ជប៉ុន ថាកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបដែលមានសមត្ថភាពវាយប្រហារដល់ទឹកដីអាមេរិក
ជប៉ុន៖រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក យ៉ាស៊ុកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) អះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ដែលមានរយៈចម្ងាយគ្រប់គ្រាន់ ក្នុងការបាញ់ផ្លោងទៅដល់ក្នុងទឹកដីរបស់សហរដ្ឋអាមេរិក។
មីស៊ីលបាលីស្ទិកអន្តរទ្វីប(ICBM)របស់ទីក្រុងព្រុងយ៉ាងនេះ បានធ្លាក់ក្នុងដែនទឹកសមុទ្រដែលមានចម្ងាយប្រមាណ ២១០គីឡូម៉ែត្រ (១៣០ ម៉ាយ) ពីភាគខាងលិចកោះហុកកៃដូ។
ជាការឆ្លើយតបសហរដ្ឋអាមេរិកបានថ្កោលទោសទៅនឹងការបាញ់មីស៊ីលនេះ ខណៈដែលកូរ៉េខាងត្បូង បានប្រកាសបញ្ជាឲ្យមានវិធានការធ្ងន់ៗ ក្នុងការទប់ស្កាត់ជាបន្ទាន់ចំពោះទង្វើរបស់កូរ៉េខាងជើងនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Choe Son Hui ប្រមុខការទូតកូរ៉េខាងជើងបានចេញព្រមានពីលទ្ធភាពនៃការឆ្លើយតបយ៉ាងខ្លាំងពីសំណាក់ក្រុងព្រុងយ៉ាងតបទៅនឹងការបង្កើនវត្តមានយោធានានារបស់សហរដ្ឋអាមេរិក។ ហើយព្យុងយ៉ាង ក៏បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីផងដែរនៅថ្ងៃដដែលនោះ។
ការបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាង កើតឡើងក្រោយជំនួបកាលពីថ្ងៃអាទិត្យរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដានៅកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំប្រទេសទាំងបីនេះព្រមព្រៀងគ្នារឹតចំណងកិច្ចសហប្រតិបត្តិការផ្នែកយោធា។
នៅថ្ងៃសុក្រ ទី១៨ វិច្ឆិកា លោកស្រី អេឌ្រៀន វ៉តសុន (Adrienne Watson) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា លោក បៃដិន ធ្លាប់បានផ្តល់ព័ត៌មានបញ្ជាក់ជាខ្លីថាសហរដ្ឋអាមេរិកនឹងមានកិច្ចពិភាក្សាជុំវិញបញ្ហានេះជាមួយនឹងសម្ព័ន្ធមិត្តខ្លួន។
កូរ៉េខាងជើងបានបាញ់មីស៊ីលប្រមាណជាង ៥០គ្រាប់ក្នុងរយៈពេល ២ខែចុងក្រោយ ដែលភាគច្រើនប្រភេទមីស៊ីលរយៈចម្ងាយខ្លី។ ការបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ ជារឿងកម្រណាស់ ហើយជាវាជាគំរាមកំហែងដោយផ្ទាល់ចំពោះសហរដ្ឋអាមេរិក ដោយសារមីស៊ីលនេះត្រូវបានរចនាឡើងក្នុងគោលដៅពាំក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់គ្រប់គោលដៅនៃទឹកដីអាមេរិក។
ប្រមុខយោធារបស់ក្រុងសេអ៊ូលបានលើកឡើងថា មីស៊ីលអន្តរទ្វីប ICBM ដែលបានបាញ់ចុងក្រោយ ទំនងជាបាញ់ចេញនៅម៉ោង ១០ និង១៥ នាទី (ម៉ោងក្រុងស្រុក) ក្បែររដ្ឋធានីព្យុងយ៉ាង កូរ៉េខាងជើង។
ប្រភពពីយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលនេះបានហោះដល់រយៈកម្ពស់ប្រមាណ ៦ ១០០ គីឡូម៉ែត្រ នៅលើគន្លងអាកាសដ៏ខ្ពស់មួយ ហើយបានធ្វើដំណើរនៅលើអាកាសនោះបានរយៈចម្ងាយប្រមាណ ១ ០០០ គីឡូម៉ែត្រ (៦២១ម៉ាយ)។
នៅក្នុ្ងងគន្លងអាកាសដ៏ខ្ពស់បែបនេះ មានន័យថា មីស៊ីលអាចហោះខ្ពស់ទៅកាន់ទីអវកាសបាន ប៉ុន្តែបើវាបាញ់នៅកន្លងធម្មតាវិញ វាអាចហោះបានរយៈចម្ងាយខ្លីជាងនេះ។
