រាលនៅក្នុងការប៉ះទង្គិចគ្នានារសៀលថ្ងៃសុក្រម្សិលមិញ។
«យើងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ហេតុដូច្នេះហើយបានជាការប្រើកម្លាំងគឺចាំបាច់ត្រូវធ្វើ»។ នេះបើតាមសម្តីឧត្តមសេនីយ៍ប៉ូលិសភូមិន្ទថៃ អាឆេយុន ក្រៃថុង (Archayon Kraithong) ប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងបាងកក។
គួរជ្រាបថា ប៉ូលិសប្រមាណ ២៨ ០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារកិច្ចប្រជុំកំពូល APEC ដែលមានវត្តមានចូលរួមផងដែរពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងមេដឹកនាំមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង កាណាដា និងអូស្ត្រាលី។
អតីតមេដឹកនាំរដ្ឋប្រហារលោក ប្រាយុទ្ធ គ្មានប្រជាប្រិយភាពខ្លាំងឡើយនៅក្នុងប្រទេសថៃ។ នៅឆ្នាំ ២០២០ ការប្រមូលផ្តុំគ្នាតាមដងផ្លូវដែលដឹកនាំដោយយុវជនគាំទ្រលទ្ធិប្រជាធិបតេយ្យ បានទាក់ទាញមនុស្សយ៉ាងច្រើនរហូតដល់រាប់ម៉ឺននាក់ឱ្យរួមកម្លាំងគ្នាអំពាវនាវឱ្យលោក ប្រាយុទ្ធ លាលែងពីតំណែង ប្រមុខរដ្ឋាភិបាលថៃ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ នឹងត្រូវប្រឈមមុខនឹងអ្នកបោះឆ្នោតថៃនៅក្នុងការបោះឆ្នោតនាប៉ុន្មានខែខាងមុខនេះ៕
ដោយ៖ លី លីយ៉ា