ប៉ុន្តែ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្ស៊ូ ហាម៉ាដា បានអះអាងថា មីស៊ីល ICBM របស់កូរ៉េខាងជើងនេះ មានរយៈចម្ងាយគ្រប់គ្រាន់ សមល្មមក្នុងការបាញ់ដល់ទឹកដីអាមេរិក។
លោកបន្តថា៖ «ផ្អែកតាមការគណនាដែលបានគុណគូរកន្លងមក មីស៊ីលបាលីស្ទិកដែលត្រូវបានបាញ់ផ្លោងលើកនេះ អាចមានសមត្ថភាពបាញ់បានចម្ងាយប្រមាណ ១៥ ០០០គីឡូម៉ែត្រ អាស្រ័យលើទម្ងន់ក្បាលគ្រាប់របស់វា ហើយបើសិនជាដូច្នេះមែន វាមានន័យថា ដែនដីរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងជួរនៃគន្លងរយៈចម្ងាយនេះ»។
ជាមួយគ្នានេះ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសថៃឯជំនួប APECថា ៖ «យើងបានប្រាប់(ទីក្រុងព្យុងយ៉ាង) ថា យើងពិតជាមិនអាចអត់ឱនបានឡើយ ចំពោះសកម្មភាពបែបនេះ»។
ទង្វើរបស់កូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គឺតែងតែបាញ់មីស៊ីលដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកនៅក្បែរឧបទ្វីបកូរ៉េ។
កាលពីខែតុលា កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុន។ នេះជាលើកដំបូងបង្អស់ដែលក្រុងព្រុងយ៉ាងបានធ្វើដូច្នេះក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
នាពេលបច្ចុប្បន្ន កូរ៉េខាងជើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រភេទថ្មីរបស់ខ្លួនដែលមានឈ្មោះថា Hwasong-17។ វាមានទំហំធំជាងប្រភេទ ICBMs ដែលធ្លាប់បានសាកល្បងដោយជោគជ័យនាពេលកន្លងមករួចទៅហើយ ខណៈអ្នកជំនាញជឿជាក់ថា វាអាចមានសមត្ថភាពផ្ទុកក្បាលគ្រាប់បានច្រើនផង ដែលនាំឲ្យពិបាកក្នុងការការពារពីឥទ្ធិពលរបស់មីស៊ីលនេះ។
បើតាមប្រភពពីយោធាកូរ៉េខាងត្បូង មានការប៉ុនប៉ងក្នុងការបាញ់បង្ហោះមីស៊ីលប្រភេទថ្មី Hwasong-17 ជាច្រើនដងរួចទៅហើយពីសំណាក់កូរ៉េខាងេជើង ប៉ុន្តែវាបានទទួលបរាជ័យ។ កាលពីដើមខែវិច្ឆិកានេះ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ី់ល ICBM ប៉ុន្តែវាបានបរាជ័យនៅដំណាក់កាលពាក់កណ្តាលនៃការបង្ហោះ ។
លោក Yang Uk អ្នកជំនាញផ្នែកកិច្ចការយោធានៃវិទ្យាស្ថាន Asan បានថ្លែងថា៖ «បើទោះបីជាកូរ៉េខាងជើងបាញ់ដោយជោគជ័យនៃមីស៊ីល Hwasong-17 ក៏ដោយ ប៉ុន្តែការគំរាមកំហែងនឹងមិនអាចកើតឡើងគូរឲ្យកត់សម្គាល់នោះទេ»។ លោក Yang Uk បាននិយាយថា៖ «កូរ៉េខាងជើងត្រូវការបង្ហាញថា ខ្លួនខ្លាំងស្ទាត់ជំនាញលើបច្ចេកវិទ្យា ដើម្បីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទតូចៗបានពេញលេញជាមួយ ICBM ។
គួររំឭកថា ទីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងនុយក្លេអ៊ែរចំនូន ៦ដង នៅចន្លោះពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៧ ហើយទីក្រុងព្រុងយ៉ាងបានត្រៀមខ្លួនរួចរាល់សម្រាប់ការសាកល្បងគ្រាប់ទី៧។ អ្នកជំនាញជឿជាក់ថា ការបាញ់បង្ហោះមីស៊ីលលើកនេះ គឺជាឱកាសដើម្បីសាកល្បងបំណែកនៃឧបករណ៍នុយក្លេអ៊ែររបស់ទីក្រុងព្រុងយ៉ាង។ កូរ៉េខាងជើង ក៏កំពុងប្រឹងប្រែងធ្វើឲ្យប្រសើរឡើងនូវមីស៊ីលរយៈចម្ងាយខ្លី និងសមត្ថភាពយោធាទូទៅរបស់ខ្លួនផងដែរ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា